ក្រុមហ៊ុនអេហ្សិត អំពាវនាវឲ្យម្ចាស់រថយន្ត រស់នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ទៅចុះឈ្មោះ សុំមិនបង់ថ្លៃផ្លូវ

ភ្នំពេញ៖ ក្រុមហ៊ុនអេហ្សិត អ៊ិនវេសមេន អំពាវនាវឲ្យម្ចាស់រថយន្តគ្រួសារ និងរថយន្តមន្រ្តីរាជការទាំងអស់ ដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ទៅចុះឈ្មោះសុំការមិនបង់ថ្លៃនៅតាមបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុន ដែលនៅជិតបំផុត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន ចេញកាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល បាននៅថ្ងៃសៅរ៍នេះ ឲ្យដឹងថា “ក្រុមហ៊ុនបានសំដែងនូវការគាំទ្រអនុសាសន៍របស់សម្ដេចេតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានអនុវត្តន៍ការមិនយកកម្រៃរថយន្តគ្រួសារ និងរថយន្តមន្រ្តីរាជការដែលធ្លាប់បានបង់ថ្លៃ១.៨០០រៀលកន្លងមក កាលពីយប់ម៉ោងសូន្យ និងសូន្យនាទី កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០១៦។

 ប្រភពដដែលបន្ថែមថា “ ក្រុមហ៊ុនបានអំពាវនាវឲ្យម្ចាស់រថយន្តគ្រួសារ និងរថយន្តមន្រ្តីរាជការទាំងអស់ដែលមានទីលំនៅ តាមបណ្ដោយផ្លូវជាតិ លេខ៤ ហើតដែលធ្វើដំណើរញឹកញាប់ និងជាប់ជាប្រចាំដែលមិនទាន់ទទួលបានការអនុគ្រោះ សម្រាប់ការមិនបង់ថ្លៃ សូមអញ្ជើញមកចុះឈ្មោះសុំការមិនបង់ថ្លៃនៅតាមបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុនដែលនៅជិតបំផុត “ ។

គួរបញ្ជាក់កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចបញ្ឈប់ការ យកកម្រៃ ពីរថយន្តប្រភេទគ្រួសារ និងរថយន្តមន្ត្រីរាជការ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៤៕