​រថយន្ត​ម៉ាក​ហ៊ី​ណូ និង​រថយន្ត​សាំ​យ៉ុង បើក​បញ្ច្រាសទិស​កៀរ​គ្នា​កៀប​ជាប់​លើ​ស្ពាន

​ខេត្តកណ្តាល​៖ តៃកុង​រថយន្ត​ខ្នាត​ធំ​ម៉ាក​ហ៊ី​ណូ និង​តៃកុង​រថយន្ត​សាំ​យ៉ុង ដោយសារ​ចង់​ឈ្នះ​ចិត្ត​រៀងខ្លួន​បាន​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ដើម្បី​ដណ្តើម​គ្នា​ឆ្លងស្ពាន ហើយ​ខណៈ​ស្ពាន​មាន​ទំហំ​តូច រថយន្ត​ម៉ាក​ហ៊ី​ណូ HINO បាន​បើក​រុក​កៀរ គ្នា​កៀប​ជាប់​នៅ​កណ្តាល​ស្ពាន​ទាំងពីរ ដែល​បង្ក ឲ្យ​ខូចខាត​កំពិត​រថយន្ត​ទាំង​២​គ្រឿង តែ​មិនបាន​បង្ករ​ឲ្យ​មាន​អ្នកបួស​ទេ ។ ហេតុការណ៍​បើកឡាន​ប្រជែង​ចិត្ត​គ្នា​នេះ​កើតហេតុ ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ម៉ោង​១១ និង​៥០​នាទី លើផ្លូវ​ជាតិ លេខ ២១ ចំណុច​លើ​ស្ពាន​ព្រែក​ឈឹម ( ទី​៤៩ ) ស្ថិតនៅ​ក្នុងភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ១.​ឈ្មោះ​អ៊ែ កុសល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង បើកបរ​រថយន្ត​ម៉ាក HINO ពណ៌​ក្បាល​បៃតងខ្ចី ទ្រុង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 3 B-2625 បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ( តាខ្មៅ​ជ្រៃ​ធំ ) ។ ទី​២.​ឈ្មោះ ថាច ស្រស់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បើកបរ រថយន្ត​សាំ​យ៉ុង​ពណ៌​បៃតង​ពាក់​ផ្លាកលេខ ភ្នំពេញ​2AG-5990 ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ជ្រៃ​ធំ​.​តាខ្មៅ ) មាន​ទីលំនៅៗ ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា រថយន្ត​ទាំង​២​បើកបរ​មាន​ទិសដៅ​បញ្ច្រាស់​គ្នា រថយន្ត​ធំ​ម៉ាក​ហ៊ី​ណូ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព ទើប​ទៅបុក​រថយន្ត​តូច​សាំ​យ៉ុង បណ្ដាល​ធ្វើ​ឲ្យ​រថយន្ត​ទាំង​២ កៀប​ជាប់​លើ​ស្ពាន ។ ករណីនេះ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ថ្មី បាន​ទៅដល់​កន្លែង កើតហេតុ​សម្រួល​ចរាចរណ៍ រួច​ធ្វើការ​វាសវែង ហើយ​នាំយក​រថយន្ត​ទាំងពីរ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

KA-08-01-2016-50 KA-08-01-2016-51