ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តស្វាយរៀង ​៖​ មាន​ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ជាង​១០​នាក់​ បាន​មក​ដាក់​ពាក្យបណ្តឹង​​នៅ​សាខា​ពន្ធដា​ខេត្តស្វាយរៀង​ ដោយ​ចោទ​ប្រកាន់​លោក​ព្រំ ​វិសាល​ អាយុ​៥៤​ឆ្នាំ​ ជា​មន្ត្រី​ពន្ធដារ​​សាខា​ស្រុក​រមាស​ហែក​ យក​ប្រាក់​ថ្លៃបង់​សេវា​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​២០១៥​ហើយ​​មិន​ព្រម​ឱ្យ​​ប័​ណ្ណ​បង់ពន្ធ​រថយន្ត​មក​ម្ចាស់​ ​ដើម្បី​បិត​កញ្ចក់​រថយន្ត​ទេ ។ ចោទថា​ស៊ីដាច់​ប្រាក់​ហើយ​គេច​មិន​ទទួលខុសត្រូវ​ទៀត ។ ​

អ្វី​ដែល​​ម្ចាស់​រថយន្ត​ក្តៅក្រហាយ​នោះ​ពេល​ ​ធ្វើ​ចរាចរណ៍​រថយន្ត​តាម​ដងផ្លូវ​ត្រូ​វសមត្ថកិច្ច​ចាប់​ផាកពិន័យ​ ហើយ​ប្រសិនបើ​ទៅ​បង់​ពន្ធ​ផ្លូវ​សារ​ថ្មី​ ត្រូវ​មន្ត្រី​ពន្ធដា​ផាកពិន័យ​១០០% ​ដោយ​ចោទ​ថា​ មក​បង់ពន្ធ​យឺត​ច្បាប់​​កំណត់​ ។

ករណី​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦​ មក​រា ​២០១៦ ​នៅ​សាខា​ពន្ធដា​ខេត្តស្វាយរៀង​ ស្ថិត​នៅ​ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​ ។​ ទាក់ទិន​ករណី​ចោទប្រកាន់​មន្ត្រី​ពន្ធដារ​នេះ ​លោក​អ៊ី​ ជា​ អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ឈើទាល ​ឃុំ​ដូង ​ស្រុក​រមាស​ហែក ​បាន​ឱ្យ​​ដឹង​ថា​ គាត់​ជា​ម្ចាស់​រថយន្ត​ម៉ាក​ KiaFronTier ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ ៣A១២៨៦ បាន​ប្តឹង​ឈ្មោះ​ព្រំ​វិសាល ​ជា​មន្ត្រី​ពន្ធដារ​សាខា​ស្រុក​រមាស​ហែក ​ដែល​មាន​ទីលំនៅ​ភូមិ​ម្រះព្រៅ​ ឃុំ​ត្រពាំង​ស្តៅ​ ស្រុក​រមាស​ហែក ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ។

មូលហេតុ​​បាន​បោក​យក​ប្រាក់​អស់​ចំនួន​២៧០.០០០​រៀល ​ជា​ប្រាក់​បង់ពន្ធ​ផ្លូវ ​ដែល​ឈ្មោះ​ព្រំ​ វិសាល​ បាន​មក​យក​នៅ​ក្នុង​ខែ​​១១​ឆ្នាំ​២០១៥​ កន្លង​ទៅ ​ដោយ​សន្យា​ថា​ យក​ប​ណ្ណ័​បង់ពន្ធ​រថយន្ត​មក​ឲ្យ​នៅ​ពេល​ក្រោយ ។ ​រហូត​ដល់​ថ្ងៃ​ទី​៣០ ​ធ្នូ ​២០១៥​ មិនឃើញ​យក​ប័​ណ្ណបង់ពន្ធ​រថយន្ត​មក​បិទរថយន្ត ទើប​ពួក​គាត់​នាំ​គ្នា​មក​ប្តឹង​ ។

