ធនាគារ​ពិភពលោក​ព្យាករណ៍​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ជិត​៧​ភាគរយ​សម្រាប់​៣​ឆ្នាំ​ទៅ​មុខ

យោង​តាម​របាយការណ៍​​របស់​ធនាគារ​ពិភពលោក​ដាក់​ចំណង​ជើង​ថា «ទស្សនវិស័យ​សេដ្ឋកិច្ច​សកល» កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កើន​ឡើង​ជិត​​៧ភាគ​រយ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នាទៅ​មុខ។ កំណើន​សម្រាប់​ឆ្នាំ​២០១៦ នឹង​មាន​ចំនួន​៦.៩ ភាគរយ ហើយ​សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨ មាន​៦.៨​ ភាគរយ​ដូចគ្នា

របាយការណ៍​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៦​ បញ្ជាក់​ថា ការ​នៅ​ត្រឹង និង​កើនឡើង​​តិច​តួច​របស់​កម្ពុជា​នេះ ជា​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ពោល​ដោយ​សារ​សេដ្ឋកិច្ច​មហាយក្ស​ចិន​រង្គោះរង្គើ

ចិន​ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំ​មួយ​នៅ​ក្នុង​តំបន់ មាន​ឱនភាព​សេដ្ឋកិច្ច​ ដោយ​ថយ​ចុះ​ពី​៧.៣ ភាគរយ ក្នុង​ឆ្នាំ​២០១៤ មក​ត្រឹម​៦.៩​ភាគរយ នៅ​ឆ្នាំ​២០១៥។ ការ​ដើរ​ថយ​ក្រោយ​របស់​ចិន​នេះ ដោយសារ​វិស័យ​អចលនទ្រព្យ និង​ផលិតកម្ម ដែល​ជា​សសរ​ទ្រូង​សេដ្ឋកិច្ច​ចិន​ឲ្យ​រឹង​មាំ គ្មាន​លំនឹង ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​អស្ថិរភាព។

ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន នឹង​ប៉ះ​ពាល់​ដល់​ប្រទេស​ក្នុង​តំបន់​​មួយ​ចំនួន​ ដែល​ពឹង​ផ្អែក​លើ​ចិន។

ទោះ​យ៉ាង​ណា ប្រទេស​ដែល​នៅ​ទើប​ងើប​ឡើង ដូច​ជា​មីយ៉ាន់ម៉ា (Myanmar) នឹង​បន្ត​កើន​ឡើង​ ពី​៧.៨​ភាគរយ សម្រាប់​ឆ្នាំ​២០១៦ ដល់​៨.៥ ភាគរយ សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨។ ចំណែក​ប្រទេស​អែប​ខាង​កម្ពុជា​ ដូច​ជា​ថៃ រំពឹង​ថា​នឹង​កើន​ ចំនួន​២ភាគរយ នៅ​ឆ្នាំ​២០១៦ ហើយ​រំពឹង​ថា​នឹង​កើន​ឡើង​ចំនួន​២.៧ ភាគរយ នៅ​ឆ្នាំ​២០១៨។ ប្រទេស​វៀតណាម​វិញ ត្រូវ​ព្យាករណ៍​ថា នឹង​កើន​៦.៦ ភាគរយ នៅ​ឆ្នាំ​២០១៦ តែ​នឹង​ធ្លាក់​មក​ត្រឹម​៦.៣ នៅ​ឆ្នាំ​២០១៧ និង​៦ ភាគរយ នៅ​ឆ្នាំ​២០១៨។

របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់​២៨៦ ​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប៉ះពាល់​ដោយ​សារតម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់​ចុះ អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល ហើយ​វិស័យ​ទេសចរណ៍​មិន​សូវ​មាន​សន្ទុះ​ខ្លាំង។ ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា ទិន្នផល​កសិកម្ម​កម្ពុជា ធ្លាក់​ចុះ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ។

