ប៉េ​អឹ​ម​ខេត្ត​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​៥​នាក់

ខេត្តសៀមរាប ៖ ការិយាល័យ​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៥​នាក់ (​ស្រី​ម្នាក់​) និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ទាំង​៥​នាក់​មាន ១-​ឈ្មោះ លឹ​ម ម៉ូ​ហា​មា​ប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជួញដូរ​), ២-​ឈ្មោះ ញ៉ែ​ប សំ​អុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​មមៀច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ជួញដូរ​), ៣-​ឈ្មោះ ម៉​ម ចរិយា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ប្រើប្រាស់​), ៤-​ឈ្មោះ ពិន ម៉ា​រ៉ា​សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ជួញដូរ​) និង ៥-​ឈ្មោះ មឿ សា​ម៉ាច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជួញដូរ​) ។

លោក ថា ដា​លុ​ច ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មាន ម្ស៉ៅ​ក្រាម ពណ៌​ស ចំនួន​១​កញ្ចប់ ទម្ងន់​១,០៥​ក្រាម ទូរស័ព្ទ​ដៃ​៥​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។ លោក​បញ្ជាក់​ថា លោក​នៅ​តែ​ដឹកនាំ​កំ​ម្លាំ​ង​បន្ត​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន​ឱ្យ​ដូច​ភ្លៀងរលឹម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