ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប​មួយ​ចំនួន​បោះ​បង់​មុខរបរ​នេសាទ​ដោយ​សារ​បទ​ល្មើស​កើន​ឡើង

តំណាង​សហគមន៍​អ្នកនេសាទ​​ខេត្ត​សៀម​រាប ឱ្យ​​ដឹង​ថា​ពេល​បច្ចុប្បន្ន​ បទល្មើស​​នេសាទ​ត្រី ដោយ​ប្រើ​កាណូត​ធំ​ៗ ក្នុង​បឹងទន្លេសាប នៅ​តែ​កើត​មាន​ជាច្រើន​កន្លែង ទាំង​នៅ​​តំបន់​ចុង​ឃ្នាស​​នៃ​ទឹកដី​​ក្រុង​សៀ​ម​រាប នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង និង​នៅ​​កំពង់ឃ្លាំង​ស្រុក​សូទ្រ​និ​គម ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មាន​ការ​បង្ក្រាប​តិចតួច​បំផុត។

តំណាង​សហគមន៍​នេសាទ​ដដែល​បញ្ជាក់​ថា ដោយសារតែ​កាណូត​នេសាទ​ធំ​ៗ នៅតែ​អាច​បង្ក​បទ​លើ្មស​នេសាទ អូស​ផ្ដាច់​មង របស់​អ្នក​នេសាទ​តូចតាច ព្រម​ទាំង​ប្រើ​អំពើ​​​ហឹ​​ង្សា​​ផង​នោះ ​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ខ្លះ នៅ​ឃុំ​កំពង់​ភ្លុក មានការ​ខ្លាច​​ញញើត ហើយ​សំ​រេច​ចិត្ត​បោះ​បង់​ចោល​មុខ​​របរ​នេសាទ​ត្រី​ជាបន្តបន្ទាប់។

លរដ្ឋ​ខ្មែរ​មួយ​ចំនួន ​ដែល​​រស់នៅ​​ក្នុង​បឹង​ទន្លេសាប​ នៃ​សង្កាត់​ចុង​​​ឈ្នាស​ ក្រុង​សៀម​រាប នៅ​​​​ឃុំ​​​កំ​ពង់​​ភ្លុក ស្រុក​ប្រាសាទបាគង ​និង​នៅ​ឃុំ​កំពង់ឃ្លាំង​ស្រុក​សូទ្រ​និគម នៅ​តែ​ព្រួយបារម្ភ​ចំពោះ​​សកម្មភាព​នេសាទ​ត្រី​ខុសច្បាប់ ​ដែល​បង្កឡើង​​ដោយ​ជនជាតិ​​​វៀត​ណាម​ និង​ក្រុម​ឈ្មួញ​ជន​ជាតិ​ខ្មែរ​ខ្លះ។

ជា​រៀង​រាល់​ថ្ងៃ​ពេល ដែល​ពួក​គេ​ចេញ​ទៅ​​នេសាទ នៅ​ក្នុង​បឹង​ទន្លេ​សាប គឺ​តែង​មាន​​​ការ​ខ្វល់​ខ្វាយ​ចំ​ពោះ​កា​ណូត​​​​​​​ធំៗ​ ដែល​​អូស​បំផ្លាញ​លើ​មង​របស់​ពួកគេ​ ជា​អ្នក​នេ​​​​​​​​​សាទ​បែប​លក្ខណៈ​គ្រួសារ ព្រមទាំង​ភ័យ​​ខ្លាច​ចំពោះ​អ្នកនេសាទ​ខុស​ច្បាប់​ទាំងនោះ​​វាយ​សំពង​​មក​លើ​ពួកគេ នៅ​កណ្ដាល​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹង​ល្វើយ​​ទៀត​ផង។

