លោក Platini ដកខ្លួន​ចេញពី​ការ​ប្រជែង​កៅអី​ប្រធាន FIFA

​លោក Michel Platini បានសម្រេច​ដកខ្លួន​ចេញពី​ការបោះឆ្នោត​រើស​ប្រធាន FIFA ជំនួស​លោក Sepp Blatter ដែល​បាន​លាលែង ។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​គណៈកម្មាធិកា​រវិ​ន័យ​របស់ FIFA បាន​ពិន័យ​រូបលោក​មិន​ឲ្យ​ពាក់ព័ន្ធ​សកម្មភាព​កីឡា​៨ ឆ្នាំ ។​

​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini បាន​ដក​បេក្ខភាព របស់លោក​ចេញពី​បោះឆ្នោត​រើស​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ដែល​នឹងធ្វើ​នៅ​ខែកុម្ភៈ​ខាងមុខ ។ សារព័ត៌មាន AFP ស្រង់​សម្ដី​លោក Platini ថា លោក​នឹងមិន​បង្ហាញខ្លួន​ជា​បេក្ខភាព​នោះទេ ។ លោក​បាន​ដក​ខ្លូន​ចេញ​ហើយ ពីព្រោះ​លោក​គ្មាន​ពេល​ទៅ​ជួប​អ្នកបោះឆ្នោត​ឡើយ ។

​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ប្រធាន UEFA រូបនេះ ក៏ដូចជា​លោក Blatter ត្រួវបាន​គណៈ​ក​ម្មា​ធិ ការ​វិន័យ​របស់ FIFA ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា ៨​ឆ្នាំ ។ ពោលគឺ​ក្រោយពេល​មានការ​ស៊ើប អង្កេត​លើ​ករណី​ពុករលួយ​ប្រាក់​ចំនួន ២.០២​លាន​ដុល្លារ​ដែល​លោក Blatter ផ្ដល់​ឲ្យ​លោក Platini ក្នុង​ឆ្នាំ​២០១១ ។ យ៉ាងណា បុរស​ទាំងពីរ​នាក់​បាន​បដិសេធ​រឿងនេះ ។​

​តាំងពីដើម​មក លោក Platini តែងតែ​ទទូច​ឲ្យ លោក Blatter លាលែង​ពី​តំណែង ព្រោះ​លោក Blatter កាន់តំណែង​នេះ​យូរ​មកហើយ ។ មួយវិញទៀត លោក Platini ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខជន​នាំមុខគេ​សម្រាប់​តំណែង​ប្រធាន FIFA នេះ ។ ប៉ុន្តែ​រឿងអាស្រូវ​ពុករលួយ​បាន​ប៉ះពាល់​ខ្លាំង​ដល់​បេក្ខភាព​របស់លោក ។

​សូម​រម្លឹកថា ប្រធាន FIFA ថ្មី​នឹងត្រូវ​ជ្រើសរើស​ក្នុង​សមាជ​វិសាមញ្ញ FIFA ដែល​នឹងធ្វើ​នៅ​ស្នាក់ការ​កណ្ដាល​របស់ខ្លួន​ក្នុង​ទីក្រុង Zurich នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ខាងមុខនេះ ។ ហើយ​នៅពេលនេះ មាន​បេក្ខភាព​មួយចំនួន​ហើយ​ដែល​បាន​ឈ្មោះ​ប្រជែង​កៅអី​ប្រធាន​ស្ថាប័ន​កីឡាបាល់ទាត់​ពិភពលោក​ដែល​នៅ​ទំនេរ​នេះ ៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​