លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ យានជំនិះ​ស្លាក​លេខ​បរទេស មានច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ត្រឹមត្រូវ មុននឹង​ចូលមក​កម្ពុជា

ភ្នំពេញ:  អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ  បាន​បញ្ជាក់ថា ស្លាក​លេខ​បរទេស មិន​ថា​វៀតណាម ឬ​ថៃ​ក៏ដោយ គឺមាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័នគយ​យ៉ាង​ត្រឹមត្រូវ មុននឹង​ចូលមក​ចរាចរណ៍​លើ​ទឹកដី​ប្រទេស​កម្ពុជា​។​

​ក្នុង​សន្និសីទ​ការ​សែត ស្ដីពី លទ្ធផល​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​រយៈពេល​៧​ថ្ងៃ និង​លទ្ធផល​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា​ឆ្នាំ​២០១៦ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ បាន​មានប្រសាសន៍ថា មិនមែន​ឲ្យ​តែ​ជនបរទេស សមត្ថកិច្ច​មិន​ហ៊ាន​ចាត់​ចាត់វិធានការ​ទេ ផ្ទុយទៅវិញ ប្រសិនបើ​ប្រព្រឹត្ត​ខុសច្បាប់ គឺ​ត្រូវតែ​ចាត់វិធានការ​ដូចគ្នា​នឹង​ពលរដ្ឋ​កម្ពុជា​ផងដែរ​។

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ថា "​ទាក់ទង​នឹង​ដំណើរ​របស់​គណៈប្រតិភូ​បរទេស​នៅលើ​ទឹកដី​របស់​យើង ពាក់ព័ន្ធ​នឹង​ការធ្វើ​ទេសចរណ៍​តាម​លក្ខណៈ​ណាមួយ ដែល​គេ​ត្រូវ​យានជំនិះ​របស់គេ​នៅលើ​ទឹកដី​យើង មិន​ច្រើន​ទេ ហើយ​លេខ​បរទេស ដែល​ចូលមក​ស្រុក​យើង គឺមាន​ការស្នើសុំ​ពី​ស្ថាប័នគយ មុននឹង​ឆ្លងដែន​ចូលមក​កម្ពុជា ។ អីចឹង​បែបបទ​នៃ​ការស្នើសុំ គេ​បាន​ផ្ញើមក​មុន​អស់ហើយ ដូច្នេះ​ស្ថាប័នគយ បាន​ពិនិត្យ​លើ​រថយន្ត ឬ​យានជំនិះ​បាន​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ទោះបីជា​យើង​គិតថា​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ មិនមែន​មានន័យថា យើង​មិន​អនុវត្ត​នោះទេ ប្រសិនបើ​យើង​សង្កេតឃើញថា គាត់​មានការ​ខុសឆ្គង​មាត្រា​ណាមួយ ឬ​ចំណុច​ណាមួយ​នៃ​បទល្មើស​ចរាចរណ៍​ផ្លូវគោក យើង​នឹង​អនុវត្តន៍​ដូចគ្នា ពោលគឺ​មិនមាន​ហេតុផល​ណាមួយ​អនុវត្តន៍​តែ​ពលរដ្ឋ​យើង​នោះទេ ហើយ​អ្នកដទៃ​នៅ​ស្រុង​យើង​មិន​អនុវត្តន៍ មិនមែន​នោះទេ​"៕

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ យានជំនិះ​ស្លាក​លេខ​បរទេស មានច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ត្រឹមត្រូវ មុននឹង​ចូលមក​កម្ពុជា