បុរស​ម្នាក់​ជំនាញ​ខាង​បោក​ស្រី​ៗ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​ស្ត្រី​រង​គ្រោះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​ចាញ់បោក​បុរស​រូប​នោះ​អស់ទាំង​ខ្លួនប្រាណ ចិត្ត​ស្មោះត្រង់ និង​ទ្រព្យសម្បត្តិ​ថែម​ទៀត ។

បុរស​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ខាំ សំណាង អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្រី​គ្រង​រាជ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស​.​ណ​.​វ អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅខេត្តកណ្តាល ។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដំបូង​បុរស​រូប​នោះ​បាន​ទូរស័ព្ទ​ច្រឡំ​លេខ ហើយ​បាន​តាម​សុំ​ស្រលាញ់​រូប​នាង​ជា​ច្រើន​ថ្ងៃ​រហូត​សុំ​ស្គាល់​ផ្ទះសម្បែង និង​ឪពុក​ម្ដាយ​នាង ហើយ​បន្ទាប់​មក​បាន​សន្យា​ចូល​ស្ដីដណ្ដឹង​រូប​នាង​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦​ម​ទៀត ប៉ុន្តែ​ពេល​នាង​សុំ​ស្គាល់​ផ្ទះសម្បែង និង​ឪពុក​ម្ដាយ​វិញ បុរស​នោះ​បាន​បដិសេធ​មិន​ឲ្យ​ស្គាល់​ឡើយ ។ ដោយឡែក​នាង​មិន​បាន​សង្ស័យ​ទៅ​លើ​បុរស​នោះ​ទេ ព្រោះ​មើលឃើញ​គួរ​ឲ្យ​ទុកចិត្ត​ដែរ ហើយ​នាង​បាន​ដាក់ចិត្ត​ស្រលាញ់​បុរស​នោះ​វិញ មិនតែប៉ុណ្ណោះ​នាង​បាន​ប្រគល់​ចិត្ត​ស្មោះ និង​ខ្លួនប្រាណ​ឲ្យ​ទៅ​បុរស​នោះ​ដោយ​គ្មាន​ការ​សោកស្ដាយ ព្រោះ​នឹកឃើញ​ថា មុន​និង​ក្រោយ​គង់តែ​ជា​ប្ដី​ប្រពន្ធ​និង​គ្នា ជាង​នេះ​ទៅ​ទៀត​បុរស​នោះ​បាន​លួងលោម​ខ្ចី​លុយ​ជិត​១​ពាន់​ដុល្លារ​ពី​រូប​នាង​ថែម​ទៀត ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​អ្វី​ៗ​ពីរ​រូប​នាង​ហើយ ជន​នោះ​បាន​គេចខ្លួន​បាត់ និង​បាន​បិទ​ទូរស័ព្ទ មិន​អាច​ខ​ល​ចូល​ទៀត​ឡើយ ទើប​ពេល​នេះ​នាង​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​ប៉ូលិស​ឃាត់ខ្លួន​ជន​នោះ​ទៅ​ធ្វើការ​សួរនាំ​តែ​ម្ដង ។ ក្រោយមក​ទើប​ដឹង​ថា មាន​ស្រី​ៗ​ជា​ច្រើន​នាក់​បាន​ចាញ់បោក​ជន​នោះ អស់​ព្រហ្មចារី​យ៍ ខ្លួនប្រាណ និង​លុយកាក់ ដោយ​ជន​នោះ​មាន​ជំនាញ​ខាង​បោក​ស្រី​ៗ​បែប​នេះ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿងដើម្បី​​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