អភិបាលខេត្ត​ព្រះសីហនុ​ប្ដេជ្ញា​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ចប់​ត្រឹម​ឆ្នាំ​២០១៦

អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ប្ដេជ្ញា​ថា ជួយ​ពន្លឿន​ឲ្យ​ក្រុមការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ចប់​ឲ្យ​បាន​ឆាប់​នៅ​ឆ្នាំ​២០១៦។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី បាន​សាទរ​ថ្នាក់ដឹកនាំ ខេត្ត​ព្រះសីហនុ ដែល​សន្យា​ជួយ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ឈាន​ដល់​ចុះ​វាស់វែង​ចំណែក​ដី​ផ្ដល់ ប្លង់​កម្មសិទ្ធិ ស្រប​ច្បាប់។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា បាន​ចុះហត្ថលេខា និង​ជួយ​ជំរុញ​ឲ្យ​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី បញ្ចប់​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ចប់​ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​អនុវត្ត​ទៅ​បាន ដើម្បី​ឈាន​ដល់​ចុះ​វាស់វែង​ចំណែក​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​នានា ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៦​នេះ។

លោក​បន្ត​ថា ទំនាស់​ដីធ្លី ដែល​មិន​ស្ថិត​ក្នុង​ចំណាត់​ការ របស់​តុលាការ អាជ្ញាធរ​ខេត្ត​នេះ នឹង​ខំ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ទៅតាម​ពេលវេលា​ជាក់ស្ដែង។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ឆ្នាំ​ថ្មី​នេះ ការ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​ទិសដៅ​អភិវឌ្ឍន៍ របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី លែង​ព្រួយបារម្ភ​ពី​ការរំលោភ​ដីធ្លី​កំពុង​រស់នៅ និង​ដី​បង្កបង្កើនផល​តទៅទៀត៖ «មកដល់​ពេល​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​ជំរុញ​ឲ្យ​ក្រុមការងារ ចុះ​វាស់វែង​ដីធ្លី និង​ដោះស្រាយ​ទំនាស់​នេះ​ជូន​បងប្អូន នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី បានជា​ច្រើន​សហគមន៍​រួច​ហើយៗ ក៏​ស្នើសុំ​ការយោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ចុះ​អនុវត្ត​ការងារ​នេះ ព្រោះ​មន្ត្រី​ចុះ​ធ្វើ​ការងារ​នេះ​មាន​ចំនួន​តិច ហើយ​ទំនាស់​បាន​កើត​មាន​ច្រើន​សហគមន៍​។ ប៉ុន្តែ​បញ្ហា​ទំនាស់​ដីធ្លី​ទាំងឡាយ​ណា ដែល​ស្ថិត​ក្នុង​ដៃ​តុលាការ ឬ​តុលាការ​សម្រេច​សេចក្ដី​រួចហើយ អាជ្ញាធរ​ខេត្ត​មិន​អាច​លូកដៃ​ចូល​បានទេ»

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជិត ២០ សហគមន៍ នា​ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ចំពោះ​ការ​យក​ចិត្តទុកដាក់​លើ​កង្វល់ របស់​ប្រជាពលរដ្ឋ ដែល​រង​ទុក្ខ​លើ​បញ្ហា​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន និង​មន្ត្រី​មានអំណាច​កន្លងមក។

ប្រធាន​សហគមន៍​សេអ៊ីប្រាំ (CE5) លោក ស៊ុន សុផាត មាន​ទីតាំងនៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃ​បន់ ខេត្ត​ព្រះសីហនុ ថ្លែង​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ កំពុង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​វាស់វែង កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់។ លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការបាត់បង់​ដី​លំនៅឋាន និង​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល តាំងពី​ឆ្នាំ​១៩៩៣ ដោយសារ​ក្រុមហ៊ុន និង​មន្ត្រី​មានអំណាច​បន្ត​មាន​មហិច្ឆតា​ប៉ុនប៉ង​រំលោភ យក​រហូតមកដល់​សព្វ​ថ្ងៃ​នេះ។

បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​សេអ៊ីប្រាំ បាន​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​សកម្មភាព​ចុះ​ពិនិត្យ​វាស់ដី ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

