ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

​​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គ្របដណ្តប់​ទៅដោយ​ធនធានធម្មជាតិ​យ៉ាង​សម្បូរបែប ដូចជា ព្រៃព្រឹក្សា សមុទ្រ ទន្លេ ដងអូរ ដែលមាន​ទេសភាព​ដ៏​ស្រស់ត្រកាល ។ ធនធាន​ទាំងអស់នោះ​ត្រូវបាន​គេ​មើលឃើញថា​មាន​សក្តានុពល​យ៉ាឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជាងខ្លាំង​អាចជួយ​លើកស្ទួយ​វិស័យសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យមាន​កំណើន​ខ្ពស់​ប្រសិនបើ​គ្រប់គ្រង​វា​បានល្អ ។ ដោយសារតែ​មើលឃើញ​ពី​ផលប្រយោជន៍​ទាំងអស់​នេះហើយ​ទើប រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​អតីតកាល​ក៏ដូចជា​បច្ចុប្បន្ន​បាន​យកចិត្ត ទុកដាក់​អភិរក្ស​ឧទ្យាន​ជាតិ​សំខាន់​ចំនួន ៧ ដើម្បី​ទុកជា​សម្បត្តិ​ជាតិ ដែលមាន​ដូចជា ៖

​១)ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ​

​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ​ត្រូវបាន​គេ​ស្គាល់​ភាគច្រើន​ថា ឧទ្យាន​ជាតិ​បូកគោ ស្ថិតនៅក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត ។ ភ្នំ​បូកគោ​មាន​រយៈ កម្ពស់ ១.០៧៥ ម៉ែត្រ ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ និង មាន​ចម្ងាយ​ប្រមាណ ១១ គីឡូម៉ែត្រ ពី​ក្រុង​កំពត និង ចម្ងាយ ៣២ គីឡូម៉ែត្រ ពី​ជើងភ្នំ​ដល់​កំពូលភ្នំ ។ ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ១៩១៧ ដោយ​ជនជាតិ​បារាំង​ឈ្មោះ រូ​លួស និង ត្រូវបាន​អភិវឌ្ឍ​ឱ្យទៅជា​រមណីយដ្ឋាន ក្នុង​ឆ្នាំ ១៩២១ ។ កាលពីមុន​ភ្នំ​បូកគោ​ធ្លាប់ជា​ទីកន្លែង​សម្រាក និង លម្ហែកាយ​ដ៏​ល្បីល្បាញ​ដែល​ធ្វើឡើង​សម្រាប់តែ​អភិជន​បារាំង និង រាជវង្សានុវង្ស​ប៉ុណ្ណោះ ។

ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ជា​ឧទ្យាន​ជាតិ​មួយ​ក្នុងចំណោម ឧទ្យាន​ជាតិ​ដ៏​ស្រស់ស្អាត​របស់​ប្រទេស​កម្ពុជា ។ ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​ល្បី ឈ្មោះ​ដោយសារតែ​អាកាសធាតុ​ត្រជាក់​ពេញ​មួយឆ្នាំ ព្រមទាំង​មាន​ព្រៃព្រឹក្សា ធម្មជាតិ​ដ៏​ខៀវស្រងាត់ និង ស្រស់បំព្រង ។ ភ្ញៀវទេសចរ​អាច​គយ​គន់ មើល​ទេសភាព​ទាំងឡាយ​ពីលើ​កំពូលភ្នំ​ទៅ​ទី​រួម​ខេត្តកំពត ដោយ​ឃើញ​ឆ្នេរសមុទ្រ និង កោះ​ជាច្រើន​ដែល​នៅ​ខាងក្រោម​នោះ​យ៉ាង​សប្បាយរីករាយ ។ ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​មាន​ដើមឈើ​ត្រូ​ពិ​ក​ពាសពេញ​លើ​ភ្នំ ព្រមទាំង​សត្វព្រៃ​ជាច្រើន​ប្រភេទ និង ទឹកជ្រោះ​ដ៏​ស្រស់ស្អាត និង ល្បីល្បាញ គឺ​ទឹកជ្រោះ​ពពក​វិល ។