បុរស​ម្នាក់ ជា​​អ្នក​ភូមិ​រឺ​ទាំង នៃ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ក្នុង​​ចំណោម​អ្នក​នេ​​​​​​​​​​​សាទ​ជា​​ច្រើ​ន​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​អះ​អាង​ថា​​បច្ចុប្បន្ន​នេះ សកម្មភាព​​នេ​​​​​​​​​​​​សាទ​ត្រី​ខុស​ច្បាប់​​​​​​ដោ​យ​ប្រើ​ឧបករណ៍​ស៊ីប និង​​​​​យ៉ាំងកាវ វែងៗ​ អូស​តាម​​កាណូត​​ធំៗ កំពុង​កើត​មាន​យ៉ាង​ខ្លាំង​ទាំ​ង​ពេល​យប់​​និង​ពេល​ថ្ងៃ។ អ្នក​​នេ​​​​សាទ​ដដែល​បញ្ជាក់​ថា​អ្នក​ប្រ​ព្រឹត្ត​អំពើ​នេះ គឺ​ខ្លះ​ជា​ពួក​ឈ្មួញ​ដែល​នេ​សាទ​ត្រី​យក​ទៅ​ជួញ​ដូរ​​ទ្រង់ទ្រាយ​ធំ និង​ខ្លះ​ទៀត​គឺ​ជា​ជន​ជាតិ​វៀតណាម។

សកម្មភាព​​នេសាទ​ខុស​ច្បាប់​ទាំងនោះ មាន​ចាប់​តាំង​តែ​ពី​កណ្ដាល​ទន្លេសាប​នៃ​ឃុំ​​កំពង់ឃ្លាំ​ង​​រហូត​ទៅ​ដល់ តំបន់​​មាត់​​ខ្លា នៃ​ស្រុក​ជី​ក្រែង៖ «ឥឡូវនេះ កំពុង​តែ​គគ្រឹក​ហើយ! ប្រជាពលរដ្ឋ​នៅ​ក្នុង​នេះ​ហើយ ជាពិសេស​វៀតណាម។ បទល្មើស​មហា​សែន​បទល្មើស​ហើយ នៅ​កំពង់​ឃ្លាំង ស៊ីប យ៉ាំងកាវ»។

ក្រុម​អ្នកនេសាទ​នៅ​ឃុំ​កំពង់​ឃ្លាំង រិះ​គន់​ថា គេ​មិន​ដែល​ឃើញ​មន្ត្រី​ជល​ផល ឬក៏​អា​ជ្ញា​ធរ​​មូល​ដ្ឋាន ចុះ​​បង្រ្កាប​​​បទ​ល្មើស​នេ​​​​​​​សាទ​ទាំងនោះ ទេ ដែល​​វា​​គួរ​ឱ្យ​សង្ស័យ​ថា ក្រុម​​មន្ត្រី​អាច​​នឹង​មាន​ការ​ជាប់​ពាក់ព័ន្ធ​​ជា​មួ​យ​នឹង​បទល្មើស​នេសាទ​ទាំងនោះ។

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​​នាយ​​ខ័ណ្ឌ​រដ្ឋ​បាល​ជលផល ខេត្ត​សៀមរាប លោក ព្រិន សាវិន ដើម្បី​សុំ​ការ​អធិប្បាយ​បាន ថា​យ៉ាង​ណា​នៅឡើយ​ទេ

កាល​ពី​រាត្រី​ថ្ងៃ​ទី១​៤ ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ ជនជាតិ​វៀតណាម​ប្រមាណ​៥០នាក់ បាន​ប្រើ​កាណូត​ធំៗ ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​នេ​សាទ​ត្រី​ខុសច្បាប់ នៅ​អតីត​តំបន់​ឡូតិ៍​លេខ៤​នៃ​​បឹង​ទន្លេ​សាប។ ក្រុម​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ មិន​ត្រឹម​តែ​នេ​សាទ​ត្រី​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ព្រួត​គ្នា​វាយ​ដំ​​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ដែល​​​នេសាទ​ត្រី​ជា​លក្ខណៈ​​គ្រួ​សារ ឱ្យ​រង​របួស​ចំនួន​១៥នាក់ទៀត​ផង។

រហូត​មក​ដល់ពេលនេះ សមត្ថកិច្ច​​ខេត្ត​សៀមរាប ​ក្រៅ​តែ​ពី​ចាប់ខ្លួន​បុរស​ជនជាតិ​​វៀត​ណា​ម​ម្នាក់​ឈ្មោះ ដូ យ៉ាំង​​​​​​​​​ថាន់ អាយុ​៥២ឆ្នាំ ​រស់នៅ​លើ​​ផ្ទះ​បណ្ដែត​ទឹក នៃ​បឹងទន្លេសាប តំបន់​ចុងឃ្នាស បញ្ជូន​ទៅ​តុលា​ការ គឺ​នៅ​​មិន​ទាន់​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ ដែល​ពាក់​ព័ន្ធ​និង​អំពើ​​ហឹ​ង្សា​​ជាង​៤០​នាក់​ផ្សេងទៀត មក​ផ្ដន្ទាទោស​​នៅឡើយ។

