ក្រសួងការបរទេស​៖ ការបាញ់​សាកល្បង គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន របស់​កូរ៉េខាងជើង បង្ក​ការគំរាមកំហែង​

ភ្នំពេញ: ក្នុង​សេចក្តីថ្លែងការណ៍​ករណី​ប្រទេស​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន ចេញផ្សាយ​នៅ​ព្រលប់​ថ្ងៃទី​៨ ខែមករា​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ថា​ជាការ​បង្កើន​សកម្មភាព និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ បាន​បង្ហាញថា "​កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េខាងជើង បាន​ដំណើរការ​ជាថ្មី​ម្តងទៀត​នូវ​ការសាកល្បង នុយក្លេអ៊ែរ របស់​ខ្ល​យ​ន នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ដែលជា​ការរំលោភ​យ៉ាងច្បាស់ ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​"​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​គូសបញ្ជាក់ថា "​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​"​។​

​តាម​សេចក្តីថ្លែងការណ៍ "​កម្ពុជា​បាន​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ ឲ្យ​គោរព​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​ទាំងអស់ ហើយ​និង​កាតព្វកិច្ច​អន្តរជាតិ និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​"​។​

​ចំណែក​ក្រុម​អ្នកវិនិយោគ​កូរ៉េខាងត្បូង ប្រចាំ​នៅ​កម្ពុជា ក្រៅពី​ថ្កោលទោស​ទង្វើ​រំលោភបំពាន​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េខាងជើង លើ​បម្រាម​របស់​អង្គការសហ​ប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការបន្ត​បាញ់​សាកល្បង គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន នៅក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​៨​មករា​នេះ នៅ​រាជធានី​ភ្នំពេញ ក្រុម​អ្នកវិនិយោគ​កូរ៉េខាងត្បូង នៅ​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវ​ចាត់វិធានការ​តបត​នឹង​កូរ៉េខាងជើង​ផងដែរ​។​

​សូម​រម្លឹកថា សកម្មភាព​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ថ្មី​របស់​កូរ៉េខាងជើង គឺ​គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន កាលពី​ថ្ងៃ​ពុធ ទី​៦​មករា ក៏​ត្រូវបាន​ពិភពលោក ក្នុងនោះ រួមមាន អង្គការសហប្រជាជាតិ ព្រមទាំង​ប្រទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​កូរ៉េខាងជើង បាន​ថ្លែងការណ៍​ថ្កោលទោស និង​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត​លើ​ប្រទេស​កូរ៉េខាងជើង​៕

ក្រសួងការបរទេស​៖ ការបាញ់​សាកល្បង គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន របស់​កូរ៉េខាងជើង បង្ក​ការគំរាមកំហែង​