ទឹកដោះគោ​យ៉ា​អួ​ផ្តល់​អត្ថប្រយោជន៍​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ការ​ពិនិត្យ​មើល​លើ​ទិន្នន័យ​នៃ​ការ​ពិសោធ​ចំនួន​៩​លើក​លើ​មនុស្ស​ជាង​៤៥០​នាក់​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Griffith Health Institute ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា ការ​ទទួលទាន​ទឹកដោះគោ​ដាក់​មេ ឬ​យ៉ា​អួ​ទៀងទ��ត់​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម  កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរ ក្បាល។

អតិសុខុមប្រាណ​មានជីវិត​គឺ​កើតឡើង​ដោយ​ធម្មជាតិ​នៅ​ក្នុង​ពោះវៀន ប៉ុន្តែ​វា​ក៏​មាននៅ​ក្នុង​ទឹកដោះគោ​យ៉ា​អួ និង​ឱសថ​អាហារូបត្ថម្ភ​ផង​ដែរ ។

វេជ្ជបណ្ឌិត Jing Sun អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ថ្លែង​ថា ការ​ប្រមែប្រមូល​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ការ​ទទួលទាន​អាហារ​ដែល​ផ្ទុក​បាក់តេរី​ល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រកបដោយ​សុខុមាលភាព​ដែល​ជួ​ួ​យ​កាត់​បន្ថយ​ជំងឺលើសឈាម​ក៏​ដូច​ជា​រក្សា​កម្រិត​សម្ពាធ​ឈាម​ផង​ដែរ ។ នៅ​ក្នុង​នេះ​ក៏​មាន​ពពួក​បាក់តេរី​មាននៅ​ក្នុង​យា​អួ ទឹកដោះគោ​ជូរ ហ្វ្រូ​ម៉ា​ដាក់​មេ​និង​ឱសថ​អាហារូបត្ថម្ភ​ផង​ដែរ ។

លោកស្រី Sun បាន​បន្ត​ថា យើង​ជឿ​ថា អាហារ​ដែល​ផ្ទុក​បាក់តេរី​ល្អ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ថែម​ទាំង​ផ្តល់​ផល​ល្អ​ផ្សេង​ៗ​ដល់​សុខភាព​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា កែ​លម្អ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល បន្ថយ​កម្រិត​គ្លុយកូស​ក៏​ដូច​ជា កែ​លម្អ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន ។ បន្ថែម​ពី​នេះ​ទៀត វា​ជួយ​រក្សា​ឱ្យ​មាន​រៀបរយ​នូវ​ប្រព័ន្ធ​អ័រម៉ូន​ដែល​មាន​នាទី​គ្រប់គ្រង​សម្ពាធ​ឈាម និង​តុល្យភាព​វត្ថុ​រាវ ។

ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​វេជ្ជបណ្ឌិត Sun បាន​បញ្ជាក់​ថា ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ចាំបាច់​ត្រូវធ្វើ​នៅ​ពេល​ក្រោយ​ពោល​គឺ​មុន​ពេល​ដែល​បណ្តា​វេជ្ជបណ្ឌិត​អាច​ផ្តល់​ជា​អនុសាសន៍​ប្រកបដោយ​ជំនឿ​ចិត្ត​ពី​ប្រសិទ្ធភាព​អាហារ​ផ្ទុក​បាក់តេរី​ល្អ​ចំពោះ​ការ​គ្រប់គ្រង និង​ទប់ស្កាត់​ដំណើរ​លើសឈាម ៕

  • ទឹកដោះគោ​យ៉ា​អួ​ផ្តល់​អត្ថប្រយោជន៍​ជួយ​បញ្ចុះ​សម្ពាធ​ឈាម
  • ទឹកដោះគោ​យ៉ា​អួ​ផ្តល់​អត្ថប្រយោជន៍​ជួយ​បញ្ចុះ​សម្ពាធ​ឈាម