អាជ្ញាធរ​ខណ្ឌដង្កោ ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រៃ​ស

​រា​ជ​ធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ​គណៈ​អភិបាល មន្ត្រីរាជការ​សាលា​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ យុវជន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ សណ្តាប់ធ្នាប់​ខណ្ឌ ​​និង​ប្រជា​ការពារ​សង្កាត់​ព្រៃ​ស សរុប​ប្រមាណ​៣០០​នាក់ ចុះ​ជួយ​ច្រូតស្រូវ​ជូន​​ប្រជា​កសិករ​​ដែល​ខ្វះខាត​លទ្ធភាព​ច្រូតស្រូវ ក្នុង​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ​មករា ​២០១៦ លើ​ផ្ទៃដី​ស្រែ​ប្រមាណ​២​ហិ​កតា​ ។

លោក​អភិបាល​ខណ្ឌ បាន​ឆ្លៀតឱកាស​ពី​ការងារ​ស្នូល​ក្នុង​ការ​បម្រើសេវា​សាធារណៈជូន​ប្រជាពលរដ្ឋ ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ដើម្បី​ជួយ​​ច្រូត​ស្រូវ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ខ្វះ​កម្លាំង​ពលកម្ម ដែល​សកម្មភាព​នេះ​ គឺជា​ការ​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំងអស់ ឲ្យ​ខិតខំ​បង្ក​​បង្កើន​ផល​ឲ្យ​បាន​ច្រើន និង​ឲ្យ​អស់ពី​លទ្ធភាពលើ​ផ្ទៃដី​បង្កបង្កើន​ផលដែល​មាន ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ ភាគច្រើន​ប្រកប​មុខរបរ​កសិកម្ម ហើយ​​រដ្ឋបាល​​ខណ្ឌ​តែង​​​តែ​យកចិត្តទុកដាក់​ជំរុញ​ការ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​នានា ការ​បូមទឹក​សង្គ្រោះ​ស្រូវ និង​ការ​ជំរុញ​ឲ្យ​មានការ​បង្កើត​ជា​សហគមន៍​ដាំ​ដុះ និង​សហគមន៍​ចិញ្ចឹមសត្វ នៅ​តាម​មូលដ្ឋាន ស្រប​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​បាន​ណែនាំ​ដល់​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់​ឲ្យ​យក​ចិត្តទុកដាក់​គិតគូរ ដល់​ការ​លំបាក និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ​៕​