អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​តំបន់​ត្រពាំង​ឈូក​រយៈ​៣​ថ្ងៃ ឃាត់ខ្លួន​៣៣​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ម៉ក់ ហុង អធិការ​ខណ្ឌ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​​គ្រឿងញៀន​ក្នុង​តំបន់​មួយ​ដ៏​ល្បីឈ្មោះ​ខាង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន គឺ​តំបន់​ត្រពាំង​ឈូក ដោយ​ធ្វើ​រយៈពេល​៣​ថ្ងៃ គិត​តាំងពី​ថ្ងៃ​ទី​០៦ មក​រា មក​ដល់​ថ្ងៃ​ទី​០៨ មក​រា ២០១៦ ។

ក្នុង​ការ​ចុះ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​, ទូ​ហ្គេ​ម​បាញ់​ត្រី​៥​គ្រឿង​, ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន និង​ថ្នាំ​ញៀន​៤​កញ្ចប់​តូច ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣៣​នាក់​កំពុង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

គួរ​បញ្ជាក់​ថា ទីតាំង​ត្រពាំង​ឈូក​ខាងលើ គឺជា​តំបន់​មួយ​ដ៏​ស្មុគស្មាញ​ដោយ​ផ្ទះ​ជនសង្ស័យ​ខ្លះ​សង់​លើ​ទឹក ហើយ​ត្រូវ​ជនសង្ស័យ​ខ្លះ​គេចខ្លួន​ហក់​ចូល​ទឹក​បាត់ ដែល​ធ្វើ​ឱ្យ​កម្លាំង​យើង​ពិបាក​ក្នុង​ការ​ចាប់​ជនសង្ស័យ ឬ​ក៏​មេខ្លោង​គ្រឿងញៀន​តែ​ម្តង ព្រោះ​ពួក​គេ​បានដឹង​ខ្លួន នៅ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់ ។ តែ​ទោះជា​យ៉ាងណា កម្លាំង​នគរបាល​នឹង​ព្យាយាម​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​ទាល់តែ​អស់​តែ​ម្តង ។