ជន​រង​គ្រោះ​ទី​២​ ឈ្មោះ​ព្រំ​ ថា​ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទួល​ ឃុំ​ដូង ​មាន​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ ពាក់​ស្លាក​លេខ​កំពង់ចាម ​3A-3123 ​បង់ប្រាក់​អស់​១១០.០០០​រៀល​ ។​

៣-​ឈ្មោះ​ព្រំ ​សា​រិ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ទួល ​ឃុំ​ដូង​ មាន​រថយន្ត​ម៉ាក​ម៉ៃ​ស៊ី​ធូ ពាក់​ស្លាក​លេខ​3E-2752​ បាន​បង់​ប្រាក់​អស់​២​សែន​រៀល​ ។

​៤​-ឈ្មោះ​គង់ ​ទូច ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​ត្រាវ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក ​មាន​រថយន្ត​៤​គ្រឿង​១,​ រថ​យន្ត​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-2879, ​។ ​២ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-1197​ ​។ ​៣-​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-0770​ ។ ​៤-​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ​CAMARY​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Y-3480 ​បាន​បង់ពន្ធ​ឱ្យ​ឈ្មោះ​ព្រំ ​វិសាល​ នៅ​ក្នុង​ខែតុលា​២០១៥​ ចំនួន​ប្រាក់​សរុប​២.២៥០,០០០​រៀល ​។​

​ម្ចាស់​​រថយន្ត​៨​នាក់​ផ្សេង​ទៀត ​ក៏​ត្រូវ​ឈ្មោះ​ព្រំ​ វិសាល​ យក​ប្រាក់​បង់ពន្ធ​រថយន្ត​ស៊ីដាច់​មិន​យក​ប័​ណ្ណបង់ពន្ធ​រថយន្ត​ឱ្យ​ម្ចាស់​រថយន្ត​ដែរ ។

​ទាក់ទិន​ករណី​ចោទប្រកាន់​នេះ​ដែរ​ លោក​ឥន​ ទឹម ​ប្រធាន​សាខា​ពន្ធដារ​​ខេត្ត​បាន​ទទួលស្គាល់​ថា​ ឈ្មោះ​ព្រំ​ វិសាល​ ពិតជា​មិន​បាន​យក​ប្រាក់​​មក​បង់ពន្ធ​ ដើម្បី​យក​ប័​ណ្ណ​បង់ពន្ធ​រថយន្ត​ដូច​ការ​ដាក់​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​មែន ។ ​ដូច្នេះ​លោក​ និង​កោះហៅ​ឈ្មោះ​ព្រំ​ វិសាល​ មក​សាកសួរ​ និង​ដោះស្រាយ​ ។

រីឯ​​ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ទាំងអស់​សំណូមពរ​ឱ្យ​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ដោះស្រាយ​​ឱ្យ​​បាន​លឿន ​ជា​ពិសេស​ត្រូវ​ផ្តល់​
ប័​ណ្ណប​ង់ពន្ធ​រថយន្ត​ឱ្យ​​ពួក​គាត់ ​ដើម្បី​​ការពារ​កុំ​ឱ្យ​​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​ចាប់​ផាកពិន័យ​រថយន្ត​របស់​ពួក​គាត់ ​និង​សូមកុំ​ផាក​ពិន័យ​ចោទ​ថា ​ពួក​គាត់​បង់ពន្ធ​យឺតយ៉ាវ ​ពីព្រោះ​ពួក​គាត់​បាន​បង់ប្រាក់​រួច​អស់ហើយ​ ​​ប៉ុន្តែ​មន្ត្រី​ពន្ធដារ​​បាន​ស៊ីដាច់​ ដូច្នេះ​លោក​ប្រធាន​​សាខា​ពន្ធដារ​ ត្រូវ​តែ​ទទួលខុសត្រូវ​លើ​មន្ត្រី​របស់​ខ្លួន​ ។ មិនអាចទាក់ទងសុំ​ការ​បំ​ភ្លឺ​ពី​លោក​ព្រំ​ វិសាល​ បានទេ ព្រោះ​ទូរ​ស័ព្ទលែង​ចូល​តែម្តង ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព