លោក ឈាង វុន​៖ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី នាំមក​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា អាមេរិក​

ភ្នំពេញ: លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​អតីត​ប្រធានក្រុម​មិត្តភាព​សភា​កម្ពុជា សហរដ្ឋអាមេរិក បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក វីលៀម អេ​.​ហៀ​ត (William A. Heidt)​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សហរដ្ឋអាមេរិក ដែល​ទើប​តែងតាំង​ថ្មី​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថា ​នឹង​នាំមក​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​កម្ពុជា និង​សហរដ្​ឋអាមេរិក ខុសពី​បេសកកម្ម​ការទូតរបស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក អាណត្តិ​មុន ដែល​ធ្វើ​ការងារ​ការទូត ដោយ​យក​បញ្ហានយោបាយ​ជា​គោលដៅ ហើយ​ដែល​មិនបាន​គិតពី​បញ្ហា​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឱ្យបាន​ស៊ីជម្រៅ​។​

“​ដោយសារតែ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​អាណត្តិ​មុន បាន​លូកដៃ​ចូល​កិច្ចការ​នយោបាយ​កម្ពុជា និង​បានធ្វើ​ការងារ​ហួស​ពី​ភារកិច្ច​ការទូត​នេះហើយ បានជា​យើង​សង្កេតឃើញថា ចំណងមិត្តភាព កម្ពុជា សហរដ្ឋអាមេរិក​នាពេល​កន្លងមក មិនសូវ​បាន​រីកចម្រើន និង​ពង្រឹង​ឱ្យបាន​ល្អប្រសើរ​សោះ​។ ប៉ុន្តែ តាម​អ្វី​ដែលជា​ទស្សនៈ​និង​ឆ​ន្ទះ​របស់លោក ឯកអគ្គរដ្ឋទូត​ថ្មី ឯកឧត្តម​បានគិត​គូរ ពង្រឹង​ចំណងមិត្តភាព សហប្រតិបត្តិការ ហើយ​ជំរុញ​ឱ្យ​វិស័យទំនាក់ទំនង សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​ឱ្យ​រីកចម្រើន​ល្អ​” នេះ​ជាការ​លើកឡើង​របស់លោក ឈាង វុន ។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា​ឆ្នាំ​២០១៦​នេះ ឯកឧត្តម​អគ្គរដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក ក្នុងជំនួប​ជាមួយ សម្តេច​ប្រធានរដ្ឋសភា ក៏ដូចជា​ក្នុងការ​ពិភាក្សា​ជាមួយ លោក ឈាង វុន  បានលើកឡើង​យ៉ាង​ស៊ីជម្រៅ ពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​លោក ឈាង វុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​នយោបាយ​ការទូត សហរដ្ឋអាមេរិក​ថ្មី​ចំពោះ​កម្ពុជា ដែល​នឹក​ដល់​ផលប្រយោជន៍​សង្គម និង​ប្រជាជន កម្ពុជា ជាធំ និង​បាន​ចាត់ទុកថា នេះ​ជា​របត់​នយោបាយ​ថ្មី​នៃ​សហរដ្ឋអាមេរិក​ចំពោះ​កម្ពុជា ហើយ លោក ឈាង វុន សង្ឃឹមថា នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ ថែមទៀត ដោយមាន​ការសន្ទនា​គ្នា​ញឹកញាប់​ជាមួយនឹង ឯកអគ្គរដ្ឋទូត​ថ្មី​។​

​លោក ឈាង វុន បាន​សម្តែង​ការអបអរសាទរ និង​ជូនពរ​ដល់​លោក​អគ្គរដ្ឋទូត​ថ្មី ទទួលបាន​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​បេសកកម្ម​ការទូត នៅ​កម្ពុជា​៕

លោក ឈាង វុន​៖ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី នាំមក​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា អាមេរិក​

លោក ឈាង វុន​៖ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី នាំមក​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា អាមេរិក​

លោក ឈាង វុន​៖ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី នាំមក​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា អាមេរិក​