ពលរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​ប្រមាណ​១៥.០០០​នាក់​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​កូរ៉េ​ខាងជើង ដែល​ផ្គើន​នឹង​ការ​ព្រមាន​ដដែល​ៗ និង​ជា​ការ​ព្រួយបារម្ភ​របស់​អង្គការសហប្រជាជាតិ សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ។ នេះ​បើ​យើង​តាម​សេចក្ដីថ្លែងការណ៍​រួម​មួយ​របស់សមាគម​កូរ៉េ​នៅ​កម្ពុជា សមាគម​អតីត​យុទ្ធ​ជន​កូរ៉េ​ប្រចាំ​កម្ពុជា សហព័ន្ធ​សេរីភាព​កូរ៉េ​នៅ​កម្ពុជា និង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ROKMC ។

សេចក្ដីថ្លែងការណ៍​ឲ្យ​ដឹង​ថា យើង​សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង ដោយសារ​តែ​ការ​ពង្រឹង​ផ្នែក​សន្ដិសុខ​ជាតិ និង​កម្លាំង​ការទូត ជាមួយនឹង​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង ។ ជាង​នេះ​ទៅ​ទៀត យើង​សូម​ជំរុញ​ឲ្យ​ជនរួមជាតិ​ដែល​រស់នៅ​ក្រៅប្រទេស​ចំនួន​៨​លាន​នាក់​ជុំវិញ​ពិភពលោក ចូលរួម​យ៉ាង​​សកម្ម​ក្នុង​ការ​តទល់ តាម​រយៈ​ការ​ពង្រឹងស្មារតី សន្ដិសុខ​ដល់​ជនរួមជាតិ​ដែល​រស់នៅ​ក្នុង​ប្រទេស​បន្ដ​ទៀត ហើយ​យើង​ប្រឆាំង​ដាច់អហង្ការ​ដូច​ខាងក្រោម ៖

១-​ជនរួមជាតិ​កូរ៉េ​នៅ​កម្ពុជា​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ ដែល​បាន​គំរាមកំហែង​សន្ដិភាព​នៃ​ឧបទ្វីប​កូរ៉េ និង​ពិភពលោក ។

២-​ជនរួមជាតិ​កូរ៉េ​នៅ​កម្ពុជា រួម​នឹង​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ជនបរទេស​កំពុង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ស្រឡាញ់​សន្ដិភាព សូម​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង ។

៣-​ជនរួមជាតិ​កូរ៉េ​ដែល​កំពុង​រស់នៅ​កម្ពុជា​សូម​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ក្លាយ​ខ្លួន​ជា​ប្រទេស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ដូច​ប្រទេស​ដទៃ​ទៀត និង​ចូល​ជា​សមាជិក​សហគមន៍​អន្តរជាតិ ជា​ជាង​ដំណើរការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​ឈាន​ដល់​វិនាសកម្ម​ជនជាតិ​កូរ៉េ ដែល​បង្ក​ដោយ​កូរ៉េ​ខាងជើង ។ មិនតែប៉ុណ្ណោះ គឺ​អាច​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៀត​ផង »៕