លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?

ខេត្ដស្ទឹងត្រែង ៖  លោក ឈាង តុលា អំឡុងពេល​ធ្វើជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប ធ្លាប់មាន​ពាក់ព័ន្ធ​រឿងអាស្រូវ ក្នុងការ​ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ រហូត​មានការ​ផ្លាស់ប្តូរ ទៅកាន់​តំណែង​ជា ប្រធាន ការិយាល័យ​ស៊ើបអង្កេត និង​ឆ្លើយតប​រហ័ស នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការ អនុវត្តន៍​ច្បាប់ នៃ​រដ្ឋបាល​ព្រៃឈើ​។ ដូ​ច្នេះ​ឱកាស​ដែល​លោក ឈាង តុលា មក​ធ្វើជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង គឺជា​ពេលវេលា​ដែល​គាត់ ព្យាយាម​ប្រមូល​លុយ យកទៅ​ស្រង់ដើម ។​

បើ​​ទោះ​​បី​​ជា​​​មាន​​ការ​​​តែង​​តាំង​​​លោក ឈាង តុ​​លា ជា​​​នាយ​​​ខណ្ឌ​​​រដ្ឋ​​បាល​​​ព្រៃ​​ឈើ ខេត្ត​​ស្ទឹង​​ត្រែង ជំ​នួ​ស​​​លោក អ៊ីវ ឯក​​​សា​​វ​ត្តី រួច​​ហើយ​​​ក៏​​ដោយ ក៏​ស​​កម្ម​​ភាព​​​​កាប់​​​​បំ​​ផ្លាញ​​​ព្រៃ​​ឈើ និង​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ របស់​​ក្រុម​​ឈ្មួញ​​ ទាំង​តូច​ទាំង​ធំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល ជាពិសេស​ការរកស៊ី ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា អ៊ុក គឹមសាន និង មេកាឈ្មោះ សារ៉ាត់ ដែល​បានមកពី​ការកាប់បំផ្លាញ តាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​ការពារ ឬ​ជ្រក​ក្រោម​ស្លាក ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី នៅតែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។​

​ ​

ប្រជាពលរដ្ឋ​ បានឱ្យដឹងថាសកម្មភាព​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ ធ្វើ​អាជីវកម្ម ខុសច្បាប់ នៅ​តំបន់​ព្រំដែន ខេត្ត​ស្ទឹង​ត្រែង ជាប់​ជាមួយ​ប្រទេស​ឡាវ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឈើ​មួយផ្នែក ដែល​ក្រុម​ជនល្មើស​កាប់បំផ្លាញ​នោះ ត្រូវបាន​ដឹកជញ្ជូន​ទៅ​លក់ ឱ្យ​ឈ្មួញ​ឡាវ និង​មួយ ផ្នែក​ទៀត ត្រូវគេ​ដឹក​ចូលទៅ​ស្តុក​ទុក នៅ​ការដ្ឋាន​ក្រុមហ៊ុនសម្បទានក្នុង​តំបន់ ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​យ៉ាងគគ្រឹកគ្រេង។ លោក ឈាង តុលា នាយ​​​ខណ្ឌ​​​រដ្ឋ​​បាល ​​ព្រៃ​​ឈើ ខេត្ត​​ស្ទឹង​​ត្រែង ហាក់ដូចជា​នាំគ្នា​សម្ងំស្ងៀម ធ្វើ​មិនដឹងមិនឮ។​

​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ នៅ​ខេត្តស្ទឹងត្រែង​ជាបន្ទាន់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ពលរដ្ឋ​រស់នៅ​ស្រុក​សៀម​ប៉ាង បានឱ្យដឹងថា កម្មករ​ស៊ីឈ្នួល​ជាច្រើន​ក្រុម ហើយ​ក្នុង​មួយ​ក្រុម មាន​គ្នា​ប្រមាណ ១០​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់ឈើ​ស្វ័យប្រវត្តិ ត្រូវគេ​ជួល​និង​បំពាក់​ឧបករណ៍ ឱ្យចូល​ព្រៃ​អារ​រំលំ​ឈើ ហើយ​ច្រៀក​ជា​ឈើ​ជ្រុង បន្ទាប់​មក​​គេ​ប្រើប្រាស់​រថយន្ត​ធំៗ ដឹកជញ្ជូន​ចេញពី​ព្រៃ យកមក​ស្តុក​ទុក​នៅ​ការដ្ឋាន ក្រុមហ៊ុន​ដី​សម្បទាន មួយ​ក្បែរ​នោះ​។​

ប្រភព​បានឱ្យដឹង​ទៀតថា ក្រៅពី​កម្មករ​ស៊ីឈ្នួល កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន នៅមាន​ប្រជាពលរដ្ឋរស់នៅ​តំបន់​ព្រៃ​ក្បែរ​នោះនាំគ្នា​ ជា​ក្រុមៗប្រដាប់​ដោយ​ម៉ាស៊ីនកាត់​ ឈើ​​ស្វ័យប្រវត្តិ រទេះនិង​គោយន្ត​ច្នៃ ចូល​ព្រៃ​កាប់​អារច្រៀក​ឈើ ដឹកជញ្ជូន​យក ទៅលក់​ឱ្យ​ឈ្មួញ យ៉ាង​គគ្រឹកគគ្រេង​។ប្រជាពលរដ្ឋ​បាន​រៀបរាប់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេសមន្ត្រីរដ្ឋបាល​ព្រៃឈើ បង្ក្រាប​តែ​ប្រជាពលរដ្ឋ ដែល​ចូល​ព្រៃ កាប់​ឈើ​បន្តិចបន្តួច យកទៅលក់​ដើម្បី​បាន​ប្រាក់ យកមក​ដោះស្រាយ​ជីវភាព​ប្រ​ចាំថ្ងៃ ប៉ុណ្ណោះ​។សកម្មភាព​កាប់​ឈើ​ខុសច្បាប់ តាម​តំបន់​ព្រំដែន ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ គឺមាន​ការបើក​ដៃ​ពី មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ចំពោះ​បទល្មើស​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ នៅតាម​តំបន់​ព្រំដែន​នោះ​។

ប្រសិនបើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ គឺ​គ្មាន​ជនល្មើស​ណា ហ៊ាន​កាប់​ឈើ​តទៅ​ទៀតឡើយ​។ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មិនត្រូវ​មើលរំលង ពី​បញ្ហា​ខាងលើនេះ​ទេ៕​

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ? លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?