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

ភ្នំ​បូកគោ​ជាទី​កន្លែង​កម្សាន្ត​ដ៏​សម្បូរបែប​បំផុត ដែល​ធ្វើឱ្យ​គ្រប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ពោរពេញ​ដោយ​ភាព​រីករាយ និង បំភ្លេច​មិនបាន ។ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ខេត្តកំពត មាន​ផ្ទៃដី ១៤០.០០០ ហិកតារ ។​សព្វថ្ងៃ​នៅលើ​កំពូលភ្នំ​បូកគោ​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន សុខាអូតែល អភិវឌ្ឍ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​នៅពេល​ស្រុក​មាន​សង្គ្រាម​ហែកហួរ​គ្នា ។​

២)​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត ឬ ឧទ្យាន​ជាតិ​គិរី​រម្យ​

​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត ឬ ឧទ្យាន​ជាតិ​គិរី​រម្យ ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ ត្រកាល​បំផុត​សម្រាប់​លម្ហែ​អារម្មណ៍ និង ជា​ឧទ្យាន​ជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​ជាតិ​ទាំង​ប្រាំពីរ ដែល​បាន​បង្កើតឡើង ជា​ផ្លូវការ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។​ ឧទ្យាន​ជាតិ​គិរី​រម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង និង ជា កន្លែង​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ជាទី​ទាក់ទាញ​អន្ទង​ទឹកចិត្ត​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ឱ្យ​ទស្សនា​យ៉ាងច្រើន​កុះករ​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ម្តងៗ ។

ឧទ្យាន​ជាតិ​នេះ​បាន​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៥ រហូតមកដល់​បច្ចុប្បន្ន​នេះ ។ ឧទ្យាន​ជាតិ​គិរី​រម្យ​មាន​ចម្ងាយ ១១៤ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង ១៤៧ គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ ឬ មាន​ចម្ងាយ ៤៤ គីឡូម៉ែត្រ ពី​ទី​រួម ខេត្តកំពង់ស្ពឺ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤ ។ ឧទ្យាន​ជាតិ​នេះ ជា​រមណីយដ្ឋាន​ប្រណីត​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ សង្គមរាស្ត្រនិយម​មកម្ល៉េះ និង ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដែល​សម្បូរ ទេសភាព​ស្រស់បំព្រង ជាពិសេស​គឺមាន​អំណោយផល​ដោយមាន​ដើម ស្រល់​ធម្មជាតិ​តូចធំ​ជាច្រើន​ដែល​ដុះ​តម្រៀប​គ្នា​ជា​ជួរៗ​នៅលើ​ខ្ពង់រាប​នៃ​ភ្នំ​គិរី​រម្យ​នេះ ។

​ក្រៅពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ហើយ​នោះ នៅទីនេះ​ក៏​ជា​ជម្រក​នៃ​ពពួកសត្វ​ម្រឹគី ម្រឹ​គា និង ពពួកសត្វ​បក្សាបក្សី​ជាច្រើន​អម្បូរ​រស់នៅ និង មាន​ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់ត្រកាល​ជាច្រើន​កន្លែង ។ ជា​រៀងរាល់​ចុង​សបា្តហ៍ ជាពិសេស​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​ម្តងៗ​មាន​ភ្ញៀវទេសចរ​ជាច្រើន ដែល​ទៅ​ពី​ក្រុងភ្នំពេញ​ក៏ដូចជា​ពី​តាម​បណ្តា​ខេត្ត​នានា​បាននាំគ្នា​ទៅ​សម្រាក លម្ហែកាយ​កម្សាន្ត​ជាមួយនឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នេះ និង បាន​ទទួលទាន​ភោជនីយាហារ​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ទីនោះ​ទៀតផង ព្រោះ​នៅ ទីនោះ​ទោះបីជា​ស្ថិតនៅ​ចំ​កណ្តាល​ព្រៃស្រោង​លើ​កំពូលភ្នំ​យ៉ាងណាក្តី ក៏ មាន​ម្ហូបអាហារ​ខ្មែរ​ជាច្រើន​ប្រភេទ​ដាក់លក់​ដើម្បី​បំពេញតម្រូវការ​របស់ ភ្ញៀវទេសចរ​ផងដែរ ។​

