ស្ត្រី​ខ្មែរ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈរ​ឈ្មោះ​​តំណាងរាស្រ្ត​នៅ​តៃវ៉ាន់

ស្ត្រី​ខ្មែរ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈរ​ឈ្មោះ​​តំណាងរាស្រ្ត​នៅ​តៃវ៉ាន់

​ស្ត្រី​​ដើម​កំណើត​​ខ្មែរ​​​មួយ​រូប​​ បាន​ឈរ​ឈ្មោះ​​ជា​​​​​​តំណាង​រាស្ត្រ​​​នៅ​​​​តៃវ៉ាន់​ ​​នា​​សប្ដាហ៍​ក្រោយ​ បន្ទាប់​​ពី​បាន​​រៀប​ការ​ជា​មួយ​​បុរស​ជនជាតិ​តៃវ៉ាន់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

​​​​​​​​

អ្នកស្រី ​Lin Li-chan ​កំពុង​ឈរ​ឈ្មោះ​​​បោះ​ឆ្នោត​សភា ​ស្រប​ពេល​ជា​មួយ​​​​​​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដែរ។ ​អ្នក​ស្រី​​មាន​ក្ដី​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ខាង​មុខ​​​ជា​សភា​តៃវ៉ាន់​មួយ​រូប​ ហើយ​អ្នក​ស្រី​នឹង​​ជួយ​ដល់​ជនអន្តោប្រវេសន៍​ផ្សេង​ទៀត។

 

ស្ត្រី​ខ្មែរ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈរ​ឈ្មោះ​​តំណាងរាស្រ្ត​នៅ​តៃវ៉ាន់

​​​​

អ្នក​ស្រី​ Lin ​បាន​ប្រាប់​​សារព័ត៌មាន ​AFP ថា ​អ្នក​ស្រី​​​មិន​ដែល​គិត​ថា​​នឹង​ចូល​រួម​ប្រឡូក​នយោបាយ​ឡើយ តែ​ពេល​នេះ​វា​បាន​កែ​ប្រែ​ជីវិត​អ្នក​ស្រី​មិន​គួរ​ឲ្យ​ជឿ​ទៅវិញ។

អ្នក​ស្រី​មាន​វ័យ ៣៨​ឆ្នាំ ​និង​ជា​ពលរដ្ឋ​​តៃវ៉ាន់​ស្រប​ច្បាប់ ​ក្រោយ​រៀបការ​ជា​មួយ​ស្វាមី​ជនជាតិ​តៃវ៉ាន់ ​​​រៀប​ចំ​ដោយ​ម្ដាយ​ តាម​រយៈ​ការ​ផ្គូផ្គង​របស់​មេអណ្ដើក​កាល​នៅ​អាយុ​ទើប​ ២០​ឆ្នាំ។ បន្ទាប់​ពី​​ក្លាយ​ជា​​ពលរដ្ឋ​តៃវ៉ាន់​ ​​អ្នក​ស្រី​​បាន​ទទួល​រង​នូវ​ភាព​មាក់ងាយ ​​និង​ការ​រំលោភ​បំពាន​​នានា​ពី​​ប្រជាជន​តៃវ៉ាន់​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ថ្មីៗនេះ។

 

​ងាក​មក​មើល​ជីវភាព​កាល​​រស់​នៅ​ ​ក្នុង​ប្រទេស​កម្ពុជា​វិញ ​​​​អ្នក​ស្រី​ប្រាប់​​ថា ​ឪពុក​អ្នក​ស្រី​បាន​ស្លាប់ ​និង​ម្ដាយ​​មាន​ជីវភាព​ក្រខ្សត់​​​ជា​ខ្លាំង​នា​ពេល​នោះ ដូច្នេះ​ម្ដាយ​​សម្រេច​ឲ្យ​អ្នក​ស្រី​រៀប​ការ​ជាមួយ​ស្វាមី​តៃវ៉ាន់​តែ​ម្ដង ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ។ ប៉ុន្តែ​ខណៈ​នោះ សាច់​ញាតិ​ខាង​ឪពុក​​ខឹង​ខ្លាំង​ណាស់ ​ព្រោះ​​គិត​ថា​ជា​ការ​លក់ដូរ​​។

ប្រភព​ខាង​លើ​បន្ត​ថា ​ស្ត្រី​បរទេស​​ដូច​​​ជា​អ្នក​ស្រី​បែបនេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​​ដូច​ជា​ទំនិញ​លើ​ទីផ្សារ ​និង​មិនមាន​តម្លៃ​។ ​ចំណែក​​​ការ​ទៅ​ដល់​​តៃវ៉ាន់​ភ្លាមៗ អ្នក​​ស្រី​មិន​អាច​និយាយ​ភាសា​ចិន​បាន ​និង​​​នឹក​ផ្ទះ​ជា​ខ្លាំង​តែ​ត្រូវ​ទ្រាំ។ អ្នក​ស្រី​​បាន​​ចាប់ផ្ដើម​រៀន​ភាសា ​ព្រោះ​ត្រូវ​មើល​ថែ​កូន​ពីរ​នាក់ ​និង​ជួយ​ស្វាមី​នៅ​​រោងចក្រ​លក់​គ្រឿង​អេឡិចត្រូនិច​​​តូច​​មួយ។

​​

ពេល​កូន​ៗ​របស់​អ្នក​ស្រី​ថា​ភាសា​ចិន​អ្នក​ស្រី​​អាច​ប្រើ​ការ​បាន​ អ្នក​ស្រី​បាន​សម្រេច​ចូល​រៀន​នៅ មហាវិទ្យាល័យ​ ​បន្ត​ដល់​សកលវិទ្យាល័យ រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ថែម​ទៀត និង​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​​​​មួយ​សម្រាប់​ជនអន្តោប្រវេសន៍​​ជាច្រើន​ទៀត​។​​​

 

អ្នក​ស្រី​ Lin ​ស្ថិត​នៅ​លេង​រៀង​ទី ៤ ​នៃ​បញ្ជី​បេក្ខជន​ទាំង​អស់​នៃ​គណបក្ស​កាន់​អំណាច Kuomintang (KMT )។ បើ​អ្នក​ស្រី​ទទួល​ជោគជ័យ​ការ​បោះ​ឆ្នោត​​ខាង​មុខ​មែន​​ អ្នក​ស្រី​នឹង​​ក្លាយ​ជា​ស្ត្រី​​​ខ្មែរ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ជា​ជនអន្តោប្រវេសន៍​ទី​មួយ​ដែល​ជាប់​ជា​តំណាងរាស្ត្រ​នៅ​កោះ​តៃវ៉ាន់៕

 

ស្ត្រី​ខ្មែរ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈរ​ឈ្មោះ​​តំណាងរាស្រ្ត​នៅ​តៃវ៉ាន់

រូប​ថត​អ្នក​ស្រី​លីន កាល​ពី ១៨ឆ្នាំ​មុន ពោល​ថ្ងៃ​ទើប​ឈានជើង​​ចូល​​តៃវ៉ាន់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail

​​​