ERA បារម្ភ​លើ​កា​រស​ម្រ​ច​ចិត្ត របស់ គ​.​ជ​.​ប​. ក្នុងការ​ជ្រើសរើស អគ្គលេខាធិការ និង​អគ្គលេខាធិការរង​

ភ្នំពេញ: សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (ERA) បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ស្តីពី​ការព្រួយបារម្ភ លើ​កា​រស​ម្រ​ច​ចិត្ត របស់ គ​.​ជ​.​ប​. ក្នុងការ​ជ្រើសរើស អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប​. ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម បាន​បន្តថា ERA សូម​កោតសរសើរ​ចំពោះ ការបើកចំហ​ព័ត៌មាន អំពី​បញ្ជីរាយនាម​បេក្ខជន សម្រាប់​មុខតំណែង ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៃ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ។ ទោះបីជា​យ៉ាងនេះ​ក្តី យើង​នៅមាន​ការ ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ដំណើរការ ជ្រើសរើស​បេក្ខជន សម្រាប់​មុខតំណែង​ទាំងនេះ ដែល​មិនមាន​តម្លាភាព ចំពោះ​សាធារណៈជន​។​

​ក្នុងនោះដែរ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត សូម​លើកទឹកចិត្ត​អោយ គ​.​ជ​.​ប​. ជ្រើស​យក​បេក្ខភាព​ថ្មី មក​ធ្វើជា អគ្គលេខាធិការ បើ​ពុំ​នោះទេ វា​នឹង​ធ្វើអោយ​សាធារណៈជន បាត់​ជំនឿ​លើ គ​.​ជ​.​ប​. ថ្មី ព្រោះថា អគ្គលេខាធិការ ជា​អ្នកដឹកនាំ​អគ្គលេខាធិការដ្ឋាន នៃ គ​.​ជ​.​ប​. ដែលជា​ជំនួយការ ដល់ គ​.​ជ​.​ប​. ហើយ​ការចាត់ចែង​ការបោះឆ្នោត កន្លងមក បាន​បន្សល់ទុក​នូវ​បញ្ហា ដែល​ធ្វើអោយ​ភាគី​ពាក់ព័ន្ធ ជាពិសេស គណបក្សនយោបាយ ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត បាត់បង់​ជំនឿ​លើ​ការរៀបចំ​។​

​លិខិត​ដដែល បាន​បន្តថា គ​.​ជ​.​ប​. ថ្មី មាន​ថ្នាក់ដឹកនាំ​ថ្មី ដែល​ចាំបាច់ ត្រូវមាន​អគ្គលេខាធិការ​ថ្មី ដូច្នេះ​ការសម្រេច​ជ្រើសរើស យក​មនុស្ស​ថ្មី ធ្វើជា​អគ្គលេខាធិការ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ធ្វើការ​ជាមួយ គ​.​ជ​.​ប​. ថ្មី​៕V​/S