សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​អនុវត្ត​ការងារ​ប្រកាន់​មុខ​ជំនាញ ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ងាយ​គេចខ្លួន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​នៅ​ខេត្តស្ទឹងត្រែង​អនុវត្ត​ការងារ​ប្រកាន់​លើ​ជំនាញ ខ្វះ​ការ​សហការ​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ងាយ​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​ រួច​រក​ចាប់ខ្លួន​មិន​បាន ។

ទាក់ទិន​ករណី​ខាងលើ​នេះ​គេ​មិន​បានដឹង​ថា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មានការ​ប្រកាន់​ភ្ជាប់​លើ​តែ​មុខ​ជំនាញ​របស់​​ខ្លួន​តាម​ការិយាល័យ​គ្រប់គ្រង​ដោយ​លោកស្នងការ​រង​នីមួយ​ៗឬយ៉ាង​ណា​នោះ​យ៉ាងណា​ទេ តែ​ពាក់ព័ន្ធ​ករណី​ដែល​តែងតែ​កើតឡើង​ភាគច្រើន​គេ​សង្កេត​ឃើញ​ថា ដូច​ជា​ករណី​បទល្មើស​លួច ជួនកាល​មន្ត្រី​ចរាច​ណ៍​មិន​បានដឹង និង​មិន​បាន​ឃាត់​នោះ​ដែរ ចំណែក​ទាក់ទង​នឹង​រឿង​គ្រោះថ្នាក់​ចរាច​ណ៍​ដែល​បាន​កើតឡើង​វិញ មន្ត្រី​ចរាច​ណ៍​សុំ​ឲ្យ​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ដែល​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ចេញ​ជួយ​អន្តរាគមន៍​ដើម្បី​ឃាត់​មុខសញ្ញា​ដែល​រត់គេច​ខ្លួន តែ​គេ​ថា​មិនមែន​ជា​ជំនាញ​របស់​ខ្លួន​ឡើយ ។ នោះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដោយ​មន្ត្រី​ចរាច​ណ៍​ជើង​គោក ។

ជាក់ស្តែង កាលពី​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​នៅ​ពេល​យប់ ត្រង់​ចំណុច​ក្បែរ​ស្ពាន​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង​ស្រវឹង​បើករថយន្ត​ថយក្រោយ​ចេញពីផ្ទះ​មួយ​ខ្នង​ក្បែរ​ស្ពាន​នោះ​យ៉ាង​លឿន រួច​ក៏​បាន​បុក​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពីក្រោយ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ក្រុម​បក្ខពួក​ដែល​អង្គុយ​ហូប​ចុក​ជុំ​គ្នា​នោះ​បាន​មក​ស្តីបន្ទោស​ឲ្យ​ជន​រង​គ្រោះ​ថា បើក​ម៉ូតូ​មិន​ប្រយ័ត្ន មួយសន្ទុះ​ក្រោយមក​ក៏​មាន​មន្ត្រី​ចរាច​ណ៍​ជើងគោ​កមក​ដល់ និង​សុំ​ឲ្យ​ក្រុម​អ្នក​ហូប​ចុក​ជុំ​គ្នា​នោះ​សហការ​ជាមួយ​ដើម្បី​ចូលរួម​ផ្តល់​អត្តសញ្ញាណ​ជន​បង្ក បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​បង្គាប់​ឲ្យ​ស្នងការ​រង​ទទួល​ផែន​ចរាច​ណ៍​ជើង​គោក​នាំ​ពួក​គេ​ទៅ​ស្នងការដ្ឋាន ហើយ​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ក៏​មាន​កម្លាំង​នគរបាល​អន្តរាគមន៍​ជា​ច្រើន​នាក់ តែ​ខណៈ​ដឹង​ថា​ជា​រឿង​គ្រោះថ្នាក់​ចរាច​ណ៍ ពួក​គេ​ក៏​បាន​ឡើង​រថយន្ត​ទៅ​យ៉ាង​រំភើយ ដែល​មន្ត្រី​ចរាច​ណ៍​២-៣​នាក់​កំពុង​តស៊ូ​សម្របសម្រួល​ក្រុម​អ្នក​ស្រវឹង​ជា​ច្រើន​នាក់​នោះ​ទៅ​ស្នងការដ្ឋាន​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ។

ចំណែក​នៅ​វេលា​ម៉ោង​ជា​ង​១០​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៦ ក៏​មាន​គ្រោះថ្នាក់​មួយទៀត​កើតឡើង​នៅ​ចំណុច​ក្បែរ​ឈាបនដ្ឋាន​សម្រាប់​បូជាសព​រវាង​ម៉ូតូ​និង​រថយន្ត ដែល​បង្ក​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់​និង​ស្រាល ចំណែក​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​ចរាច​ណ៍​ជើង​គោក​ឲ្យ​ដឹង​ដែរ​ថា បាន​សុំ​ការ​អន្តរា​គន៍​ទៅ​កងកម្លាំង​ឈរជើង​តាម​គោលដៅ​ដែរ តែ​ការ​សុំ​សហការ​នោះ​បែរជា​មិន​មាន​លទ្ធផល​ទាល់តែ​សោះ ទីបំផុត​មិនដឹង​ថា​រថយន្ត​បង្កហេតុ​នោះ​គេច​ទៅ​ដល់​ណា​ទេ ។ មន្ត្រី​ចរាច​ណ៍​ដដែល​បន្ត​ថា ជា​ប្រភេទ​រថយន្ត​កាម​រី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7816​ ក្រោយ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ មាន​ម្នាក់​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ទាំង​យប់ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​នោះ​បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​មួយ​ចំនួន​ថា សមត្ថកិច្ច​គួរ​ណា​សហការ​គ្នា​ជា​រឿង​ល្អ ព្រោះ​កម្លាំង​នគរបាល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិន​ត្រូវ​ប្រកាន់​មុខ​ជំនាញ​នោះ​ឡើយ​ នេះ​ជា​រឿង​គ្រោះថ្នាក់​ចរាច​ណ៍ ចុះបើ​នៅ​ក្នុង​រថយន្ត​នោះ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ ឬ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ធំ​រត់គេច​ខ្លួន​បាន​យ៉ាង​ស្រួល​បែប​នេះ តើ​នឹង​មាន​លទ្ធផល​បែប​ណា​ទៅ​នៅ​ពេល​ក្រោយ ៕