សកម្មភាព​បំពាន​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ទាក់ទាញ​អន្តរាគមន៍​រដ្ឋ​ខាងក្រៅ​កាន់តែច្រើន​

​បើទោះបីជា​មានការ​ថ្កោលទោស​ចិន​ពី​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ក្នុង​ការបំពាន​នៅក្នុង​តំបន់​ត្រួតស៊ីគ្នា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​យ៉ាងណាក៏ដោយ ចិន នៅតែ​បន្តសកម្មភាព​ដ៏​គឃ្លើន​របស់ខ្លួន​ជា​ឯកតោភាគី​ពុំមាន​ខ្លាចក្រែង​រដ្ឋ​ណាមួយ​ឡើយ​។ ហើយ​សកម្មភាព​ហោះហើរ​នៅក្នុង​តំបន់​ជម្លោះ​ចុងក្រោយ  របស់​ចិន កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​ក្តៅក្រហាយ​ខ្លាំង និង សហគមន៍​អន្តរជាតិ ក៏​កំពុង​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ចូលរួមចំណែក​ប្រឆាំង​ចិន​។​

​កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​របស់ខ្លួន​បន្ថែម បន្ទាប់ពី បាន​ហោះហើរ​កាលពី​ថ្ងៃទី​០២ ខែមករា កន្លងទៅ ទៅកាន់​ថ្ម​ប៉ប្រះ Fiery Cross ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី​ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​យន្តហោះ​បន្តបន្ទាប់​គ្នា​ទៅកាន់​តំបន់​ដែល​កំពុង​តែមាន​ជម្លោះ ត្រូវបាន​រដ្ឋ​អាស៊ាន​ចាត់ទុកថា ជាការ​គំរាមកំហែង​ដល់​សន្តិសុខ និង​សេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​នៅក្នុង​តំបន់ ជម្លោះ​។​

​ដោយសារតែ​បញ្ហា​នេះ វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​ពីរលើក​ក្នុង​សបា្តហ៍​នេះ ដើម្បី​ថ្កោលទោស​ចិន និង​ថែមទាំង​បានទាមទារ​ឲ្យ​ចិន បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​ជាបន្ទាន់​ក្នុង​តំបន់​ជម្លោះ​។ វៀតណាម បានចាត់ទុក​សកម្មភាព ចិន​ថា ជាការ​គំរាមកំហែង​សន្តិភាព សន្តិសុខ និង​បំពាន​ដែន​អធិបតេយ្យ​ទាំងស្រុង​។

​ជាមួយនឹង​ប្រតិ​កម្មនេះ ហ្វីលីពីន ជា​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ និង​ក៏​ជា​ដៃគូ​ដ៏​ខ្លាំងក្លា​របស់​វៀតណាម​ក្នុងការ​ប្រឆាំង​ជាមួយ​ចិន ក៏បាន​ចេញមុខ​ប្រតិកម្ម​ផងដែរ​កាលពី​ថ្ងៃទី​០៦ ខែមករា​។ លោក Charles Jose អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន បាន​អះអាងថា ហ្វីលីពីន ក៏​គ្រោង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ការទូត​មួយ​ជា​ផ្លូវការ ដូច​វៀតណាម ដើម្បី​ថ្កោលទោស​សកម្មភាព​ចិន​ផងដែរ​។​លោក Charles Jose បាន​បន្ថែមទៀតថា វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច ដែល​ចិន នឹង​អាច​គ្រប់គ្រង​សមុទ្រ ចិន​ខាងត្បូង ហើយ​វា​នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ទៀតផង​។​

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បានអូសបន្លាយ​ជាច្រើន ទសវត្ស​រ៍ហើយ ដ្បិត​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ការបន្ត​សកម្មភាពរ​បស់​ចិន​រួមទាំង​ការបន្ថែម​សកម្មភាព​ស៊ីវិល និង​ការសាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន ប្រតិកម្ម​ខ្លាំង​ប៉ុណ្ណោះ​នោះទេ តែ​វា​ថែមទាំង​កំពុងតែ​ទាក់ទាញ​ឲ្យ​រដ្ឋ​ខាងក្រៅ​លូកដៃ​ចូល​កាន់តែ​ស្រប ច្បាប់​។ មានន័យថា បើ​ចិន កាន់តែ​រឹតត្បិត​ខ្លាំង​នៅក្នុង​តំបន់​ជម្លោះ​តាមរយៈ​ការចូលទៅ​គ្រប់គ្រង​នៅ​តំបន់​នោះ នោះ​រដ្ឋ​ខាងក្រៅ​ដែលមាន​គោលនយោបាយ​ការបរទេស​ប្រឆាំង​ចិន នឹង​ឆ្លៀតឱកាស​ដើម្បី ចូល​អន្តរាគមន៍​។

​កន្លងមក អាមេរិក និង​អូស្ត្រាលី បាន​ប្រតិបត្តិការ​ដោយ​ជោគជ័យ​ក្នុងការ​បញ្ជូន​នាវាចម្បាំង នាវា​ល្បាត យន្តហោះ​ស៊ើបការណ៍​និង យន្តហោះ​ទម្លាក់​គ្រាប់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រតិបត្តិការ​នេះ ត្រូវបាន​រដ្ឋ​ទាំងពីរ ចាត់ទុកថា ជាការ​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​។  ជុំវិញ​ប្រតិបត្តិការ​នេះដែរ អាមេរិក ក៏បាន​ប្រកាសថា នឹង​បញ្ជូន​នាវា​ល្បាត​របស់ខ្លួន​រៀងរាល់​ត្រីមាស​ម្តង មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ តែដោយសារ គោលនយោបាយ​កាត់បន្ថយ​នាវាចម្បាំង របស់​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ប្រតិបត្តិការ​នោះ ត្រូវបាន​ពន្យារពេល​។

​យ៉ាងណាក៏ដោយ ដោយសារតែ​បញ្ហា​នេះ ប្រធានសភា​អាមេរិក លោក Paul Ryan បាន​រិះគន់ រដ្ឋបាល​លោក អូ​បា​ម៉ា និង​ទ​ទួ​ច​ឲ្យ​មានការ​បញ្ជូន​នាវា​ល្បាត​បន្ថែម​ដើម្បី​ធានា​នូវ​តុល្យការ​អំណាច​នៅក្នុង តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​សម្រាប់​អង់គ្លេស​ដែល​កំពុងតែ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ចិន​វិញ មិន​ហ៊ាន​ចេញមុខ​ប្រឆាំង​ចិន​ខ្លាំង​នោះទេ តែ​បាន​ប្រលូក​ពាក្យសម្តី​មួយចំនួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ កាលពី​ថ្ងៃទី​៧ ខែមករា លោក Philip Hammond បានចាត់ទុក​សកម្មភាព​ទាំងឡាយណា​ដែល​រឹតបន្តឹង​លើ​សេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​តាម​ដែនសមុទ្រ​ចិន​ខាងត្បូង គឺជា​សញ្ញា​មិនល្អ​នោះទេ​។ ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ហ្វីលីពីន​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​