​ពល​​​រដ្ឋ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​អំពាវ​​​នាវ​​​​ឲ្យកូរ៉េ​​​ខាង​​​ជើង​​​​​​បញ្ឈប់​​​​​​​​​អាវុធ​នុយក្លេអ៊ែរ

ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​​​​ជាង​​​១០​​​នាក់​​​ដែល​​​អះ​​​អាង​​​ថា​​​តំណាង​​​​​​​​​ជន​​​​​​រួម​​​ជាតិ​​​របស់​​​ខ្លួន​​​រាប់​​​ពាន់​​​នាក់​​​​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​នៅ​​​​​​ក្នុង​​​បន្ទប់​​​ទំនេរ​​​ចោល​​​មួយ​​​​​​នៅ​​​ជាន់​​​ទី​​​ពីរ​​​​​​នៃភ្នំពេញ​​​ថូវឺ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​​​​សុក្រ​​​ ដើម្បី​​​តវ៉ា​​​​​​ប្រ​​​ឆាំង​​​នឹង​​​កម្ម​​​វិធី​​​សាក​​​ល្បង​​​នុយក្លេអ៊ែរ​​​របស់​​​កូរ៉េ​​​ខាង​​​ជើង។

កាន់​​​បដា​​​​​​ដែល​​​សរសេរ​​​ថា “បញ្ឈប់​​​​​​ការ​​​សាកល្បង​​​នុយក្លេអ៊ែរ​​​របស់​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង!”​​​ តំណាង​​​​​​នៃ​​​ជនជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ និង​​​សមា​​​គម​​​ពាណិជ្ជ​​​កម្ម​​​​​​មួយ​​​​​​ចំនួន​​​តូច បាន​​​ឈរ​​​ឲ្យ​​​ថត​​​រូប​​​ មុន​​​នឹង​​​អាន​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​ទៅ​​​កាន់​​​​​​អ្នក​​​កាសែត​​​ដែល​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ថត ​​​និង​​​ឈរ​​​មើល។​​​

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​បក​​​ប្រែ​​​ជា​​​ភាសា​​​អង់​​​គ្លេស​​​សរសេរ​​​ថា “ជន​​​រួម​​​ជាតិ​​​កូរ៉េ​​​​​​នៅ​​​ក្នុង​​​កម្ពុជា​​​​​​រួម​​​ជាមួយ​​​នឹង​​​ជន​​​ជាតិ​​​ខ្មែរ និង​​​ជន​​​បរទេស​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​ស្រឡាញ់​​​សន្តិភាព សូម​​​ជំរុញ​​​ឲ្យ​​​សហគមន៍​​​អន្តរ​​​ជាតិ​​​ និង​​​ក្រុម​​​ប្រឹក្សា​​​សន្តិ​​​សុខ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ដាក់​​​ទណ្ឌ​​​កម្ម​​​ខ្លាំង​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ចាត់​​​វិធាន​​​ការ​​​ប្រឆាំង​​​នឹង​​​​​​កូរ៉េ​​​ខាង​​​ជើង​​​ដ៏​​​គឃ្លើន​​​”។​​​

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ កូរ៉េ​​​ខាង​​​ជើង​​​​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​បាន​​​បំផ្ទុះ​​​គ្រប់​​​បែក​​​អ៊ី​​​ដ្រូហ្សែន​​​​​​ដំបូង​​​របស់​​​ខ្លួន​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​​​​មានការ​​​រញ្ជួយ​​​ដី​​​​​​តាម​​​ឆ្នេរ​​​សមុទ្ទ​​​ភាគ​​​ឦ​​​​​សាន​​​នៃ​​​ប្រទេស។​​​ អ្នក​​​ប្រកាស​​​​​​នៅ​​​លើ​​​កញ្ចក់​​​ទូរ​​​ទស្សន៍​​​រដ្ឋ​​​កូរ៉េ​​​ខាង​​​ជើង​​​​​​បាន​​​និយាយ​​​ថា ការ​​​សាក​​​ល្បង​​​​​​បាន​​​​​​បញ្ជា​​​ផ្ទាល់​​​ពី​​​លោក គីម ជុងអ៊ុន នាយក​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​​​​ប្រទេស​​​នេះ។​​​​​​​​​​​​

យោង​​​តាម​​​របាយការណ៍​​​សារ​​​ព័ត៌មាន​​​អន្តរជាតិ​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​អាន​​​ព័ត៌មាន​​​​​​រូប​​​នោះ​​​បាន​​​និយាយ​​​ថា ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង​​​​​​ដែល​​​លះ​​​បង់​​​ចោល​​​សព្វាវុធ​​​នុយ​​​ក្លេអ៊ែរ​​​របស់​​​ខ្លួន​​​​​​ដោយ​​​ប្រឈម​​​មុខ​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​ពី​​​​​​សហរដ្ឋ​​​អា​​​មេរិក នឹងទៅ​​​ជា​​​​​​ល្ងី​​​ល្ងើ​​​​​​ដូច​​​ជា​​​ព្រាន​​​ព្រៃ​​​ដែល​​​​​​ទម្លាក់​​​អាវុធ​​​ចុះ​​​ ក្នុង​​​ពេល​​​ដែល​​​ចចក​​​ដ៏​​​កំណាច​​​ឃោរ​​​ឃៅ​​​​​​កំពុង​​​តែ​​​សង្ខើញ​​​ដាក់​​​​​​ខ្លួន​​​អ៊ីចឹង​​​”។​​​​​​​​​

