យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រលូត​កូន

តាម​ធម្មតា​ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ពពោះ​រយៈពេល​យ៉ាងតិច​៣៧​ស​ប្ដា​ហ៍​ទើប​ដល់​ពេល​សម្រាលកូន ប៉ុន្ដែ​មាន​ស្ដ្រី​មួយ​ចំនួន​អាច​សម្រាល​មុន​កាលកំណត់​នេះ​ខណៈ​គាត់​ជួប​បញ្ហា​ជាយថាហេតុ​ណាមួយ​កើតឡើង​ដូច​ជា​ធ្លាក់ឈាម​តាម​ទា្វ​រមាស​ជាដើម ។ រីឯ​ស្ត្រី​ដែល​មាន​បញ្ហា​រលូត​ក��ន​ភាគច្រើន​តែងតែ​កើត​មាន​ក្នុង​កំឡុង​ពេល​ត្រីមាស​ទី​១​គឺ​ចន្លោះ​ពី​១​ទៅ​១២​ស​ប្តា​ហ៍​នៃ​អាយុ​របស់​គភ៌ ។

ការ​រលូត​កូន​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ដែល​ស្ដ្រី​ធ្លាក់ឈាម​ច្រើន​នាំ​ឱ្យ​ស្ដ្រី​មានការ​បាត់បង់​ឈាម​ពី​រាង​កាយ​រហូត​ធ្វើ​ឱ្យ​នាង​មាន​សភាព​ស្លេកស្លាំង ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ។ ការ​រលូត​កូន​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ៖

-​ភាព​ខុស​ប្រក្រតី​ដែល​បណ្តាល​មក​ពី​ម្តាយ
-​ធ្លាប់​មាន​ប្រវត្ដិ​រលា​កដៃ​ស្បូន​រ៉ាំរ៉ៃ
-​ធ្វើ​ការងារ​ធ្ងន់​ៗ​នៅ​ពេល​មាន​ផ្ទៃពោះ
-​ប៉ះទង្គិច​នឹង​ផ្ទៃពោះ​ដូច​ដួល​ជាដើម
-​មិន​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់
-​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​គ្មាន​វេជ្ជបញ្ជា
-​ភាព​ខុស​ប្រក្រតី​ដែល​បណ្តាល​មក​ពី​ទារក ។

ចំពោះ​រោគ​សញ្ញា​នៃ​ការ​គំរាម​រលូត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរតែ​ចាប់អារម្មណ៍​មាន​ដូច​ជា​៖
-​ធ្លាក់ឈាម​តិច​ៗ​តាម​ទ្វារមាស
-​ក្ដៅខ្លួន
-​ឈឺ​អាង​ត្រគាក​បែប​ធ្ងន់
-​ឈឺចង្កេះ
-​ឈឺពោះ
-​អស់កម្លាំង​ល្ហិតល្ហៃ​ជាដើម ។

ដូច្នេះ​បើ​ស្ត្រី​ជា​ម្តាយ​កើត​មាន​រោគ​សញ្ញា​ដូចដែល​មាន​រៀបរាប់​ខាងលើ​នេះ គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ ឬ​ថត​មើល ។  មាន​ករណី​ខ្លះ​អ្នក​ម្ដាយ​មិន​បាន​ចាប់អារម្មណ៍​ពី​កា​ប្រែប្រួល​ទាំងនេះ​ទេ គឺ​ទុក​ទាល់តែ​ទារក​បាត់បង់​ជីវិត​នៅ​ក្នុង​ផ្ទៃពោះ  ទើប​ភ្ញាក់ផ្អើល ដែល​ប្រការ​នេះ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ស្ដ្រី​ជា​ម្ដាយ​បាន បើ​ធ្វើការ​សង្គ្រោះ​មិន​ទាន់ ៕

  • យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រលូត​កូន