ស្នង​ការ​រង​នគរ​បាល​ខេត្ត​សៀម​រាប ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស លោក អ៊ុំ អមរា មាន​ប្រសា​សន៍​​ថា​រហូត​មកដល់ថ្ងៃទី៧​​ខែ​មករា​នេះ កម្លាំង​របស់​លោក​ទើប​​តែ​បាន​​តាម​​ស្រាវ​ជ្រាវ​រក​ឃើញ​កា​​ណូ​ត​​ធុន​លឿន ចំនួន​១០គ្រឿង ដែល​ត្រូវ​សុំ​​ដីកា​​បញ្ជារ​​ពី​តុលា​ការ ឱ្យ​ម្ចាស់​កាណូត​ទាំងនោះ ​ចូល​ខ្លួន​​មក​ធ្វើ​ការ​សាកសួរ៖ «ធម្មតា​ក្នុង​១ទូក ជន​ល្មើស​ក៏​អាច​មាន​គ្នា​ពី៧-៨នាក់ដែរ ​ថ្វីត្បិត​ថា​១០ទូក មាន​គ្នា​ច្រើន​មែន​ប៉ុន្តែ​ខ្ញុំ។ មិន​ទាន់​ដឹង​ថា​អ្នក​ណា​បាន​វាយ​តប់​ទៅ​លើ​អ្នក​​នេ​​​សាទ​ខ្មែរ​ខ្លះ​ទេ»។

ចំណែក​ជនជាតិ​វៀតណាម​៤នាក់ ដែល​សមត្ថកិច្ច​តាម​​ស្រាវជ្រាវ​សាវតា តាំងតែ​ពីថ្ងៃទី២០ ខែ​ធ្នូ កន្លង​ទៅ​​នោះ គឺ​នៅ​​លើ​ដៃ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ខេត្ត​សៀមរាប ដែល​នឹង​ត្រូវ​​សុំ​ដីកាបញ្ជា​ឱ្យ​នាំ​ខ្លួន​មក​សាក​សួរ ក៏ប៉ុន្តែ​រហូត​មកដល់ពេលនេះ គេ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅឡើ​យ។

ដោយសារតែ​​សមត្ថកិច្ច​រដ្ឋាភិបាល មាន​​ចំណាត់​ការ​យឺត​យ៉ាវ ក្នុង​ការ​តាម​ចាប់ខ្លួន​ជនជាតិ​​វៀតណាម​ចំនួន​៥០នាក់ ដែល​បាន​ព្រឹត្តិ​បទ​ល្មើស​នេសាទ ព្រម​ទាំង​វាយ​ដំ​អ្នក​នេសាទ​ខ្មែរ នៅ​ក្នុង​បឹង​ទន្លេសាប​នេះ បច្ចុប្បន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច នៅ​ពេល​ចេញទៅ​នេសាទ​ម្ដងៗ​ ដោយ​​ធ្វើ​ឱ្យ​ក្រុម​អ្នក​នេសាទ​ត្រី​ខុស​ច្បាប់ កាន់តែ​បាន​ចិត្ត និង​បង្ក​សកម្ម​ភាព​​កាន់​តែ​ខ្លាំង​​ឡើងៗ។