តែ​ប្រទេស​កម្ពុជា អាច​កែ​ខៃ​ការ​ទស្សន៍ទាយ​នេះ​បាន ប្រសិន​បើ​រដ្ឋាភិបាល បង្កើន​គុណភាព​កម្មវិធី​សាធារណៈ​ ដូច​ជា​ពង្រឹង​គុណភាព​គ្រាប់​ពូជ និង​បង្កើត​ជា​គោលនយោបាយ​កសិកម្ម​ដែល​អំណោយ​ផល​ដល់​វិស័យ​ឯកជន​ជា​ដើម។

បន្ថែម​ពី​លើ​នេះ លោកមីហ្គល អែដូ សានឆេហ្ស ម៉ាទីន (Miguel Eduardo Sanchez Martin) សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ ​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​អនុសាសន៍​ថា បណ្តា​ប្រទេស​ក្រីក្រ គួរ​បង្កើត​នូវ​ភាព​ធន់ ទៅ​ចរន្ត​នៃ​ការ​ប្រែប្រួល​សេដ្ឋកិច្ច​សកល ដើម្បី​ជួយ​ការពារ​ប្រជាជន​ក្រី​ក្រ​ដែល​ងាយ​រងគ្រោះ។ លោក​ថា ប្រទេស​ក្រីក្រ គួរ​មាន​ជា​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​លើ​វិស័យ​អភិបាល​កិច្ច និង​លក្ខខ័ណ្ឌ​ពាណិជ្ជកម្ម។

វិស័យ​ទេសចរណ៍ ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​កម្ពុជា​ គួរ​ត្រូវ​ពង្រឹង​បន្ថែម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច លោក តេង ដឺលុច។ លោក ដឺលុច បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ពី​ទិសដៅ​​ទេសចរណ៍ មាន​សារសំខាន់​សម្រាប់​កម្ពុជា ដើម្បី​ពង្រឹង​សេដ្ឋកិច្ច។ «»

របាយការណ៍​របស់​ធនាគារ​ពិភពលោក រំលេច​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ទើប​ចូល​ជា​សមាជិក​អង្គការ​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) នឹង​មាន​សន្ទុះ​សេដ្ឋកិច្ច​ទៅ​មុខ។ ធនាគារ​ពិភពលោក លើក​យក​ប្រទេស​វៀតណាម​មក​ធ្វើ​ជា​ឧទាហរណ៍។ ប្រទេស​វៀតណាម តាម​រយៈ​ អង្គការ​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក និង​មាន​កិច្ច​ព្រម​ព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ជា​មួយ​សហភាព​អឺរ៉ុប ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​បណ្ដាក់​ទុន​បរទេស​ដោយ​ផ្ទាល់ ខណៈ​ពេល​ដែល​ប្រទេស​ចិន​ថយ​ចុះ។

ទោះ​ជា​បែប​នេះ​ក្តី លោក តេង ដឺលុច ក្រើក​រំឮក​ថា ប្រទេស​កម្ពុជា ពុំ​គួរ​ទាន់​ត្រេក​ត្រអាល​ នឹង​ការ​ចូល​រួម​ជា​សមាជិក​អង្គការ​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​អី តែ​កម្ពុជា​គួរ​ខិត​ខំ​ពង្រឹង​សមត្ថភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពិសេស​ធ្វើ​ការងារ​នៅ​ក្នុងសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឲ្យ​បាន​ល្អ។ «»

សេដ្ឋកិច្ច​កម្ពុជា ពេញ​មួយ​ឆ្នាំ​២០១៥ មាន​កំណើន​៧​ភាគរយ​ជា​មធ្យម ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស​បំផុត​ក្នុង​តំបន់​អាស៊ាន។ ធនាគារ​ពិភពលោក​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ បាន​ព្យាករណ៍​ថា ​កម្ពុជា​អាច​រក្សា​បាន​កំណើន​នេះ កម្ពុជាអាច​ចាក​ចេញ​ពី​តំណែង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។