Update៖ សម្រេចឃុំខ្លួន យុវជនដែល គំរាមសម្លាប់ សម្ដេច តាមហ្វេសប៊ុក

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី នារសៀលថ្ងែទី៨ មករា នេះ បានសម្រេចឃុំខ្លួន យុវជនម្នាក់ដែលគំរាម សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមហ្វេសប៊ុក ក្រោមការចោទប្រកាន់ ពីរបទល្មើស គឺបទគំរាមកំហែងថា នឹងសម្លាប់ និង បទប្រមាថ តាមមាត្រា ២៣៣ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។

យុវជនដែលគំរាម សម្លាប់នេះមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ មុខរបរកសិករ ស៊ីឈ្នួលបើកត្រាក់ទ័រ ត្រូវបាននគរបាលនាយកដ្ឋានសន្តិសុខ ផ្ទៃក្នុងក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅខេត្តកំពង់ធំ រួចបញ្ជូនមកកាន់រាជធានីភ្នំពេញ ។

សវតារឿង៖

តុលាការធ្វើការ ចោទប្រកាន់ យុវជនគំរាមសម្លាប់ សម្ដេចតេជោ ២បទល្មើស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ យុវជនគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បច្ចុប្បន្ន យុវជនដែលគំរាមសម្លាប់សម្ដេច ត្រូវបានកសាងសំណុំរឿង បញ្ជូនបន្តទៅចៅក្រម ស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ។

លោក សៀង សុខ បានឲ្យដឹងថា នៅក្នុងដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងធ្វើការសម្រេចឃុំ ឬមិនឃុំខ្លួនយុវជនរូបនេះ។ យុវជនដែលគំរាមសម្លាប់សម្ដេចមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ មុខរបរកសិករ ស៊ីឈ្នួលបើកត្រាក់ទ័រ មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថា នឹងសម្លាប់ និង បទប្រមាថ តាមមាត្រា ២៣៣ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។

លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងពីបទល្មើសទាំងពីរថា ទី១.គំរាមកំហែងថា នឹងសម្លាប់ កំណត់ការផ្តន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល ពោលជាបទមជ្ឈិម, និងទី២. ប្រមាថ កំណត់ការ ផ្តន្ទាទោសពី ១ថ្ងៃទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀលទៅ ១សែនរៀល ពោលជាបទលហុ៕

Update៖ សម្រេចឃុំខ្លួន យុវជនដែល គំរាមសម្លាប់ សម្ដេច តាមហ្វេសប៊ុក