តំណាង​អ្នក​នេសាទ នៅ​ខេត្ត​សៀមរាប លោក ឱម ឈឹម មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន សកម្មភាព​នេសាទ​ត្រី​ខុស​ច្បាប់ ដោយ​ប្រើ​កាណូត​​ធំៗ គឺ​កំពុង​កើត​មាន​នៅ​កណ្ដាល​បឹ​ង​ទន្លេសាប។ លោក ឱម ឈឹម បញ្ជាក់​ថា​សកម្មភាព​នេ​​សាទ​ត្រី​ខុស​ច្បាប់​ទាំង​នោះ គឺ​ប្រើ​កា​​ណូត​​​​ធំៗ មាន​ល្បឿន​លឿន ហើយ​សមត្ថកិច្ច​រដ្ឋាភិបាល​ គ្មាន​មធ្យោ​បាយ​គ្រប់​គ្រាន់​ក្នុង​ការ​តាម​បង្ក្រាប​ទេ។ លោក ឱម ឈឹម ព្រួ​យបារម្ភ​ថា​ប្រសិនបើ​សមត្ថកិច្ច នៅ​តែ​បណ្ដែត​បណ្ដោយ ឱ្យ​ក្រុម​ជន​ជាតិ​​វៀតណាម និង​ឈ្មួញ​ខ្លះ​​នេសាទ​ត្រី​ខុស​ច្បាប់​តទៅទៀត គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នកនេសាទ ជា​លក្ខណៈ​គ្រួសារ មាន​ប្រជាពលរដ្ឋ​ ចំនួន​​៣០​គ្រួសារ នៅ​ឃុំ​កំពង់ភ្លុក បាន​សំ​រេច​ចិត្ត​បញ្ចប់​​មុខរបរ​នេសាទ ហើយ​ចាក​​ចេ​ញ​ចោល​ផ្ទះ​សម្បែង ទៅ​រក​ការ​​ងារ​ធ្វើ​នៅ​កន្លែង​​ផ្សេង«ឥឡូវ​វា​នៅ​តែ​សកម្មភាព​​​ខ្លាំង​ដដែល​​នៅ​កណ្ដាល​ទន្លេ។ ប្រជាពលរដ្ឋ​អត់​សូវ​ហ៊ាន​ចេញទៅ​នេសាទ​ទេ ខ្លាច​ខូចខាត​របស់ទ្រព្យ»។

ន្ត្រី​សម្របសម្រួល​កម្មវិធី​បឹងទន្លេសាប នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​ដែល​ហៅ​កាត់​ថាហ្វេក​ថ៍ (Fact) លោក មិញ ប៊ុនលី ​ទទួល​ស្គាល់​ថា​​ចាប់​តាំង​​តែ​ពី​៣-៤​ខែ នៃ​ចុង​ឆ្នាំ​២០១៥ រហូត​មក​ដល់ពេលនេះ គឺ​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេ​សាប នៃ​បណ្ដា​​ខេត្ត​ទាំង៥ នៅ​តែ​កើត​មាន​ខ្លាំង ចំណែក​ឯ​សមត្ថកិច្ច​ហាក់​ដូចជា​មិន​មាន​យន្ត​ការ​បង្ក្រាប​ច្បាស់​លាស់​ទេ។ លោក មិញ ប៊ុនលី ព្រួយបារម្ភ​ចំពោះ​រូប​ភាព​នៃ​​បទ​ល្មើស​នេ​​​សាទ​ខុស​ច្បាប់ ក្នុង​បឹងទន្លេសាប​ដែល​ចាប់ផ្ដើម​មាន​​​ភាព​សាហាវ ដោយ​ជន​ជាតិ​វៀត​ណាម ព្រួត​គ្នា​វាយ​អ្នក​​នេ​សាទ​ខ្មែរ ជាដើម​នោះ«បទល្មើស​មួយ​ចំនួន ដែល​លួច​លាក់​នៅ​ពេល​យប់ គឺ​វា​ធ្វើ​​ឱ្យ​មាន​ការ​លំបាក​ប៉ុន្តែ​បទ​ល្មើស​លាត​ត្រ​ដាង​មួយ​ចំនួន ដូច​ជា​ការ​ដាក់​សម្រាស់ ដាក់​បរ តាម​មាត់​ទន្លេ​អី គឺ​មាន​ច្រើន​មែន​ទែន»។

មន្ត្រី​អង្គការ​សម្ព័ន្ធ​ភាព ដើម្បី​អភិរក្ស​ធន​ធាន​ជល​ផល ឱ្យ​​ដឹង​ថា​ចាប់​តាំងពី​៣-៤​ខែ នៃ​ចុង​ឆ្នាំ​២០១៥ រហូត​មក​ដល់​ខែ​មករា ដើម​ឆ្នាំ​២០១៦ គេ​រក​ឃើញ​បទ​ល្មើស​នេសាទ ដែល​​កើតមាន​​នៅ​តាម​បណ្ដា​ខេត្ត​ទាំង៥​ជុំវិញ​បឹងទន្លេសាប ចំនួន​ប្រហែលជាង១០០​ករណី។ បទ​ល្មើស​ទាំងនោះ​មាន​រាប់​បញ្ចូល​ទាំង​បទ​ល្មើស​នេសាទ ទាំង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ការ​រំលោភ​​បំពាន​ទៅ​លើ​តំបន់​អភិរក្ស​សម្រាប់ត្រី​ពង និង​កូន​ជាដើម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។