ឧទ្យាន​ជាតិ​គិរី​រម្យ​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​សម្រាប់​កម្សាន្ត​សប្បាយ​ជាច្រើន ក្នុងនោះ​មានដូចជា​រមណីយដ្ឋាន​ទឹកជ្រោះ​ដំណាក់​ចាស់ ដំណាក់​ថ្មី តំបន់​ស្រះស្រង់ តំបន់​ទឹកធ្លាក់ ជ្រោះ​អូរ​តា​ហ៊ុយ តំបន់​ចម្ការ​តែ ភ្នំ​ថ្មដា និង តំបន់​ល្អាង​ភ្នំ​ជាស​ជាដើម ។ ក្រៅពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ខាងលើ នៅមាន​ទឹកធ្លាក់​អូរ​ច្រាក ឬ ហៅថា​ទឹកធ្លាក់​ចំបក់ ដែលមាន​ទីតាំងនៅ ផ្នែក​ខាងជើង​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយសារ​តំបន់​គិរី​រម្យ​ជា​តំបន់​ខ្ពង់រាប ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាលនោះ ជា ហេតុ​បណ្តាលឱ្យមាន​បរិមាណ​ទឹក​ភ្លៀង​ខ្ពស់​ប្រហាក់ប្រហែល​នឹង​តំបន់​មាត់សមុទ្រ​ផងដែរ ហើយក៏​ជា​កត្តា​បង្កើតឱ្យមាន​ជ្រោះ និង អូរ មានទឹក​ហូរ ធ្លាក់​ជាច្រើន​នៅតាម​ចន្លោះ​ភ្នំ​នីមួយៗ ។

ដោយសារ​លក្ខណៈ​អំណោយផល ពី​ធម្មជាតិ​នេះហើយ​ទើប​តំបន់​គិរី​រម្យ​បង្កើតជា​ប្រភពទឹក​សម្រាប់​បង្កើតជា​វា​រី អគ្គិសនី​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដែល​គេ អាច​នាំយក​ចរន្ត​ថាមពល​អគ្គិសនី​ទាំង​នោះមក​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ បាន​មួយ​ភាគ​ធំ​រហូតដល់​ពេលបច្ចុប្បន្ន ។​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

​៣)ឧទ្យាន​ជាតិ​កែប​

​មាន​ទីតាំង​ស្ថិតនៅក្នុង​ដែនដី​នៃ​បុរី​កែប មាន​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ ពី​ទីក្រុង​កំពត និង មាន​ចម្ងាយ ១៧៣ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ។ តំបន់​នោះបាន​ផ្តល់នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ ។​ល​។ ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​គឺ​តំបន់​ឧទ្យាន​ជាតិ​កែប​ដែល​បាន ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ឱ្យ​ស្នាក់នៅ​កម្សាន្ត​ក្នុង​តំបន់​នោះ​ផងដែរ ។

ផ្នែក​មួយ​នៃ​មាត់សមុទ្រ​នៅ​ភាគ​ខាងកើត និង ខាងលិច តំបន់​នេះ​មាន​ព្រៃកោងកាង​លាតសន្ធឹង​ពី​តំបន់​ទំនាប​ទឹកប្រៃ​រហូតដល់​មាត់សមុទ្រ ហើយ​ព្រៃកោងកាង​ខាងលើនេះ​បានផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជ និង ជាទី​សម្បុក​ពង​កូន​ដល់​ពពួក​ត្រី ក្តាម ខ្យង ល្មូ​ន និង សត្វ​សមុទ្រ​គ្រប់​ប្រភេទ ។ ក្រៅពីនេះ​ក៏​នៅមាន​តំបន់​តូច ធំ ធ្លាប់មាន​ប្រវត្តិ​ជា​តំបន់​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ ដូចជា ប្រភេទ​សត្វចតុប្បាទ សត្វ​បក្សាបក្សី យ៉ាង​សម្បូរបែប ។ ​ ​ ​ ​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

៤)​ឧទ្យាន​ជាតិ​បទុម​សាគរ​

​ឧទ្យាន​ជាតិ​បទុម​សាគរ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ខេត្តកោះកុង មាន​ព្រំប្រទល់​ផ្លូវជាតិ​លេខ ៤៨ ពី​ចំណុច​ឃុំ​អណ្តូងទឹក​រហូត​ទៅដល់​ឃុំ​ត្រញំង​រូង ក្រៅពីនោះ​គឺមាន​ព្រំប្រទល់​ជាប់មាត់​សមុទ្រ​ទាំងអស់ ។ ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែនជម្រកសត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ ។​ ​ក្រៅពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​មុខ​នោះ ឧទ្យាន​ជាតិ នេះ​នៅជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ សម្បូរ​ទៅ ដោយ​ព្រៃកោងកាង​យ៉ាង​ក្រាស់ នៅក្នុង​តំបន់​នោះ​ក៏មាន​ប្រជាពលរដ្ឋ​រហូតដល់​ទៅ ២៤ ភូមិ ដែល​សុទ្ធសឹងតែ​ប្រជា​នេសាទ​សមុទ្រ​ទាំងអស់ ។

