យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​វាយប្រហារ​លើ​រដ្ឋ​ឥស្លាម​ដែល​បាន​កាត់​ក្បាល​សត្រូវ​របស់​តាលីបង់

យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​វាយប្រហារ​លើ​រដ្ឋ​ឥស្លាម​ដែល​បាន​កាត់​ក្បាល​សត្រូវ​របស់​តាលីបង់

យោធា​អាហ្វហ្គានីស្ថាន​លើក​អាវុធ​របស់​ពួកគេ​ នៅ​ពេល​ដែល​ពួកគេ​ឈរ​យាម​នៅ​ក្នុង​ស្រុក Achin ក្នុង​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ ការ​វាយ​ប្រហារ​មួយ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​បណ្តាល​ឱ្យ​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​យ៉ាង​តិចណាស់​១៧​នាក់​ស្លាប់​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​នេះ​បាន​កាត់​ក្បាល​មនុស្ស​៧​នាក់​នៅ​ក្នុង​តំបន់​ដដែល​នោះ។

ក្រុម​មន្ត្រី ​និង​ក្រុម​អ្នក​ស្រុក​បាន​និយាយ​ថា អំពើហិង្សា​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក Achin ដាច់​ស្រយាល​នៃខេត្ត​ Nangarhar ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។​ ស្រុក​នេះ​ជា​កន្លែង​ដែល​ពួក​រដ្ឋ​ឥស្លាម​កំពុង​មាន​កម្លាំង​ខ្លាំង​ឡើងៗ។​

លោក Ataullah Khogyani អ្នក​នាំ​ពាក្យ​នៃ​អភិបាល​ខេត្ត​នេះ​បាន​និយាយ​ប្រាប់ VOA ថា​ ពួក​បះបោរ​តាលីបង់​៦​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​ត្រូវ​កាត់​ក្បាល​ដោយ​ពួក​ Daesh ដែល​ជា​ពាក្យ​ជា​ភាសា​អារ៉ាប់​សម្រាប់​សម្គាល់​ពួក​រដ្ឋ​ឥស្លាម។ នៅ​ពេល​កំពុង​មាន​ការ​ប្រហារ​ជីវិត​នោះ​ លោក​បាន​និយាយ​ថា​មាន​យន្តហោះ​ស.រ.អា.​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​បាន​ហោះ​នៅ​ពី​លើ​តំបន់​ដដែល​នោះ​ ហើយ​បាន​បាញ់​កាំជ្រួច​មីស៊ីល​ដែល​បាន​សម្លាប់​ពួក​យុទ្ធជន Daesh ១៧​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​មេបញ្ជាការ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។ប្រភព​ព័ត៌មាន​បាន​និយាយ​ប្រាប់ VOA ថា​ ការ​កាត់​ក្បាល​ជន​ទាំង​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ពេល​រសៀល​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ការ​សូត្រធម៌​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ចំពោះមុខ​ក្រុម​អ្នក​ស្រុក។​ ការ​រៀបរាប់ទាំង​នេះ​ចែង​ថា​ សមាជិក​ម្នាក់​នៃ​កងទ័ព​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​ការ​ប្រហារ​ជីវិត​នេះ​ដែរ។ ​លោក Khogyani មិន​បាន​បញ្ជាក់​ថា​ពិត​អំពី​សេចក្តី​លម្អិត​នេះ​ទេ៕