ភាពយន្ត​ខ្មែរ ៣ រឿង​មាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ខែ​នេះ

ភាពយន្ត​ខ្មែរ ៣ រឿង​មាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ខែ​នេះ

នៅដើម​ខែ​មករា ឆ្នាំ ២០១៦ នេះ​នៅ​តាម​បណ្ដា​រោងភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​មាន​រឿង​ខ្មែរ ពីរ-បី រឿង​កំពុងតែ​មាន​វត្តមាន​នៅ​លើ​ផ្ទាំង​សំពត់​ស​នៅ​ឡើយ​។

 

បើ​តាម​សំដី​របស់​លោក ស្រ៊ុន គីមហួរ បុគ្គលិក​ផ្នែក PR Marketing  របស់​រោង​ភាពយន្ត​ផ្លាទីនៀម​ផ្សារ​សូរិយា ថា “នៅ​ដើម​ខែ​នេះ Platinum Cineplex មាន​រឿង​ខ្មែរ​បី​កំពុង​ចាក់​បញ្ចាំង គឺ​រឿង “Before The Fall” ដែល​ទើប​នឹង​សម្ពោធ​កាលពី​ពេល​ថ្មី​ៗ និង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ម្សិលមិញ។ ទី​២រឿង “ល្បុក្កតោ​ចម្លែក” និង​រឿង “អាកុក ​អាច្រវ៉ា” ដែល​ជិត​បញ្ចប់​ការ​ចាក់​បញ្ចាំង​ហើយ”។

 

ភាពយន្ត​ខ្មែរ ៣ រឿង​មាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ខែ​នេះ

 

ចំណែក​ឯ​នៅ​រោង​ភាពយន្ត​លំដាប់​ខ្ពស់​មួយ​ទៀត​វិញ Major Cineplex by Cellcard  ត្រូវ​បាន​លោក នៅ រតនៈ បុគ្គលិក​ផ្នែក​លក់​សំបុត្រ​ប្រាប់​ថា​នៅ​ទី​នោះ​គឺ​មាន​តែ​រឿង​ខ្មែរ ២ រឿង​ទេ ដែល​កំពុង​ចាក់​​បញ្ចាំង​ គឺ “Before The Fail” ដែល​ទើប​នឹង​បញ្ចាំង​ម្សិលមិញ និង “ល្បុក្កតោ​ចម្លែក” ។ ចំណែក “អាកុក​អាច្រវ៉ា” បាន​ផុត​ថ្ងៃ​បញ្ចាំង​ហើយ។

 

យោង​ទៅ​តាម​បុគ្គលិក​ដដែល​ បាន​ប្រាប់​បន្ថែម​ថា​ មួយ​រយៈ​នេះ​ភាពយន្ត​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បើ​ធៀប​ទៅ​រឿង​មុន​ៗ ជា​ពិសេស​គឺ​រឿង “ល្បុក្កតោ​ចម្លែក” និង  “អាកុក​អាច្រវ៉ា” ព្រោះ​ក្នុង​មួយ Hall មាន​ទស្សនិកជន​ពេញ​ៗ​ទាំងអស់។

 

ភាពយន្ត​ខ្មែរ ៣ រឿង​មាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ខែ​នេះ

 

លោក សៅ សុខនី អ្នក​ចាត់ការ​ទូទៅ​រោង​ភាពយន្ត Major Cineplex by Cellcard និង Platinum Cineplex ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ នៅ​រោង​ភាពយន្ត​ទាំងពីរ គឺ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​បរទេស​ច្រើន​ជាង​រឿង​ខ្មែរ។ ចំពោះ​មូលហេតុ​ព្រោះ​កុន​ខ្មែរ​នៅ​មាន​កម្រិត​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អ្នក​ចាត់ការ​ខាង​លើ​ថា៖ “រឿង​ខ្មែរ​នៅ​មាន​ចំណុច​ខ្វះខាត​ក៏​ដោយ ក៏​យើង​មាន​ការ​យោគយល់​យក​មក​បញ្ចាំង ទោះ​បី​ជា​មាន​រឿង​ខ្លះ​គុណភាព​នៅ​មាន​កម្រិត​មែនទែន យើង​នៅ​តែ​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់”៕

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី