CVEA បើកកិច្ចប្រជុំ បូកសរុបការងារ និងកំណត់ផែន ការសកម្មភាព ឆ្នាំ២០១៦

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំធំមួយ នៅសណ្ឋាគារសាន់វេ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងកំណត់នូវផែនការ សកម្មភាពឆ្នាំថ្មី ក៏ដូចជាពិភាក្សា លើបញ្ហាមួយចំនួន ដើម្បីជំរុញវិស័យអចលនវត្ថុកម្ពុជា ឲ្យកាន់តែរីកចម្រើន ។

លោក គីម ហ៊ាង ប្រធាន CVEA និងជាប្រធានសមាគម អ្នកវាយតម្លៃអាស៊ាន(AVA) បានមានប្រសាសន៍ថា ថ្វីត្បិតលោកទើបចូលកាន់ តំណែងជាប្រធាន CVEA តែសមិទ្ធិផលសម្រេចបាន ក្នុងឆ្នាំ២០១៥ គឺល្អប្រសើរតាមការកំណត់របស់សមាគម ពិសេសសមាគមបានអូសទាញ ក្រុមហ៊ុនមកធ្វើជាសមាជិកកើនឡើងដល់ ៨០ក្រុមហ៊ុនឯណោះ ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន ៦២ និងក្រុមហ៊ុនអន្ដរជាតិចំនួន ១៨ក្រុមហ៊ុន ។

លោកបន្ដថា ឆ្នាំនេះកម្ពុជាធ្វើជាប្រធាន AVA ហើយក៏ជាពេលវេលា ប្រទេសក្នុងតំបន់អាស៊ាន ត្រូវអនុវត្តគោលការណ៍សមាហរណ កម្មអាស៊ានផងដែរ ហេតុនេះ សមាគមបានកំណត់ផែនការ សកម្មភាពសំខាន់ៗ មួយចំនួនឲ្យសមាជិកអនុវត្ត ដើម្បីប្រកួតប្រជែងជាមួយគេ ។ លើសពីនេះកម្ពុជា ក៏ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ សមាគមអ្នកវាយតម្លៃអាស៊ាន លើកទី១៩ នាខែឧសភា ឆ្នាំ២០១៦ខាងមុខផងដែរ ។

ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីការគ្រប់គ្រងសេវាកម្មវាយតម្លៃ សេវាកម្មគ្រប់គ្រងអចលនវត្ថុ និងសេវាកម្មអចលនវត្ថុ ដែលចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ប្រការ-១១ និយាយពីថ្លៃ និងសុពលភាពវិញ្ញាបនប័ត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ឌផងដែរ ។ ប្រការនេះ គឺជាច្បាប់ថ្មី ដែលក្រសួងបានកំណត់ យ៉ាងច្បាស់អំពីថ្លៃ និងសុពលភាព នៃការធ្វើវិញ្ញាបនប័ត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ឌ ដែលក្រុមហ៊ុនត្រូវបង់ប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ក្នុងមួយឆ្នាំ ខណៈមានសុពលភាព ៣ឆ្នាំ ។

ប៉ុន្ដែជុំវិញការកំណត់ថ្លៃ នៃសេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានតំណាងក្រុមហ៊ុនជាច្រើន សម្ដែងការមិនគាំទ្រ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ ដល់ធនធានក្រុមហ៊ុន ពិសេស ក្រុមហ៊ុនតូចៗ ដែលមានដើមទុនតិច ។

លោក គីម ហ៊ាង បានបញ្ជាក់ថា នេះគ្រាន់តែជាកិច្ចពិភាក្សា ដើម្បីស្ទង់មតិតំណាងក្រុមហ៊ុននីមួយៗ ហើយលោកនឹងរកដំណោះស្រាយ ជាមួយក្រសួង ដើម្បីធ្វើឲ្យ ក្រុមហ៊ុនជាសមាជិករបស់សមាគម មានលទ្ធភាពទទួលយកបាន និងបន្ដការងាររួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត ៕

CVEA បើកកិច្ចប្រជុំ បូកសរុបការងារ និងកំណត់ផែន ការសកម្មភាព ឆ្នាំ២០១៦

CVEA បើកកិច្ចប្រជុំ បូកសរុបការងារ និងកំណត់ផែន ការសកម្មភាព ឆ្នាំ២០១៦

CVEA បើកកិច្ចប្រជុំ បូកសរុបការងារ និងកំណត់ផែន ការសកម្មភាព ឆ្នាំ២០១៦

CVEA បើកកិច្ចប្រជុំ បូកសរុបការងារ និងកំណត់ផែន ការសកម្មភាព ឆ្នាំ២០១៦