UN ប្រហែល​សំបូរ​ទាហាន​ល្មោភ​ផ្លូវភេទ​ច្រើន​នៅ​អាហ្វ្រិក​កណ្តាល​

​ថ្ងៃ​៥​មករា​ដើមឆ្នាំ​២០១៦​នេះ អង្គការសហប្រជាជាតិ​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ចោទប្រកាន់​ផ្លូវភេទ​ថ្មី ទៅលើ​ទាហាន​មួក​ខៀវ​របស់ខ្លួន នៅ​អាហ្វ្រិក​កណ្តាល ជា​ទាហាន​ជនជាតិ​ម៉ា​រ៉ុ​ក ហ្កា​បុ​ង និង​អេ​ហ្ស៊ី​ប​។ រឿងអាស្រូវ​ផ្លូវភេទ​នេះ ធ្លាយ​ចេញ​ប៉ុន្មាន​ឆ្នាំ​មកហើយ តែ​ហាក់​មិនអាច​បញ្ចប់​បាន​សោះ ក្នុង​ជួរ​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ​។ ទាហាន​ទាំងនេះ​រង​ការចោទប្រកាន់ថា រំលោភ​ក្មេងៗ​មិនទាន់​ធំ​ពេញវ័យ តែ​អង្គការសហប្រជាជាតិ​វិញ ហាក់​មិនសូវ​ហើប​គូទ ដើម្បី​ស៊ើបរក​អោយឃើញ​ស​ខ្មៅ ក្នុងការ​ចោទប្រកាន់​ទាំងនេះ​ទេ​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផលនិស្ស័យ​៖

​ប៉ុន្មាន​ឆ្នាំ​មកនេះ រឿងអាស្រូវ​ទាហាន​មួក​ខៀវ​រំលោភ​ផ្លូវភេទ​លើ​ក្មេងៗ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅតែ​បន្ត​កើតមាន​ឥត​ឈប់​។ ដើមឆ្នាំ​២០១៦​ភ្លាម ករណី​ចោទប្រកាន់​ថ្មី​ផ្ទុះឡើង​ភ្លាម​។ ក្នុង​រឿងអាស្រូវ​ថ្មី​នេះ ទាហាន​មួក​ខៀវ មកពី​ប្រទេស​ហ្កា​បុ​ង អេ​ហ្ស៊ី​ប និង​ម៉ា​រ៉ុ​ក  បាន​រង​ការចោទប្រកាន់ថា បាន​បំពាន​ផ្លូវភេទ​លើ​កុមារី​៤​នាក់ នៅ​អាហ្វ្រិក​កណ្តាល​។ ពេលនេះ ក្រុម​ស៊ើបអង្កេត​អង្គការ​យូ​នី​សេ​ហ្វ​កំពុង​ការពារ​ក្មេងស្រី​ទាំងនេះ​។ កាលពី​ខែវិច្ឆិកា ក្រុម​ជំនាញ​អង្កេត​ឯករាជ្យ​មួយ​បាន​បរិហារ​អង្គការសហប្រជាជាតិ​ថា ជួប​បរាជ័យ​យ៉ាង​ជាក់ច្បាស់ ក្នុង​ក្នុងការ​ចាត់ចែង​ដោះស្រាយ​រឿងអាស្រូវ​ផ្លូវភេទ​ទាហាន​មួក​ខៀវ​។​

​ការលើកឡើង​នេះ​ក៏​ប្រហែល​មិន​ខុស​ដែរ ព្រោះ​រឿងអាស្រូវ​រំលោភ​ប្រជាជន រំលោភ​ក្មេងៗ​មិនទាន់​គ្រប់​អាយុ បែកធ្លាយ​មិនចេះចប់​។ ខែសីហា​ឆ្នាំមុន ទាហាន​មួក​ខៀវ​មកពី​ប្រទេស​កាំ​ម៉ឺ​រូ​ន និងរ​វ៉ាន់ដា រង​ការចោទប្រកាន់ថា រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​។ មិនទាន់បាន​មួយខែ​ស្រួលបួល​ផង ទាហាន​មួក​ខៀវ​ពីរ​នាក់​ទៀត ក៏​រង​ការចោទប្រកាន់ ថា​បំពាន​ភេទ​ក្មេងស្រី​ម្នាក់ទៀត​ដែរ​។ ខែវិច្ឆិកា ក៏​លេចរឿងអាស្រូវ​លើ​ក្មេងៗ​ច្រើន​នាក់​ទៀត ហើយក៏​បន្ត​រហូតដល់​ដើមខែ​មករា​ឆ្នាំ​ថ្មី​នេះ​ទៀត​។ មានន័យថា ទាហាន​មួក​ខៀវ​ទាំងនោះ​អាច​នឹង​បាន​រំលោភ​លើ​ប្រជាជន​ស្លូតត្រង់​នៅ​អាហ្វ្រិក​កណ្តាល​មែន ក៏​ថា​បាន​។

