បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើនឡើង ធ្វើ​ឲ្យ​ប្រជា​នេសាទ​ខ្មែរ​នៅ​ខេត្តសៀមរាប ប្រឈម​នឹង​ការលំបាក​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពួកគាត់​ភាគច្រើន​បាន​បោះបង់ចោល​មុខរបរ​នេសាទ​ដោយសារតែ​មិនអាច​រក​ចំណូល​ចិញ្ចឹមជីវិត​បាន​ដូច​កាលពីមុន​ទៀត​។ តំណាង​សហគមន៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​និង​កាណូត​ធំៗ​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

តំណាង​សហគមន៍​នេសាទ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​និង​ទូក​កាណូត​ធំៗ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ចុង​ឃ្នៀ​ស តំបន់​កំពង់​ភ្លុក និង​តំបន់​កំពង់​ឃ្លាំង​ជាដើម ហើយ​លោក ព្រិ​ន សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ដោយសារតែ​ទូក​កាណូត​ធំៗ​របស់​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​រាលដាល​នោះ​ហើយ ទើប​ប្រជា​នេសាទ​ខ្មែរ​ខ្លះ​នៅ​ឃុំ​កំពង់​ភ្លុក មានការ​ភ័យខ្លាច​ហើយ​សម្រេចចិត្ត​បោះបង់ចោល​មុខរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​ដូចជា ដាក់​កន្សុំ និង​ឆ្នុក​ជាដើម ត្រូវ​សមត្ថកិច្ច​បង្ក្រាប ប៉ុន្តែ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ បែរជា​សមត្ថកិច្ច​មើលរំលង​ទៅវិញ​។

ប្រជា​នេសាទ​ក្នុង​តំបន់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បទល្មើស​នេសាទ​បង្កឡើង​ដោយ​ជនជាតិ​យួន និង​ឈ្មួញ​ខ្មែរ​មួយចំនួន​ដែល​តែងតែ​បំផ្លាញ​មង​និង​ស​ន្ទួ​ចរ​បស់​ពួកគាត់​យ៉ាង​កំរោល​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ព្រិ​ន សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តសៀមរាប ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​រិះគន់ថា គឺជា​មេខ្លោង​ដ៏​ធំ​នៅ​ពីក្រោយ​ករណី​អ្នកនេសាទ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​។ ជាក់ស្តែង​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ចាប់ពី​តំបន់​ចុង​ឃ្នៀ​ស កំពង់​ឃ្លាំង កំពង់​ភ្លុក រហូតដល់​តំបន់​មាត់​ខ្លា ស្រុក​ជីក្រែង ហើយ​មិនឃើញ​មាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឡើយ​៕

3ef15d26-754a-4e5a-b96c-2262743dddd8