កត្តា​ទាំងអស់​ខាងលើនេះ​ក៏​ជា​អំណោយផល​យ៉ាង​គាប់ប្រសើរ​ក្នុងការ​ទាក់ទាញ ភ្ញៀវទេសចរ​ទាំងឡាយ​ឱ្យទៅ​ទស្សនា​កម្សាន្ត ជាពិសេស​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះ​អូប័រ​ទៅលេង​កម្សាន្ត​នៅ​កោះ​ស្តេច ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ ។​ប៉ុន្តែ​គួរឱ្យ​ស្តាយ​ដោយ​ក្នុង​តំបន់​នោះ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ រៀបចំ​បាន​ស្រួល​នៅឡើយ​មិនទាន់​អាច​ទទួលភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​បាន​នោះដែរ ។​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

​ ​​៥)ឧទ្យាន​ជាតិ​វីរ​ជ័យ

ឧទ្យាន​ជាតិ​វីរ​ជ័យ​មាន​ទីតាំងនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា លាតសន្ធឹង និង គ្របដណ្តប់​ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាន​ជាតិ​វីរ​ជ័យ​ត្រូវបាន​គេ​ចាត់ទុកជា​ដែន​ជម្រក​មួយ​ដ៏​ធំ​សម្រាប់ ពពួក​ថនិកសត្វ​ធំៗ​របស់​ប្រទេស​កម្ពុជា មានដូចជា ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម ។ លក្ខណៈ​ជីវសាស្ត្រ​ឧទ្យាន​ជាតិ​វីរ​ជ័យ​នេះ​មាន​សារសំខាន់​ដល់​ការងារ​អភិរក្ស​អន្តរជាតិ ។ ឧទ្យាន​ជាតិ​វីរ​ជ័យ ជា​ដែនជម្រកសត្វព្រៃ និង ព្រៃឈើ​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ។ ភាគ ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃជម្រុះ ស្លឹក និង ព្រៃ​ពាក់កណ្តាល​ស្រោង ។ ព្រៃឈើ​ឧទ្យាន​ជាតិ​វីរ​ជ័យ ភាគច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់កណ្តាល​ស្រោង និង ព្រៃស្រោង​បៃតង ។ ទិ​ដ្ឋ ភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ​ក៏​បង្កប់​ផងដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល ស្មៅ ព្រៃ​ឫស្សី ព្រៃចម្រុះ​ជ្រុះ​ស្លឹក និង ព្រៃជ្រុះស្លឹក​សុទ្ធ ។

ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃឈើ​នៅសល់​ចុងក្រោយបង្អស់ ដែលមាន​រុក្ខជាតិ​ប្រចាំ​តំបន់​ដែល​ចាំបាច់​ត្រូវតែ​ការពារ ។ នៅ តំបន់​នោះ​មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន​នៅ​ភាគខាងត្បូង និង ទន្លេ សេកុង​នៅ​ភាគ​ខាងលិច​ជាប់​នឹង​ឧទ្យាន​ជាតិ ។ ទន្លេធំៗ​ទាំងពីរ និង ស្ទឹងធំៗ​មួយចំនួនទៀត ដែលមាន​នៅក្នុង​ឧទ្យាន​ជាតិ​គឺជា​ប្រភព​អាងទឹក ដ៏​សំខាន់​របស់​តំបន់​នេះ ហើយ​វា​ក៏បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយចំនួនធំ ដែល​ខ្លះ​ជា​ប្រភេទ​សត្វ​ប្រចាំ​តំបន់​។​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

៦)​ឧទ្យាន​ជាតិ​រាម​

​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ស្ថិតនៅ​រវាង​កោះ​ថ្មី និង ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ ។​ ឧទ្យាន​ជាតិ​នេះ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត និង មាន​ផ្លូវ​អម​តាម​ឆ្នេរសមុទ្រ ដើម​កោង​កាង ព្រៃភ្នំ និង សត្វ​ស្លាប​ជាច្រើន​ប្រភេទ និង ឆ្នេរ​ស្រស់បំព្រង ដូចជា កោះ​តា​គាវ និង កោះ​ឫស្សី ព្រមទាំង​មានផ្ទះ​សម្រាប់​ស្នាក់នៅ មាន​សេវាកម្ម​ម្ហូបអាហារ និង ទូក​សម្រាប់​ធ្វើដំណើរ ទៀតផង ។​ ​ឧទ្យាន​ជាតិ​រាម​មាន​ចម្ងាយ​ប្រមាណ ៣០ គឺ​ឡូ​ម៉ែត្រ ពី​ក្រុងព្រះសីហនុ និង មាន​សេវាកម្ម​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ក៏ដូចជា​ឆ្នេរ​ខ្សាច់​យ៉ាង​ស្រស់ស្អាត ។

មាន​កន្លែង​សម្រាប់​កម្សាន្ត និង មាន​ទូក​សម្រាប់​ធ្វើដំណើរ​ទៅ​ទស្សនា​តាម​តំបន់​កោះ​ជាច្រើន ដូចជា កោះ​តា​គាវ កោះ​ឫស្សី កោះ​ស្រមោច និង មាន​កោះ​ជាច្រើន​ទៀត ដែលមាន​ឆ្នេរ​ខ្សាច់​ស្អាត និង អាច​មើល​ផ្កាថ្ម ព្រមទាំង​មាន​ទេសភាព​គួរ​ជាទី​គយគន់ ។ ឧទ្យាន​ជាតិ​រាម​ជា​កន្លែង​សម្រាប់​បងប្អូន​កងទ័ព​រស់នៅ និង ជា​កន្លែង​ការពារ​ដែនទឹក​របស់ ប្រទេសជាតិ ។ បច្ចុប្បន្ន​មាន​កងទ័ព​ជាច្រើន​ដែល​បាន​ជួយ​ការពារ​បូរណភាព​ទឹកដី​នៅ​ទីនោះ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ដែលជា​ទំញំង​ស្នង​ឫស្សី​ជួយ​ការពារ​ទឹកដី ។​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា

៧)​ឧទ្យាន​ជាតិ​គូលែន​

​ភ្នំ​គូលែន​ត្រូវបាន​រាប់បញ្ចូល​ជា​ឧទ្យាន​ជាតិ​ផងដែរ ។ ភ្នំ​នេះ​ជា​ភ្នំ ដាច់​តែឯង​មួយ​ដែលមាន​ទីតាំង​ក្នុងស្រុក​ស្វាយ​លើ និង មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប ដែលមាន​កំពូល​កម្ពស់ ៤៨៧ ម៉ែត្រ មាន ផ្ទៃដី​ទំហំ ៣៧ .០០០ ហិកតារ ។ ឧទ្យាន​ភ្នំ​គូលែន​មាន​ប្រវត្តិសាស្ត្រ​កេរដំណែល​ជាង ១ ពាន់​ឆ្នាំ និង ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ​នៅក្នុង​អប្បិយ​ជំនឿ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ ដែល​ត្រូវបាន​អង្គការ​យូណេស្កូ​កំណត់​ជា​តំបន់​មាន​ប្រាសាទ ហើយ​មានសម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់បំព្រង ព្រមទាំង​មានការ អភិរក្ស​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​ផែនការ​ច្បាស់លាស់​ផងដែរ ។

គេ​ក៏ មាន​គម្រោង​ដាក់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នេះ​ឱ្យទៅជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​នៅពេល​អនាគត​ផងដែរ ។​ ទោះបីជា​គេ​មើលឃើញថា​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ធម្មជាតិ​ជាច្រើន​ប្រភេទ ដូចជា ព្រៃឈើ សត្វព្រៃ និង មាន​វប្បធម៌​ដ៏​សម្បូរបែប​នៅ​តំបន់​ឧទ្យាន​ជាតិ​ទាំងនោះ​ក្តី ក៏​នៅពេលនេះ​ដីព្រៃ​ឈើ និង ធម្មជាតិ នៅ​បរិវេណ​ឧទ្យាន​ជាតិ​ទាំងនោះ​កំពុងតែ​ទទួលរង​ការកាប់​ការ​បរបាញ់​សត្វព្រៃ បំផ្លាញ​យ៉ាង​ធ្ងន់ ដែល​ធ្វើឱ្យ​ផ្ទៃដី​ឧទ្យាន​ជាតិ​កាន់តែ​រួម​តូច​ទៅៗ ៕ ​នឿន​

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​ប្រទេស​កម្ពុជា