ត្រី​ប្លាធូ​ខ្ចប់​សម្បក​នំ​ផ្កា​

​គ្រឿងផ្សំ​
​ត្រី​បា្លធូ​ធំ​ល្មម ៤ កន្ទុយ គល់​ស្លឹកគ្រៃ​ហាន់​ស្តើងៗ ១ ភាគ ៤ ចានចង្កឹះ ខ្ទឹមក្រហម​ហាន់ ១ ភាគ ៤ ចានចង្កឹះ ស្លឹក​ក្រូចសើច​ហាន ១ ស្លាបព្រា​បាយ ជីរអង្កាម​បេះយក​ត្រួយ ១ ភាគ ៤ ចានចង្កឹះ ម្ទេសដៃនាង​ក្រហម​ហាន់ ១ ស្លាបព្រា​បាយ ទឹក​ធម្មតា ២ ចានចង្កឹះ អំបិល ១ ស្លាបព្រា​កាហ្វេ សម្បក​នំ​រាង​ផ្កា ១៥ សម្បក ម្ទេសខ្មាំង​ហាន់ ១ ស្លាបព្រា​កាហ្វេ ទឹកក្រូច​ឆ្មារ​កន្លះ​ចានចង្កឹះ ទឹកត្រី ១ ភាគ ៤ ចានចង្កឹះ និង ស្ករស ១ ស្លាបព្រា​កាហ្វេ ។​

​វិធី​ធ្វើ​
​យក​ទឹកត្រី និង ស្ករស​រម្ងាស់​ឱ្យ​ក្តៅ​ឧណ្ហៗ បិទ​ភ្លើង​ទើប​ចាក់​ម្ទេសខ្មាំង និង ទឹក ក្រូចឆ្មារ​កូរ​ឱ្យ​រលាយ ។ លាង​សម្អាត​ត្រី​បា្លធូ​ជាមួយ​អំបិល​ឱ្យអស់​រំអិល​ហើយ​ចៀរ​យកតែ​សាច់ ។​ ពេល​ទឹក​ពុះ​បង់អំបិល ១ ស្លាបព្រា​កាហ្វេ និង បង់​សាច់​ត្រី​ដំណាលគ្នា រួច​រម្ងាស់​ថែម ១ នាទី ស្រង់​ដាក់​ចាន ។​

បេះ​សាច់​ត្រី​ជា​ដុំ​តូចៗ​ដោយ​យក​ឆ្អឹង​ចេញ​ឱ្យអស់ រួច​ស្រោច​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​បាយ ។​ ​យក​គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹក​ក្រូចសើច​កូរ​ជាមួយ​ទឹកត្រី លាយ​គ្រឿង ហើយ​ច្របល់​ជាមួយ​បន្ទះ​ត្រី​ឱ្យចូល​ជាតិ​ទើប​ដួស​ដាក់​លើ​សម្បក នំ​រាង​ផ្កា រួច​តុបតែង​បន្ថែម​ជាមួយ​ស្លឹក​ជីរអង្កាម និង ម្ទេសដៃនាង ៕