អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា

បន្ទាយមានជ័យ: គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨​មករា​នេះ បាន​បើក​អង្គ​មិ​ទ្ទិញ​រំលឹក​អនុស្សាវរីយ៍​ខួប​លើក​ទី ៣៧ ថ្ងៃជ័យ​ជម្នះ ៧ មករា ( ៧ មករា ឆ្នាំ​១៩៧៩-៧ មករា ឆ្នាំ​២០១៦ ) ដែលជា​ថ្ងៃ​បាន​រំដោះ​ជីវិត​ប្រជាជន និង​ប្រទេស​កម្ពុជា ឲ្យ​ចាក់​ផុតពី​ក្រញាំ​មច្ចុរាជ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី ៣៧​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារិក ក្រោម​អធិបតីភាព លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ សមាជិក សមាជិកា គណបក្ស ព្រមទាំង​មហាជន​យ៉ាងច្រើន​រាប់ពាន់នាក់​។

​មុន​ចាប់ផ្តើម​ពិធី​គណៈអធិបតី និង​អ្នកចូលរួម​ទាំងអស់ បាននាំគ្នា​បិទ​ភ្នែក​សង្រួមកាយ​ចិត្ត​ស្មិងស្មាធិ៍​មួយរយៈ​ពេល​ខ្លី ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ស្លាប់​ក្នុង​របប ប៉ុល ពត និង រលឹក​នឹក​ដល់​គុណូបការរ​បស់​វីរ​យុទ្ធជន វីរនារី​អ្នក​សេ្ន​ហា​ជាតិខ្មែរ​ទាំងអស់ ដែល​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​សមរភូមិ​ដ៏​លំបាក​វេទនា នាំមក​នូវ​សុខសន្តិភាព​ជូន​ប្រជាជន និង សង្គមជាតិ ទាំងមូល​។

​បើតាម​លោក អ៊ុង អឿន ក្នុង​សារបាន​លើកឡើងថា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​មួយរូប​ក្នុងចំណោម​ប្រមុខ​ដឹកនាំ​ជាច្រើនរូប​ទៀត ដែល​បាន​ដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ បាន​គូស បញ្ជាក់​នៅក្នុង​សុន្ទរកថា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នាពេលនោះ​ថា ក្រោយ​រដ្ឋប្រហារ​ថ្ងៃ ១៨ មីនា ឆ្នាំ​១៩៧០ ដឹកនាំ​ដោយ​លោក លន់ នល់ ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម ដែល​បាន បង្ក​មហា​វិនាសកម្ម ពុំ​អាច​នឹង​ពណ៌នា​បានឡើយ​។

​សម្តេច​តេ​ជោ បាន​រំលឹក​ទៀតថា ក្រោយ​ថ្ងៃជ័យ​ជម្នះ​លើ​ពួក លន់ នល់ នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា ដែល​សង្ឃឹម បានរស់នៅ​ក្នុង​សន្តិភាព​វិញ​នោះ ត្រូវ​រលាយ​បង់​តែមួយ​ប៉ព្រិចភ្នែក ក្រោម​អំពើ​ផ្តាច់ការ នៃ​បន​ក្បត់ ប៉ុល ពត ដែល​បាន​អនុវត្ត​នយោបាយ​ប្រល័យពូជសាសន៍ ដ៏​សាហាវយង់ឃ្នង​បំផុត ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

​ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃនេះ ពួក​បន​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បំផ្លាញ​សង្គមជាតិ​ទាំងមូល ដែល​ទទួលរង​ការវិនាស​ដោយសារ​សង្គ្រាម ៥​ឆ្នាំ​រួចមកហើយ នោះ ឲ្យ​រលាយ​ខ្ទេចខ្ទី​ទាំងស្រុង​ដល់ ឬ​សគល់​។ ប្រជាជន​កម្ពុជា ត្រូវ​ពួក​ឃាតករ​បំបិទ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​ទាំងស្រុង ក្លាយជា ទាសករ បាត់បង់​អស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ហើយ​រង់ចាំតែ​ពេល​ពួក ប៉ុល ពត សម្លាប់​តែប៉ុណ្ណោះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា របប ប៉ុល ពត បានប្រែក្លាយ​កម្ពុជា ទៅជា​វាលពិឃាត​គួរ​ឲ្យ​រន្ធត់​បំផុត ប្រជាជាតិ​ទាំងមូល​ត្រូវ ជ្រមុជ​យ៉ាងជ្រៅ​ទៅក្នុង​សមុទ្រ​ឈាម និង​ទឹកភ្នែក ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ប្រជាជន ដែល​ពុំទាន់​ត្រូវបាន សម្លាប់ មានតែ​ការលើកដៃ​បួងសួង​បន់ស្រន់ សូម​ឲ្យ​ទេវតា និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​មកជួយ​សង្គ្រោះ​ឲ្យ​រួច​ផុតពី​ឋាននរក​អ​វចី​។​

​តំណាង​អង្គ​មី​ទ្ទី​ញ​បញ្ជាក់​យ៉ាង​ឱ​ឡា​រឹ​កថា :"​យើងខ្ញុំ គោរព​ដឹងគុណ ចងចាំ​និង​តបស្នង​ស្មារតី​ថ្ងៃជ័យ​ជំនះ ៧​មករា​។​មាន​ថ្ងៃ​២​ធ្នូ​នាំអោយមាន​ថ្ងៃ​៧​មករា ហើយ​នាំអោយ​យើង​រស់​ឡើងវិញ នាំអោយ​ធំធាត់​រីកចម្រើន រុងរឿង​ដូច​សព្វថ្ងៃ​និង​ខំ​ជម្រុញ​អោយ​រឹងរឹតតែ​ប្រសើរឡើងទៀត​"​។ ឱកាស​នោះ ក៏មាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដល់​និវត្តន៍​ជន និង​ពលរដ្ឋ​ក្រីក្រ​ផងដែរ​៕

អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា

អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា

អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា

អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា

អាជ្ញាធរខេត្ត​បន្ទាយ​មាន​ជ័​យ នៅតែ​ដឹងគុណ និង​ប្តេជ្ញា​តបស្នង​គុណ​ថ្ងៃ ៧​មករា