នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​៥​នាក់ ​ខណៈ​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​ក្នុង​ចំណោម​៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​​ខណៈ​ពេល​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​ចិញ្ចឹម​ជ្រូក​របស់​ជនសង្ស័យ​ឈ្មោះ ម៉ាក កៃ​ភូ ស្ថិត​ក្នុងភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ម៉ាក កៃ​ភូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​, ២-​ឈ្មោះ ឌុ​ល ស៊ី​ថេ​ត ភេទប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម និង ៣-​ឈ្មោះ ហេង សុង​លី ហៅ ព្រលឹង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​៣​នាក់​មាន​មុខរបរ​កសិករ និង​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មាន ១-​ឈ្មោះ គឹ​ម ហ៊​ង ហៅ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ និង ២-​ឈ្មោះ ឃុន តេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​២​នាក់​មាន​មុខរបរ​កសិករ និង​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ខណៈ​ពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​ធំ​, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