កម្ពុជា-ចិន គ្រោងចុះ MOU ជាមួយគ្នា លើការពង្រឹង កិច្ចសហការ ផ្នែកទេសចរណ៍ និងវប្បធម៌

ភ្នំពេញ៖ កម្ពុជា និងចិនគ្រោង ចុះអនុស្សរណៈយោគយល់គ្នា លើការពង្រឹងកិច្ចសហកាផ្នែកទេសចរណ៍ និ ងវប្បធម៌ ដោយផ្តោតទៅលើ ការផ្សព្វផ្សាយពីគ្នាទៅវិញមក ពិសេសការសម្របសម្រួលផ្នែកទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងអ្នកជំនាញ លើគ្រប់វិស័យសំខាន់ៗ ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារ ជាមួយប្រតិភូខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក WAN yixue អគ្គនាយក នៃនាយកដ្ឋានទេសចរណ៍ខេត្តអានហ៊ុយ នៅទីស្នាក់ការ នៃអាជ្ញាធរជាតិអប្សរា។

កិច្ចពិភាក្សានេះផ្តោតទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកទេសចរណ៍ និងវប្បធម៌រវាង រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងរមណីយដ្ឋានពិភពលោកហ័ងសាន នៃខេត្តអានហ៊ុយ។

ក្នុងជំនួននោះលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបរាប់អំពីទំនាក់ទំនងជិតស្និទ្ធ រវាងកម្ពុជា និងចិន ដែលធ្លាប់មានតាំងពី សម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។ ដោយឡែកគម្រោង សហប្រតិបត្តិការរវាងរមណីយដ្ឋានអង្គរ ជាមួយរមណីយដ្ឋានហ័ងសាន ក្រុមការងារនៃរមណីយដ្ឋានទាំងពីរ ក៏ធ្លាប់បានលើកមកពិភាក្សាគ្នាពីរលើករួចមកហើយដែរ។

លោកបន្តថា “តាមកំណត់បង្ហាញ ដែលក្រុមទាំងពីរធ្លាប់បានជជែកគ្នាកន្លងមក គម្រោងចុះអនុស្សារណៈយោគយល់គ្នា នឹងធ្វើឡើង ដោយផ្តោតទៅលើ ការផ្សព្វផ្សាយពីគ្នាទៅវិញមក ការសម្របសម្រួលផ្នែកទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងអ្នកជំនាញ លើគ្រប់វិស័យសំខាន់ៗ ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសចរណ៍”។

ជាមួយគ្នានេះ លោក WAN yixue បានបញ្ជាក់ថា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាន គឺជាសម្បត្តិបេតិកភណ្ឌលោកដូចគ្នា ដូច្នេះ ច្បាស់ណាស់ថា នឹងមានចំណុចគ្រប់គ្រងមួយចំនួន ដែលយើងអាចរៀនសូត្រពីគ្នាបាន។ យើងចង់ឲ្យ មានការផ្សព្វផ្សាយពីគ្នាទៅវិញទៅមក និងមានការដោះដូរបទពិសោធន៍រវាងគ្នានឹងគ្នា តាមរយៈកិច្ចព្រមព្រៀងមួយ ដែលក្រុមការងារធ្លាប់បានជជែកគ្នា ជាបណ្តើរៗមកហើយ។

ជាការឆ្លើយតប លោក ស៊ុ ម៉ាប់ បានលើកឡើងថា អាជ្ញាធរជាតិអប្សរា នឹងចាត់ក្រុមជំនាញ ដើម្បីរៀបចំកិច្ចព្រមព្រៀងនេះ ដោយធ្វើការជាមួយ ភាគីខេត្តអានហ៊ុយ ដែលគ្រប់គ្រងរមណីយដ្ឋានហ័ងសាន ធ្វើយ៉ាងណាឲ្យកិច្ចសហការនេះ ចេញជាលទ្ធផលក្នុងឆ្នាំ២០១៦នេះ។

សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុក នាយកដ្ឋាអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដឹកនាំក្រុមការងារ បំពេញទស្សនកិច្ចរមណីយដ្ឋានហ័ងសាន និងបានពិភាក្សាការងារមួយចំនួន រហូតឈានដល់ការធ្វើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ នៃរមណីយដ្ឋានទាំងពីរ លើវិស័យវប្បធម៌ និងទេសចរណ៍។

ចុងខែធ្នូកន្លងទៅនេះ គណៈប្រតិភូរមណីយដ្ឋានហ័ងសាន ក៏បានមកបំពេញទស្សនកិច្ចរមណីដ្ឋានអង្គរ និងបន្តពិភាក្សាលើកិច្ច សហប្រតិបត្តិការនេះម្តងទៀត។ ដូច្នេះ ជំនួបថ្ងៃទី៨ ខែមករានេះ ជាជំនួបពិភាក្សាលើកទី៣ហើយ ដែលអាចនឹងឈានដល់ការចុះ អនុស្សារណៈយោគយល់គ្នាមួយ រវាងរមណីយដ្ឋានទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ៕