ជម្រើស​ជាតិ​លត់​ទ័ព ៤-០ មុន​ហោះ​ទៅ​បង់​ក្លាដេស តែ​បាន​ធ្លាក់​១​លេខ​នៅ FIFA

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​តាម​រយៈ​ការ​លត់​ក្រុម​ក្រសួង​ការពារ​ជាតិ(ទ័ព) ៤-០ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ម្សិល​មិញ មុន​ពេល​ពួក​គេ​ហោះ​ទៅ​ប្រកួត​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់​ក្លាដេស នា​ម៉ោង ១១:១០​នា​ទី​ ថ្ងៃ​សៅរ៍​ស្អែក​​នេះ។

mm1ការ​យក​ឈ្នះ​ក្រុម​ទ័ព ៤-០ ដែល​រក​បាន​ដោយ​កីឡាករ តុប តុលា, ខែក ខេមរិន្ទ, ឃួន ឡាបូរ៉ាវី និង ថន ដារ៉ាពេជ្រ ក្នុង​ការ​ប្រកួត​មិត្ត​ភាព នៅ​ស្តាត​ចាស់ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ បាន​បង្ហាញ​ពី​ចំណុច​វិជ្ជាមាន​មួយ ពិសេស​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ដំណើរ​ទៅ​ប្រកួត​ពាន 2016 Bangabandhu Gold Cupនេះ ដោយ​ក្នុង​កម្ពុជា បាន​ឈរ​នៅ​ក្នុង​ពូល​Bជាមួយ​​​ក្រុម​ម្ចាស់​ផ្ទះ​ U-23បង់ក្លាដេស​ ​បារ៉ែន​ និងក្រុមជម្រើស​ជាតិ​​ម៉ាល់ឌីវ ខណៈ​ពូល​​A​មាន​​ក្រុម​ជម្រើស​​ជាតិ​បង់ក្លាដេស​ នេប៉ាល់​ ស្រីលង្កា​ និង​​ម៉ាឡេស៊ី (អាច​ជា​U23 ម៉ាឡេស៊ី)។
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាក់​១​​លេខ ក្នុង​ចំណាត់​ថ្នាក់ FIFA
ដោយ​ឡែក ងាក​​មក​មើល​ពី​ចំណាត់​ថ្នាក់ បាល់​ទាត់​​ពិភព​លោក (FIFA World Ranking) សម្រាប់​ខែ​មករា​នេះ​វិញ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ធ្លាក់១​លេខ គឺ​ធ្លាក់​ពី​​ចំណាត់​ថ្នាក់​លេខ​​១៨០ ​​​មក​ចំណាត់​ថ្នាក់​លេខ​១៨១ ក្នុង​ចំណោម​ប្រទេស​​ទាំង​២០៩ ខណៈ​ក្រុម​បែលហ្ស៊ិក​ បន្ត​ឈរ​ចំណាត់​ថ្នាក់​លេខ១ ចំនួន​៣​ខែ​ជាប់ៗ​គ្នា ដែល​តាម​​ពី​ក្រោយ​ដោយ​ក្រុម​​អាហ្សង់ទីន ​អេស្ប៉ាញ​ អាល្លឺម៉ង់​ ​ឈីលី ប្រេស៊ីល ព័រទុយហ្គាល់​ កូឡុំប៊ី អង់គ្លេស​ ​​និង​អូទ្រីស ឈរ​នៅ​លេខ​រៀង​ទី​១០។

mm4

mm5
ប៉ុន្តែ​បើ​គិត​ពីចំណាត់​ថ្នាក់​បាល់​ទាត់នៅ​ក្នុង​តំបន់​អាស៊ី​វិញ ក្រុម​កម្ពុជា​​បាន​ឈរ​​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣៧​ក្នុងចំ​ណោម​៤៦ប្រទេស ខណៈ​ក្រុម​​ជម្រើសជាតិ​អ៊ីរ៉ង​ ឈរនៅលើគេ​ (ចំណាត់​ថ្នាក់​ពិភពលោក​​លេខ៤៣​)​ បន្ទាប់​មក​​​ក្រុម​កូរ៉េខាងត្បូង​ឈរ​នៅ​លេខ២​(ចំណាត់​ថ្នាក់​ពិភព​លោក​លេខ​៥១)​ ក្រុម​​​ជប៉ុន​ឈរ​នៅ​លេខ​៣ (លេខ​៥៣)​ អូស្រ្តាលី​ ឈរ​នៅ​លេខ​៤​ (៥៩)​ និង​លេខ​​៥​ អារ៉ាប៊ីរួម (ចំណាត់​ថ្នាក់​ពិភព​លោក​លេខ​៦៤)។
ចំពោះ​ចំណាត់​ថ្នាក់​បាល់​ទាត់ នៅ​ក្នុង​តំបន់​អាស៊ាន​ ​ដែល​មាន​​១១​ប្រទេស ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឈរ​នៅ​​ចំណាត់​ថ្នាក់​លេខ​១០ គឺ​លើ​តែ​ក្រុម​​ជម្រើស​ជាតិ​ប្រ៊ុយណេ ​មួយ​ប៉ុណ្ណោះ ខណៈ​ប្រ៊ុយណេ ​ឈរ​នៅ​លេខ​១៨៥​នៃ​តារាង​ចំណាត់​FIFA World Ranking។​ ចំណែក​ក្រុម​​ជម្រើសជាតិថៃ ​បាន​ឈរ​នៅ​លេខ​រៀង​ទី​១​នៃ​តារាង​បាល់​ទាត់​អាស៊ាន (ចំណាត់​ថាក់​ពិភព​លោក​លេខ​១២១) បន្ទាប់​ក្រុម​ភីលីពីនឈរនៅលេខ២ (១៣៥) ​លេខ៣​​ក្រុម​វៀតណាម (១៤៦) លេខ​៤​ក្រុម​សិង្ហបុរី​(១៤៨) លេខ​៥​ក្រុម​មីយ៉ានម៉ា ​(១៥៨) លេខ​​៦​ ​ក្រុម​ទីម័រខាងកើត (១៧០) លេខ៧​ក្រុម​ម៉ាឡេស៊ី​​(១៧១) លេខ៨​ក្រុម​ឡាវ​(១៧៧) និង​លេខ​៩​ក្រុម​​ឥណ្ឌូនេស៊ី ខណៈ​ឥណ្ឌនេស៊ី ជាប់​លេខ​១៨០ នៃ​តារាង​បាល់​ទាត់​ពិភពលោក៕
mm8

mm7

mm6

mm3

mm2