ក្រសួងសុខាភិបាល​ទើប​”​កម្រើក​ត្រគាក​”​ ស្នើ​ឲ្យ​មេ​ប៉ូលិស​ និង​មេ​ប៉េ​អឹ​ម​ចាត់ការ​រថយន្ត​គិលានសង្គ្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​

​ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៦​នេះ​ ក្រសួងសុខាភិបាល​ដែល​មាន​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ ទើប​"​កម្រើក​ត្រគាក​"​ ស្នើ​សុំ​ឲ្យ​មេ​ប៉ូលិស​ និង​មេ​ប៉េ​អឹ​ម​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​គិលានសង្គ្រោះ​(Ambulance)​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ហើយ​កំពុង​ចល័ត​ដឹក​អ្នក​រង​គ្រោះ​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ ក្រសួងសុខាភិបាល​បាន​សង្កេត​ឃើញ​ថា​ មាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​មួយ​ចំនួន​បាន​ក្លែងបន្លំ​ និង​គ្មាន​ពាក់​ស្លាក​លេខ​រថយន្ត​ត្រឹមត្រូវ​ កំពុង​ធ្វើ​សកម្មភាព​ដឹក​អ្នក​រងគ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​ យក​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ និង​មានការ​គាបសង្កត់​ទៅ​លើ​ជន​រង​គ្រោះ​ ឬ​បង្ខំ​ឲ្យ​បង់ថ្លៃ​សេវា​មួយ​ដែល​ថ្លៃ​ជាទី​បំផុត​ ឬ​សកម្មភាព​រកស៊ី​ជួញដូរ​ខុសច្បាប់​ផ្សេងៗ​ទៀត​ ដោយ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្លែងបន្លំ​ជា​រថយន្ត​គិលានសង្គ្រោះ​ដឹក​របស់របរ​ដែល​ច្បាប់​បាន​ហាមឃាត់​ ជាដើម​ ។​

​លិខិតផ្លូវការ​មួយ​ច្បាប់​របស់​ក្រសួងសុខាភិបាល​ លេខ​០០២​អបស​.​ម​ព​ ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត​ តែ​ គុយ​ស៊ា​ង​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ដែល​បាន​ជម្រាប​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ស្នើ​សុំ​ឲ្យ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​មេ​ប៉ូលិស​ និង​មេ​ប៉​អឹ​ម​ទាំង​ពីរ​ មេត្តា​ជួយ​ចាត់វិធានការ​ដោយ​ចាប់​ឃាត់​រថយន្ត​គិលានសង្គ្រោះ​ឯកជន​ដែល​ខុសច្បាប់​ ឬ​ល្មើសច្បាប់​ទាំងនោះ​ និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​តាម​ការ​គួរ​ ៕​

ក្រសួងសុខាភិបាល​ទើប​”​កម្រើក​ត្រគាក​”​ ស្នើ​ឲ្យ​មេ​ប៉ូលិស​ និង​មេ​ប៉េ​អឹ​ម​ចាត់ការ​រថយន្ត​គិលានសង្គ្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​