ព្រះ​រាជ​អាជ្ញា​បែលហ្ស៊ិក៖ ​ស្នាម​ម្រាម​ដៃ​របស់​ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង

ព្រះ​រាជ​អាជ្ញា​បែលហ្ស៊ិក៖ ​ស្នាម​ម្រាម​ដៃ​របស់​ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង

នេះ​ជា​ទិដ្ឋភាព​នៃ​សណ្ឋាគារ Appart'City នៅ​ក្នុង​សង្កាត់ Alfortville ក្បែរ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះ​ជា​ទី​ដែល​ជន​សង្ស័យ​ឈ្មោះ Salah Abdeslam បាន​ជួល​បន្ទប់​ចំនួន​ពីរ។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​ប៉ូលិស​បែលហ្ស៊ិក​បាន​ប្រាប់ឱ្យ​ដឹង​ថា​ ពួកគេ​បាន​រក​ឃើញ​ស្នាម​ម្រាម​ដៃ​នៃ​ជន​ជាប់សង្ស័​យម្នាក់​ដែល​បាន​រត់គេច​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស នៅក្នុង​ការ​ឆែកឆេរ​មួយ​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង​ ព្រុចសែល។​

ការិយាល័យ​ព្រះ​រាជ​អាជ្ញា​សហព័ន្ធ​នៃ​ប្រទេស​បែលហ្ស៊ិក បាន​និយាយ​ថា​ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ស្នាម​ម្រាម​ដៃ​របស់​ឈ្មោះ​ Salah Abdeslam និង​ខ្សែ​ក្រវាត់​បី​ធ្វើ​ដោយដៃ​ដែល​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​ឆែកឆេរ​មួយ​ដែល​បាន​ធ្វើ​កាលពី​ខែមុន។​ ពួកគេ​ក៏​បា​ន​រក​ឃើញ​ស្នាម​គ្រឿង​ផ្ទុះ​នៅ​ខាង​ក្នុង​ផ្ទះ​នោះដែរ។

អ្នក​នាំ​ពាក្យ​មា្នក់នៃ​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​បាន​និយាយ​ថា​ ពួកគេ​មិន​បាន​ដឹង​ច្បាស់លាស់​ទេ​ថា​តើ​នៅ​ពេល​ណា​ឈ្មោះ​ Abdeslam បាន​ទៅ​ផ្ទះ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ពន្យល់​ដែរ​ថា​ហេតុ​ដូចម្តេច​បាន​ជា​ក្រុម​មន្ត្រី​រង់ចាំ​រហូត​ដល់​មួយ​ខែ​ដើម្បី​ប្រកាស​អំពី​ការ​រក​ឃើញ​នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ការិយាល័យ​របស់​ព្រះ​រាជ​អាជ្ញា​បាន​និយាយ​ថា​ ផ្ទះ​នោះ​ដែល​បាន​ត្រូវ​ឆែកឆេរ​កាលពី​ថ្ងៃ​ទី​១០ខែ​ធ្នូ​ត្រូវ​បាន​ជួល​ដោយ​ជន​ដែល​ប្រើ​អត្តសញ្ញាណ​ក្លែងបន្លំ​ហើយ​ប្រហែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជន​ម្នាក់​ក្នុង​បណ្តា​មនុស្ស១០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រទេស​បែលហ្ស៊ិក ដោយ​មាន​ទាក់ទិន​ជាមួយ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស។ ក្រុម​ព្រះ​រាជ​អាជ្ញា​បាន​និយាយ​ថា Abdeslam ប្រហែល​លាក់​ខ្លួននៅក្នុង​ផ្ទះ​នេះ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ ឬ​មួយ​ផ្ទះនេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​មួយ​សម្រាប់​ផលិត​គ្រឿង​ផ្ទុះ៕