ប្រាក់​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ បង់​ចូល​ក្រសួងមហាផ្ទៃ​លើសលប់​ រីឯ​ថវិកាជាតិ​ចូល​តិចតួច​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​ប្រកាស​អន្តរក្រសួង​មួយ​លេខ​១១៨៧០​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នៅ​ត្រង់​ថា​ ប្រាក់​ចំណូល​ដែល​ប្រមូល​បាន​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ​ ដែល​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ បង់​ចូល​ថវិកាជាតិ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​ រីឯ​បង់​ចូល​ទៅ​ក្រសួងមហាផ្ទៃ​ គឺ​ក្នុង​កម្រិត​លើសលប់​ ខណៈ​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​នៅ​តាម​បណ្តា​ក្រសួង​ដទៃ​ទៀត​ ប្រាក់​ប្រមូល​បាន​បង់​ចូល​ថវិកាជាតិ​យ៉ាង​ហោច​ណាស់​ក៏​មាន​កម្រិត​៣០​ភាគរយ​ដែរ​ ។​

​ប្រកាស​៨​នៃ​ប្រកាស​អន្តរក្រសួង​លេខ​១១៨៧០​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ រវាង​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​កំណត់​ថា​ បង់​ចូល​ថវិកាជាតិ​ចំនួន​៤​ភាគរយ​,​ ផ្តល់​ជូន​ក្រសួងមហាផ្ទៃ​៩៥​ភាគរយ​ និង​ផ្តល់​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចំនួន​១​ភាគរយ​ ។​

​ដោយឡែក​ ប្រកាស​រួម​លេខ​១៤៥២​សហ​វ​.​ ប្រក​ ចុះ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រវាង​ក្រសួង​រ៉ែ​និង​ថាមពល​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​នោះ​ បាន​កំណត់​បង់​ចូល​ថវិកាជាតិ​យ៉ាងតិច​បំផុត​៣០​ភាគរយ​ ក្នុង​នោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្រិត​១​ភាគរយ​ រីឯ​សល់​ប៉ុន្មាន​ គឺ​ផ្តល់​ជូន​ក្រសួង​រ៉ែ​ និង​ថាមពល​(​ច្រើន​បំផុត​ត្រឹម​កម្រិត​៤៩​ភាគរយ​)​ ។​

​ដោយសារ​ទទួល​បាន​ប្រាក់​ពិន័យ​អន្តរការណ៍​ច្រើន​លើសលប់​ដូច្នេះ​ ទើប​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ បំពេញភារកិច្ច​ធ្វើការ​ផាកពិន័យ​ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ស្វិតស្វាញ​ មាំទាំ​សម្បើម​ណាស់​ ៕​

ប្រាក់​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ បង់​ចូល​ក្រសួងមហាផ្ទៃ​លើសលប់​ រីឯ​ថវិកាជាតិ​ចូល​តិចតួច​ ប្រាក់​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ បង់​ចូល​ក្រសួងមហាផ្ទៃ​លើសលប់​ រីឯ​ថវិកាជាតិ​ចូល​តិចតួច​