ក្រោយ​​​ពី​​​ការ​​​តវ៉ា​​​ដ៏​​​តូច​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ លោក យ៉ង់ ស៊ុងមូ​​​​​​ ប្រធាន​​​​​​សមាគម​​​កូរ៉េ​​​នៃ​​​កម្ពុជា​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​​​​នៅ​​​ក្នុង​​​ហាង​​​កាហ្វេ​​​មួយ​​​នៅ​​​ជាន​​​់ផ្ទាល់​​​ដី​​​​​​នៃ​​​ការិយាល័យ​​​នេះ។​​​

លោក យ៉ង់ ស៊ុងមូ​​​​​​ បាន​​​និយាយ​​​ថា “​​​វា​​​មិន​​​មែន​​​រឿង​​​នយោ​​​បាយ​​​ទេ។​​​ យើង​​​ត្រូវ​​​បញ្ឈប់​​​​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​នុយ​​​ក្លេអ៊ែរ​​​នៅ​​​ក្នុង​​​ឧបទ្វីប​​​កូរ៉េ ដើម្បី​​​កូន​​​ចៅ​​​របស់​​​យើង ដើម្បី​​​ប្រទេស​​​របស់​​​យើង”។​​​

លោក អាន គិល​​​យុស ជា​​​អ្នក​​​បក​​​ប្រែ និង​​​ជា​​​សមាជិក​​​សមាគម បាន​​​និយាយ​​​ថា ទី​​​តាំង​​​និង​​​ទំហំ​​​នៃ​​​ការ​​​តវ៉ា​​​ គឺ​​​មាន​​​បំណង​​​​​​បញ្ជៀស​​​ការ​​​រក​​​រឿង​​​​​​ពី​​​អាជ្ញា​​​ធម៌​​​មូល​​​ដ្ឋាន។​​​

អ្នក​​​បក​​​ប្រែ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា​​​ “យើង​​​ខ្លាច​​​ក្រែង​​​ថា​​​ ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​នឹង​​​គិត​​​ថា ការ​​​ជួប​​​ជុំ​​​គ្នា​​​ថ្ងៃ​​​នេះ​​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​នយោ​​​បាយ​​​ ដូច្នេះ​​​យើង​​​ព្យាយាម​​​ធ្វើ​​​ពិធី​​​ថ្ងៃ​​​នេះ​​​ឲ្យ​​​តូច។ ប៉ុន្តែ​​​អង្គ​​​ការ​​​ជា​​​ច្រើន​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​ក៏​​​តាម​​​ដាន​​​ការ​​​តវ៉ា​​​របស់​​​យើង​​​ដែរ វា​​​មិន​​​មែន​​​ការ​​​តវ៉ា​​​ទេ វា​​​ជា​​​ការ​​​ប្រកាស​​​ប៉ុណ្ណោះ”។​​​​​​​​​​​​

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “កម្ពុជា​​​នៅ​​​ជិត​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង និង​​​​​​កូរ៉េ​​​ខាង​​​ត្បូង។ ខ្ញុំ​​​សង្ឃឹម​​​ថា [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស] លោក ហោ​​​ ណាំ​​​ហុង​​​ ឬ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​នឹង​​​មាន​​​បំណង​​​ជួយ​​​​​​រក​​​ដំ​​​ណោះ​​​​​​ស្រាយ​​​​​​ដោយ​​​សន្តិ​​​វិធី។ ខ្ញុំ​​​សង្ឃឹម​​​អ៊ី​​​ចឹង”។​​​

ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ម៉ោង​​​​​​នៃ​​​ការ​​​តវ៉ា ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថ្កោល​​​ទោស​​​​​​ការ​​​សាក​​​ល្បង​​​នុយ​​​ក្លេ​​​អ៊ែរ​​​​​​ចុង​​​ក្រោយ​​​បង្អស់​​​នេះ​​​ដោយ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង​​​ ដែលមាន​​​ឈ្មោះ​​​ជា​​​ផ្លូវ​​​ការ​​​ថា សាធារណរដ្ឋ​​​ប្រ​​​ជា​​​មានិត​​​ប្រ​​​ជា​​​ធិប​​​តេយ្យ​​​​​​កូរ៉េ។​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​កូរ៉េ​​​ខាង​​​ជើង​​​អនុវត្ត​​​តាម​​​​​​ការ​​​ប្តេជ្ញា​​​ជា​​​អន្តរជាតិ​​​​​​ក្នុង​​​ការ​​​លុប​​​បំបាត់​​​នុយ​​​ក្លេអ៊ែរថា “​​​ការ​​​កើន​​​ឡើង​​​នៃ​​​សកម្ម​​​ភាព​​​​​​របស់​​​សាធារណ​​​រដ្ឋ​​​ប្រ​​​ជា​​​មានិត​​​ប្រ​​​ជា​​​ធិបតេយ្យ​​​កូរ៉េ​​​​​​​​​បង្ក​​​ការ​​​គំរាម​​​កំហែង​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​​​​ដល់​​​សន្តិ​​​ភាព សន្តិសុខ​​​ និង​​​ស្ថេរ​​​ភាព​​​​​​នៅ​​​ក្នុង​​​តំបន់​​​”៕​​​រើន​​​

​​​​​​​​​​​​​​​

The post ​ពល​​​រដ្ឋ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​អំពាវ​​​នាវ​​​​ឲ្យកូរ៉េ​​​ខាង​​​ជើង​​​​​​បញ្ឈប់​​​​​​​​​អាវុធ​នុយក្លេអ៊ែរ appeared first on ខេមបូឌា ដេលី.