ស្រូវ​ប្រាំង​៥០០ហិកតារ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ប្រឈម​នឹង​ខ្វះ​​ទឹក​ស្រោចស្រព

ស្រូវ​ប្រាំង​ប្រមាណ​៥​ពាន់​ហិកតារ នៅ​ស្រុក​ជលគីរី ខេត្ត​កំពង់​ឆ្នាំង​ប្រឈម​ស្វិត​ងាប់​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។ អាជ្ញាធរ​អះអាង​ថា​កំពុង​រក​វិធីសាស្ត្រ​សង្គ្រោះ​ស្រូវ​ទាំង​នេះ។

អ្នកគ្រប់គ្រង​ប្រភព​ទឹក​ទំនប់​តាកុយ និង​ប្រជា​កសិករ នៅ​ស្រុក​ជលគីរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ថា ផ្ទៃ​ដី​កសិកម្ម ឬ​ស្រែ​ប្រាំង​របស់​កសិករ​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់​ចាម និង​ស្រុក​ជលគីរី ខេត្ត​កំពង់​ឆ្នាំង​ជា​ច្រើន​ហិកតារ កំពុង​ស្វិត​ខ្លោច​បណ្ដើរៗ ខណៈ​ប្រភព​ទឹក​នៅ​ទំនប់​តា​កុយ​រីងស្ងួត។ ពួកគេ​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ បើ​ទោះបី​ជា​អាជ្ញាធរ​បូម​ទឹក​ពី​ទន្លេ​មក​សង្គ្រោះ ក៏​លំបាក​នឹង​ធ្វើ​ទៅ​រួច​ដែរ។

អនុ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ទំនប់​ទឹក​តាកុយ​លោក អួន គន មាន​ប្រសាសន៍​ថា ស្រូវ​កំពុង​មូរ​ដើម និង​ខ្លះ​ទៀត​អោន​ដាក់គ្រាប់​អាច​ស្កក​កាន់​តែ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ថា បើ​អាជ្ញាធរ​មាន​វិធាន​ការ​សង្គ្រោះ​ស្រូវ​ទាំង​នេះ​តាម​រយៈ​ការ​បូម​ទឹក​ពី​ទន្លេ គឺ​ត្រូវ​បូម​ត​គ្នា​ជា​បី​ដំណាក់​ទើប​ចូល​ដល់​អាង​ទឹក​តាកុយ ទើប​អាច​បែងចែក​ដល់​ក្នុង​ស្រែ ព្រោះ​ទឹក​ទន្លេ​កាន់​តែ​រីង​រាក់។ «»

ចំណែក​កសិករ​ម្នាក់​នៅ​ភូមិ​ព្រៃគ្រី​ត្បូង នៃ​ស្រុក​ជលគីរី ដែល​ព្រោះ​ស្រូវ​ប្រាំង​ទំហំ​៤០​អា ដោយ​ពឹង​លើ​ប្រភព​ទឹក​នៅ​ទំនប់​តាកុយ គឺ​លោក ឆែម ឆឺន ឲ្យ​ដឹង​ថា រូប​លោក និង​កសិករ​ជា​ច្រើន​ទៀត ព្រោះ មិន​អស់​ផ្ទៃ​ដី​ដែល​ខ្លួន​មាន ដោយសារ​ឆ្នាំ​២០១៥​កម្រិត​ទឹក​ទន្លេ​ទាប​មិន​ហូរ​ចូល​អាង​ទឹក​តាកុយ ទើប​កសិករ​ខ្វះ​ខាត​ទឹក​តាំង​ពី​ដើម​រដូវ។ ជាក់ស្ដែង​លោក​មាន​ដី​ជាង​១​ហិកតារ ប៉ុន្តែ​ធ្វើ​បាន​តែ​៤០​អា​ប៉ុណ្ណោះ។ «»

ឆ្លើយតប​បញ្ហា​នេះ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់​ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់​ថា ស្រូវ​ប្រាំង​របស់​កសិករ​មិន​ទាន់​មាន​ស្វិត​ងាប់​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​កំពុង​មាន​វិធាន​ការ​បន្ទាន់​មួយ ដើម្បី​សង្គ្រោះ​ស្រូវ​ទាំង​នេះ ដោយ​កាយ​ប្រឡាយ​នាំ​ទឹក​ពី​បឹង​ដំរាំងក្របី។ ប៉ុន្តែ​លោក​ថា ស្រូវ​ប្រាំង​ប្រមាណ​៥០០​ហិកតារ​នោះ មិន​ប្រឈម​ខ្វះ​ទឹក​ទាំង​អស់​នោះ​ទេ។«»

លោក ងិន ហ៊ុន ឲ្យដឹង​ថា ការ​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៥-២០១៦ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង នៅ​សល់​ផ្ទៃ​ដី​ចន្លោះ​ពី​២​ពាន់ ទៅ​៣​ពាន់​ហិកតារ ក្នុង​ចំណោម​ផ្ទៃ​ដី​ស្រែប្រាំង​ក្នុង​ផែនការ​សរុប​ជិត​៣​ម៉ឺន​ហិកតារ(២៩,៧០០)។ ការ​បង្កបង្កើន​មិន​អស់​ផ្ទៃ​ដី​កសិកម្ម​នេះ គឺ​ដោយសារ​បញ្ហា​កម្ពស់​ទឹក​ទន្លេ​ទាប​កាល​ពី​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​ស្រែប្រាំង​របស់​កសិករ​នៅ​ប៉ែក​លើៗ មិន​អាច​ទទួល​ទឹក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។