​បើ​ការចោទប្រកាន់​ទាំងនេះ ជាការ​ពិត គឺថា​កងទ័ព​មួក​ខៀវ មកពី​ច្រើន​ប្រទេស មក​ចូលរួម​បេសកកម្ម​Minusca រក្សា​សន្តិសុខ នៅ​អាហ្វ្រិក​កណ្តាល ជា​កងទ័ព​នរក​ផ្លូវភេទ​ពិតប្រាកដ​ណាស់​។ ពួកគេ​គួរតែ​ជា​កងទ័ព​ដែលមាន​សតិ​ត្រឹមត្រូវ​ល្អ គួរតែ​ចេះ​ជួយ​ប្រជាជន​ក្នុងស្រុក​ដែល​រងគ្រោះ​ដោយ​ជម្លោះ​ប្រដាប់អាវុធ ភាពក្រីក្រ​។ តែ​ទាហាន​មួក​ខៀវ​បែរមក​បំពាន​ភេទ​ប្រជាជន រំលោភ​ភេទ​កុមារ​តូចៗ​ទៅវិញ​។ អសប​ប្រាកដ​បាក់មុខ​មិនតិច​ទេ ដែល​រង​រឿងអាស្រូវ​មិនចេះចប់​បែបនេះ​។​

​ផ្ទុយទៅវិញ ទោះជា​មានការ​ចុះផ្សាយរ​បស់​សារព័ត៌មាន​ផ្សេងៗ​កន្លងមក ក៏​អង្គការសហប្រជាជាតិ​ហាក់​ស្ពឹក​ស្រពន់​នៅឡើយ ក្នុង​ការរក​ខុសត្រូវ រឺ​ដាក់ទោស​ទាហាន​ល្មើស អោយ​សម​តាម​បទល្មើស ទើបបានជា​បទល្មើស​នៅតែ​អាច​កើត​មានបាន​រហូតមក​។ កន្លងមក អង្គការ​បានត្រឹមតែ​ហូត​តំណែង​មេទាហាន​ម្នាក់​ចេញ​ប៉ុណ្ណោះ​។ ដោយសារ​ភាពយឺតយ៉ាវ​ដាក់​ទោសទណ្ឌ​ដូច្នេះហើយ​មើលទៅ ទើប​អ្នក​បំរើការ​ផ្នែក​មនុស្សធម៌​ម្នាក់ គឺ​លោក​Anders Kompass បាន​សរសេរ​របាយការណ៍​ផ្ញើ​ទៅ​អាជ្ញាធរ​បារាំង កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ ប្រាប់ថា មាន​ទាហាន​បារាំង​ជាង​១០​នាក់ និង​ទាហាន​ឆាត អេក្វាទ័រ ហ្គី​ណេ ៥​នាក់ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​Minusca ជាប់​សង្ស័យថា រំលោភ​ក្មេងៗ តាំងតែ​ពី​ចុងឆ្នាំ​២០១៣​មក​។

​គួរ​បញ្ជាក់ថា ទាហាន​បារាំង​បំពេញបេសកកម្ម​ឈ្មោះថា​សង់​ហ្ការី នៅ​អាហ្វ្រិក​កណ្តាល​ដែរ តែ​មិន​ស្ថិតក្រោម​បេសកកម្ម​អសប​ទេ​។ ដោយឡែក បារាំង​មិន​បង្អង់​ពេល​យូរ​ទេ គឺ​ចាត់ការ​ស៊ើបអង្កេត​ភ្លាមៗ​តែម្តង​។ កាលពីដើម​ខែធ្នូ​កន្លងទៅ តុលាការ​បារាំង​បានចាប់ផ្តើម​បើកសវនាការ​សួរចម្លើយ​ទាហាន​ខ្លួន​។​

​រឿង​អស្ចារ្យ​មួយទៀត គឺថា​កាលពី​ខែឧសភា​ឆ្នាំ​២០១៥ អង្គការ​មួយ​ឈ្មោះថា Aids Free World បាន​ចុះផ្សាយ​ឯកសារ​និង​របាយការណ៍ ដើម្បី​បង្ហាញថា​ថ្នាក់ដឹកនាំ​ផ្សេងៗ​នៃ​អសប​ចង់​បិទ​ខ្ទប់​រឿងអាស្រូវ​ទាហាន​មួក​ខៀវ​។ បើជា​ការពិត មិន​មានន័យថា ថ្នាក់ដឹកនាំ​ទាំងនោះ​ជា​មនុស្ស​មកពី​នរក​អ​វចី​ដែរ​ហើយ​មែន​ទេ ? លោក​បាន គី​មូ​ន ខ្មាស​គេ​ណាស់ បានសម្រេច​គំរាម​បណ្តេញ​កងទ័ព​ប្រទេស​ជាប់​ពាក់ព័ន្ធ ចេញពី​ទឹកដី​អាហ្វ្រិក​កណ្តាល​។ លោក​បាន​សុំអោយ​កុង​ហ្កូ​ដកទ័ព​ចេញពី​អាហ្វ្រិក​កណ្តាល តែ​សំណូមពរ​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ រហូត​ពេលនេះ​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​