លោក ស៊ុន សុផាត ឲ្យ​ដឹង​ថា ដី​លំនៅឋាន និង​ចម្ការ​ដំណាំ ពលរដ្ឋ​នៅ​សហគមន៍​សេអ៊ីប្រាំង​ជាង១០០​គ្រួសារ មាន​ផ្ទៃដី​សរុប​ជាង ១០០​ហិកតារ ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​មន្ត្រី​មានអំណាច ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក៖ «សូម​ជួយ​ពន្លឿន​កិច្ច​ការងារ ដែល​ឯកឧត្ដម​អភិបាលខេត្ត បាន​សន្យា​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ នៅ​សហគមន៍​សេអ៊ី៥ ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​នេះ កំពុង​ទន្ទឹង​រង់ចាំ ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​រស់នៅ​ស្របច្បាប់​ពី​អាជ្ញាធរ»

ចំណែក​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​ចិន​ឈ្មោះ យិះជៀ ថា​បាន​បន្ត​គំរាម​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន និង​ដី​កសិកម្ម​ធ្លាប់​បង្កបង្កើន​ផល​តាំងពី​ឆ្នាំ​១៩៩២ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ពួកគាត់ មិន​ឲ្យ​ធ្វើ​របរ​កសិកម្ម និង​សង់ផ្ទះ​ជាដើម។

ប្រធាន​សហគមន៍ ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្ម​ធំ លោក សេន ចន្ថា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រជាពលរដ្ឋ​ពួកគាត់​ជាង ១០០​គ្រួសារ បាន​សង់ផ្ទះ និង​ធ្វើ​ដីស្រែ​ចម្ការ នា​មូលដ្ឋាន​នេះ ឃុំ​រាម តាំងពី​ឆ្នាំ​១៩៩២​មក ហើយ​ទើប​នៅ​ឆ្នាំ​២០០៧ ដែល​ក្រុមហ៊ុន​ចិន​យិះជៀ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ ៩៩​ឆ្នាំ ពី​រាជរដ្ឋាភិបាល ទំនាស់​ដីធ្លី​ក៏បាន​កើតឡើង ដោយសារ​ឥទ្ធិពល​ក្រុមហ៊ុន​នេះ។

ផ្ដើម​ពី​កង្វល់​នេះ ក្នុងនាម​តំណាង​ពលរដ្ឋ លោក សេន ចន្ថា បាន​សំណូមពរ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​សកម្មភាព កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្ដល់​ប្លង់​កម្មសិទ្ធិ​ចេញពី​គម្រោង​អភិវឌ្ឍ របស់​ក្រុមហ៊ុន​ចិន យិះជៀ ឲ្យ​បាន​ឆាប់ ព្រោះ​ក្រុមហ៊ុន​នេះ​បន្ត​មាន​មហិច្ឆតា​បណ្ដេញ​ពួកគាត់​ជាង​គ្រួសារ​ចេញពី​ដី​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​តំបន់​នេះ​ពី​រដ្ឋាភិបាល។ លោក សេន ចន្ថា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ពួកគាត់​ទាំង ១​រយ ៦​គ្រួសារ មាន​ផ្ទៃដី​សរុប​ជាង ៣​រយ ៣៣​ហិកតារ៖ «នៅ​ទីនេះ​មាន​ដំណាំ​ស្វាយ ដូង ខ្នុរ និង​ស្រែ​ចំការ របស់​ប្រជាពលរដ្ឋ បាន​ទទួល​ផល​ជា​រៀងរាល់​ឆ្នាំ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។ ដូច្នេះ​សូម​សំណូម​ដល់​សម្ដេច​តេជោ ជួយ​កាត់​ឆ្វៀល​ដី​ចេញពី​គម្រោង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​ចិន​យិះជៀ ឲ្យ​បាន​ឆាប់ និង​ស្នើ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​ទាំង ១០៦​គ្រួសារ របស់​ពួក​ខ្ញុំ។ ហើយ​ស្នើសុំ​អភិវឌ្ឍ​មូលដ្ឋាន​នៅ​នឹង​កន្លែង​ដោយ​ខ្លួនឯង»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​លំនៅឋាន របស់​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ភាគច្រើន បាន​មក​តាំងទី​លំនៅ​ជា​អចិន្ត្រៃយ៍ និង​មាន​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​មាន​ទំនាស់​នោះ​ជា​បន្តបន្ទាប់​រហូត​មក​។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ ស្នើ​ជួយ​ពន្លឿន​សកម្មភាព​កាត់​ឆ្វៀល​ដី ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ជូន​ពលរដ្ឋ នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជិត ២០​សហគមន៍ នា​មូលដ្ឋាន ខេត្ត​ព្រះសីហនុ ឲ្យ​រួចរាល់​ជា​ស្ថាពរ នៅ​ឆ្នាំ​២០១៦​នេះ ព្រោះ​ពួកគាត់​បាន​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​នេះ​យ៉ាង​អន្ទះសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។