អ្នកបើកបរ​ឡាន គ្មាន​ស្លាក​លេខ និង​គ្មាន​ប័ណ្ណបើកបរ ត្រូវ​ពិន័យ​ពី ១០​ម៉ឺន ទៅ ៨០ ម៉ឺន​រៀល និង​ជាប់ពន្ធនាគារ​ពី ៦ ថ្ងៃ ទៅ ១ ខែ​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​នគរបាល​ជាតិ បានប្រកាស​ជាថ្មី​ថា តាមច្បាប់​ចរាចរណ៍​ផ្លូវគោក អ្នកបើកបរ​រថយន្ត ( ឡាន ) ដែល​គ្មាន​ស្លាក​លេខ និង​អ្នកបើករ​ឡាន ដែល​គ្មាន​ប័ណ្ណបើកបរ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល និង​មានទោស​ជាប់ពន្ធនាគារ ពី ៦ ថ្ងៃ ទៅ ១ ខែ​។​

​ក្នុង​សន្និសីទកាសែត លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​លើកឡើងថា អ្នក​បើកបរ​ម៉ូតូ ដែល​មិនមាន​ស្លាក​លេខ ត្រូវ​ផាកពិន័យ ៣ ម៉ឺន​រៀល​។ ប៉ុន្តែ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី អ្នកបើកបរ​រថយន្ត ដែល​មិនមាន​ស្លាក​លេខ ត្រូវ​ពិន័យ​ចាប់ពី ១០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល ព្រមទាំង​មានទោស​ជាប់ពន្ធនាគារ ចាប់ពី ៦​ថ្ងៃ ទៅ ១ ខែ​។ រីឯ​អ្នកបើកបរ​រថយន្ត ដែល​គ្មាន​ប័ណ្ណបើកបរ ក៏​មានទោស​ដូចគ្នា គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០ ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល និង​មានទោស​ជាប់ពន្ធនាគារ ចាប់ពី ៦ ថ្ងៃ ទៅ ១ ខែ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​លើក​ឡើងថា ក្នុង​សប្តាហ៍​ទី​១ រយៈពេល ៧ ថ្ងៃ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ចរាចរណ៍ បាន​រកឃើញ​យានយន្ត ដែល​ល្មើសច្បាប់ ចំនួន​ជាង ៤៥.២៨០ គ្រឿង  ដោយ​ក្នុងនោះ មាន​ម៉ូតូ ៥៣,៥៩ ភាគរយ​។  

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា ក្នុងចំណោម​យានយន្ត​ដែល​ល្មើសច្បាប់​ទាំង ៤៥.២៨០ គ្រឿង គឺមាន ៥៣ ភាគរយ ត្រូវបាន​ប៉ូលិស​អប់រំ​។ ចំណែក​យានយន្ត ២១.១៥៩ គ្រឿង ត្រូវបាន​ប៉ូលិស​ផាកពិន័យ ដោយ​ទទួលបាន​ទឹកប្រាក់​ជាង ៤០០ លាន​រៀល​។

​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា ក្នុងចំណោម​យានយន្ត ដែល​ប៉ូលិស​រកឃើញថា ល្មើសច្បាប់​ទាំង ៤៥២៨០ គ្រឿង​នោះ គឺមាន​យានយន្ត គ្មាន​ស្លាក​លេខ ប្រមាណ ៨០០ គ្រឿង ដែល​ត្រូវបាន​ប៉ូលិស​ឃាត់ទុក នៅក្នុង ១៤ ខេត្ត​។ ក្នុងចំណោម​យានយន្ត​គ្មាន​ស្លាក​លេខ​ទាំង​ប្រមាណ ៨០០ គ្រឿង​នេះ មាន​រថយន្ត ១៣​គ្រឿង ក្រៅពីនោះ សុទ្ធតែជា​ម៉ូតូ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​លើកឡើងថា សម្តេច​ក្រឡាហោម សខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បានសម្រេច​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៧​មករា ដោយ​ណែនាំ​ឲ្យ​ស្នងការ​នគរបាល នៅ ១៤ ខេត្ត ត្រូវប្រគល់​យានយន្ត​ជិត ៨០០ គ្រឿង ដែល​មិនមាន​ស្លាក​លេខ ហើយ​ត្រូវ​នគរបាល​ឃាត់ទុក​នោះ ឲ្យ​ទៅ​ម្ចាស់​យានយន្ត​ទាំងនោះ​វិញ ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​។ ការ​ប្រគល់​​ម៉ូតូ​ឡាន ដែល​គ្មាន​ស្លាក​លេខ​ទាំងនោះ ជូន​ម្ចាស់​វិញ ដោយ​មិនមាន​ការ​ផាកពិន័យ​ទេ តែ​ប៉ូលិស ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​យានយន្ត​ទាំងនោះ ធ្វើ​កិច្ចសន្យា ដើម្បី​យក​ម៉ូតូ និង​ឡាន ទៅធ្វើ​ស្លាក​លេខ​៕​