ស្ដ្រីខ្មែរដំបូង នឹងបង្កើត ប្រវត្ដិសាស្ដ្រថ្មី ក្នុងការបោះឆ្នោតនៅតៃវ៉ាន់

តៃវ៉ាន់៖ ស្រ្តីខ្មែរម្នាក់ដែលត្រូវ បានគេចំអកឡកឡើយថាជា កូនក្រមុំបរទេស និងត្រូវបានក្រុមគ្រួសារ បញ្ជូនឲ្យមករៀបការ ដោយសារតែប្រាក់ តាមរយៈឈ្មួញមេអណ្តើក កំពុងតែត្រៀម នឹងបង្កើត ប្រវត្តិសាស្រ្តថ្មី នៅក្នុងការបោះឆ្នោត តៃវ៉ាន់ ក្នុងរយៈពេលមួយសប្តាហ៍ ខាងមុខទៀតនេះ។

អ្នកស្រី លីន លីចាន់ (Lin Li Chan) បានឈរឈ្មោះ ជាអ្នកតាក់តែងច្បាប់ នៅក្នុងការបោះឆ្នោតរដ្ឋសភា ដែលត្រូវបានគេ រៀបចំឡើងតំណាល នឹងការបោះឆ្នោត ប្រធានាធិបតីដែរ ហើយក៏កំពុងតែ រំពឹងថានឹងបាន ទទួលជ័យជំនះ ដោយនឹងធ្វើឲ្យអ្នកស្រី ក្លាយជាសមាជិកសភាដំបូងគេ ដែលជាជនអន្តោប្រវេសន៍ នៅលើទឹកដីមួយនេះ។

បច្ចុប្បន្នអ្នកស្រីមាន អាយុ៣៨ឆ្នាំ គឺជាស្រ្តីខ្មែរ ដែលមានសញ្ជាតិតៃវ៉ាន់ ពេញសិទ្ធិមួយរូប បន្ទាប់ពីត្រូវបាន ម្តាយរបស់អ្នកស្រី ចាប់បង្ខំឲ្យរៀបការជាមួយនឹងបុរសជនជាតិ តៃវ៉ាន់ម្នាក់ ដោយសារតែជីវភាពទីទាល់ក្រ។ អ្នកស្រីបានផ្លាស់ប្តូរ ទីលំនៅពីទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ទៅធ្វើជាប្រពន្ធមួយរូប ក្នុងចំណោម ប្តីប្រពន្ធដែលរៀបការ នឹងជនអន្តោប្រវេសន៍១មឺុនគូទៀត ហើយភាគច្រើន ពួកគេមកពីតំបន់ អាសីុអាគ្នេយ៍ និងប្រទេសចិន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេ បានរងការឈឺចាប់ ដោយការធ្វើបាបជាច្រើនករណី ដូច្នេះហើយអ្នកស្រី លីន ចង់យកបទពិសោធន៍ ដែលខ្លួនធ្លាប់ឆ្លងកាត់ មកកាត់បន្ថយ និងជួយកែប្រែនូវបញ្ហានេះ។ អ្នកស្រីបាន និយាយថា៖ "កូនក្រមុំដែលជា ជនបរទេសដូចជាយើង ត្រូវបានគេមើលងាយ និងចាត់ទុកដូចជា ផលិតផលប្រើប្រាស់"។ គួរបញ្ជាក់ផងដែរថា ពីដំបូងឡើយអ្នកស្រី មានការពិបាក យ៉ាងខ្លាំង ដោយការមិនចេះ និយាយភាសាចិន និងធ្វើឲ្យអ្នកស្រី នឹកផ្ទះជាខ្លាំង តែទោះយ៉ាងណាក៏ អ្នកស្រីត្រូវសម្របខ្លួនដែរ។ ក្រោយមកអ្នកស្រី ត្រូវមើលថែកូន របស់ខ្លួនពីរនាក់ ហើយព្រមទាំងទៅ ជួយការងាររបស់ប្តី អ្នកស្រីនៅឯរោងចក្រ មួយកន្លែងទៀតផង។ អ្នកស្រីបានសម្រេចចិត្ត​ ចូលរៀនបន្ត នៅថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីកូនរបស់អ្នកស្រីចង់ ឲ្យអ្នកស្រីពន្យល់ លំហាត់សាលារបស់ពួកគេ។ ក្រោយមកអ្នកស្រី បានបន្តការសិក្សា រហូតដល់ថ្នាក់អនុបណ្ឌិត មុននឹងទទួលពាន រង្វាន់ឈ្នះក្នុងការក្លាយខ្លួនជា អ្នកធ្វើយុទ្ធនាការសម្រាប់ ជនអន្តោប្រវេសន៍។  អ្នកស្រី លីន បាននិយាយថា៖ "អ្នកស្រីបានត្រលប់ មកកម្ពុជាវិញ ជាមួយនឹងរ៉ូប បញ្ចប់ការសិក្សា ដើម្បីទៅសែនផ្នូរ ឪពុកម្តាយរបស់ខ្លួន និងយំរៀបរាប់ប្រាប់ ពីដំណឹងល្អទាំងនេះ ទៅពួកគាត់"។ 

បន្ថែមពីនេះ អ្នកស្រីបានបញ្ជាក់ថា រាល់ពេលនឹក ដល់រឿងរ៉ាវ កាលពីមុនវិញ អ្នកស្រីមិនមានចិត្ត ស្អប់ម្តាយ របស់ខ្លួនឡើយ ហើយពេលនេះ អ្នកស្រីចង់យកបទពិសោធន៍ផ្ទាល់ ខ្លួនមកធ្វើការផ្លាស់ប្តូរក្នុង របៀបផ្សេងមួយទៀត។ អ្នកស្រីបាន និយាយទៀតថា៖ "ចំពោះស្រី បរទេសម្នាក់ ដែលមិនចេះ និយាយភាសាលើទឹកដីនេះ សូម្បីតែមួយម៉ាត់ បានក្លាយខ្លួន រហូតមកដល់ចំណុចនេះ គឺជានិស្ស័យមួយ ដែលធ្វើឲ្យអ្នកស្រី ត្រូវបន្តបេសកកម្មមួយនេះ"។

ស្ដ្រីខ្មែរដំបូង នឹងបង្កើត ប្រវត្ដិសាស្ដ្រថ្មី ក្នុងការបោះឆ្នោតនៅតៃវ៉ាន់
ស្ដ្រីខ្មែរដំបូង នឹងបង្កើត ប្រវត្ដិសាស្ដ្រថ្មី ក្នុងការបោះឆ្នោតនៅតៃវ៉ាន់
ស្ដ្រីខ្មែរដំបូង នឹងបង្កើត ប្រវត្ដិសាស្ដ្រថ្មី ក្នុងការបោះឆ្នោតនៅតៃវ៉ាន់

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត