៦ ចំណុច ដើម្បី​ម្តាយ​មាន​សុខភាព និង​សម្រាលកូន​ដោយ​សុវត្ថិភាព​

៦ ចំណុច ដើម្បី​ម្តាយ​មាន​សុខភាព និង​សម្រាលកូន​ដោយ​សុវត្ថិភាព​

​មនុស្ស​ស្រី​គ្រប់រូប តែងតែ​ប្រាថ្នា​ថា នឹង​សម្រាលកូន​ខ្លួនឯង នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ពួក​គេ​ចង់​បង្កើត​គ្រួសារ​ផ្ទាល់ខ្លួន​ដ៏​ធំ​មួយ ដែល​មាន​កូនប្រុស​ស្រី យ៉ាងតិច ២ នាក់ ហើយ​ពួកគេ​ក៏​ឧស្សាហ៍​រក​នឹក​ឈ្មោះ ដាក់​ឲ្យ​កូន​ផង​ដែរ មុនពេល​មាន​ផ្ទៃពោះ​។ នៅពេលដែល​ពួកគេ​មាន​ផ្ទៃពោះ​ពិតមែន គេ​នឹង​កាន់តែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​មែនទែន ទៅលើ​សុខភាព​របស់​កូន និង​ខ្លួនឯង​ផ្ទាល់ តាមរយៈ​ការ​ទៅពិនិត្យ និង​តាមដាន​ពោះ​ជារឿយៗ​។​
​ថ្ងៃនេះ គេហទំព័រ​យើង សូម​ណែនាំ​នូវ​គន្លឹះ​មាស​មួយ​ចំនួន ដែល​អាច​ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ និង​កូន​មាន​សុខភាព​ល្អ ហើយ​សម្រាលកូន​ដោយ​សុវត្ថិភាព ៖

១. ធ្វើខ្លួន​ឲ្យ​សកម្ម ជាមួយនឹង​លំ​ហាត់ប្រាណ​តិចៗ​
​អ្នក​ប្រហែលជា​មិន​ធ្លាប់​ហ៊ាន​ហាត់ប្រាណ​នោះទេ ដោយ​គិត​ថា វា​អាច​ប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃពោះ ប៉ុន្តែ ការ​ហាត់ប្រាណ អាច​ជួយ​ឲ្យ​អ្នក និង​កូន​មាន​សុខភាព​ល្អ​ទៅ​វិញ​នោះ​ទេ​។ ការ​ហាត់ប្រាណ អាច​ជួយ​ថែរក្សា​អ្នក ឲ្យមាន​ទម្ងន់ និង​រាងកាយ​សមរម្យ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ការ​ហាត់ប្រាណ ជួយ​ឲ្យ​អ្នក​សម្រាលកូន​ស្រួល និង​មិន​សូវ​មាន​ការឈឺចាប់​។  លំ​ហាត់ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ ការ​ហែល​ទឹក និង​យូហ្កា​។​

២. ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ​
​វា​ជា​ចំណុច​ចម្បង ក្នុង​ការថែរក្សា​សុខភាព​រាងកាយ​របស់​អ្នក និង​កូន ប៉ុន្តែ មិនមែន​មានន័យថា អ្នក​ត្រូវ​ញ៉ាំ​ច្រើនជាង​មុន​ពីរ​បី​ដង ឬ​ញឹកញាប់ ដើម្បី​កាន់តែ​មាន​សុខភាព​ល្អ​នោះ​ទេ​។ ម្យ៉ាងវិញទៀត អ្វី​ដែល​អ្នក​គួរ​ចៀសវាង គឺ​អាហារសម្រន់ និង​អាហា​រញ៉ាំ​លេង ដូចជា ដំឡុង​បារាំង ហ​ត​ដក ភីហ្សា​។​ល​។ ពាក្យ​ដែល​អ្នក​គួរ​ចងចាំ​គឺ អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​។

៣. ញ៉ាំ​អាហារ​បំប៉ន និង​វីតាមីន​បន្ថែម​
​មិន​ខ្វល់​ថា​អ្នក ញ៉ាំ​បាន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ប៉ុណ្ណា​នោះទេ គ្រូពេទ្យ​ជំនាញ​តែងតែ​ណែនាំ​ឲ្យ​អ្នក ចាប់ផ្តើម​ញ៉ាំ​វីតាមីន និង​អាហារ​បំប៉ន​បន្ថែម នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ឬ​មុន​ហ្នឹង​ទៅ​ទៀត​។ ពួក​វា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​សារធាតុ​រំ​ញោច ដែល​ល្អ​បំផុត​សម្រាប់​អ្នក និង​កូន​ក្នុង​ផ្ទៃ​។​

៤. ចាប់អារម្មណ៍​នឹង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ឲ្យ​មែនទែន​
​មិន​ខ្វល់​ថា​តិចតួច ឬ​មិន​សូវ​ឈឺ​នោះ​ទេ ឲ្យតែ​មាន​ការប្រែប្រួល ឬ​ខុសពី​ធម្មតា ដាច់ខាត អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ហើយ​មាន​តែ​គ្រូពេទ្យ​ទេ ទើប​អាច​បញ្ជាក់បាន​ថា អ្នក និង​កូន​មិន​អី​។ ការ​ចាញ់កូន អ្នក​អាច​គិតថា វា​ជា​រឿង​ធម្មតា និង​មិន​ចាំបាច់​ត្រូវការ​រក​ជំនួយ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា វា​អាច​ធ្វើ​ឲ្យ​កូន​ខ្សោយ​? ពេលខ្លះ ការ​ចាញ់កូន ទាមទារ​ការប្រើ​ថ្នាំ​បំបាត់​ចាញ់​។​

៥. កុំ​ធ្វើការ​ហួស​កម្លាំង​
​ការងារ​ធ្ងន់ៗ ឬ​រយៈពេល​យូរ មិន​សមស្រប​ទាល់តែសោះ សម្រាប់​អ្នក និង​កូន ដូច្នេះ ចូរ​ចៀសវាង​ការងារ​ទាំងនេះ អំឡុង​ពេល​អ្នក​មាន​ផ្ទៃពោះ​។ ការងារ​ដែល​អ្នក​គួរ​ឈប់​ធ្វើ ៖ ការងារ​ដដែលៗ ការងារ​ដែល​ត្រូវ​ឱន​ចុះឡើង ការងារ​ដែល​ត្រូវ​ឡើង​ចុះ​ជណ្តើរ ការងារ​ក្នុង​កន្លែង​មាន​សារធាតុ​គីមី ឬ​ផ្សែង​ពុល​។​ល​។​

៦. រៀនសូត្រ និង​អាន​បន្ថែម​
​អត្ថបទ​របស់​យើង​តែមួយ មិន​អាច​ជួយ​អ្នក ឲ្យមាន​សុខភាព​ល្អ​ទាំង​ស្រុង​នោះទេ ដូច្នេះ ការសិក្សា និង​ការអាន​អត្ថបទ​បន្ថែមទៀត នៅក្នុង​គេហទំព័រ​របស់​យើង ពិត​ជា​អ្វី​ដែល​អ្នក​មិន​គួរ​មើលរំលង​នោះទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។