ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការប្ដេជ្ញាចិត្ត​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នោះទេ​

ថ្មីៗ​នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ទាក់ទង​ទៅនឹង​ការទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​បឹង​ព្រែក​ទប់​និង​ដី​រដ្ឋ​នៅ​តំបន់​ក្បាលឆាយ​ជាដើម​។ ក៏ប៉ុន្តែ​រាល់​ពាក្យសន្យា​របស់លោក យន្ត មីន គឺ​ទទួលលទ្ធផល​សូន្យ​ព្រោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​បឹង​ព្រែក​ទប់​និង​ការសាងសង់​សំណង់​ខុសច្បាប់ ព្រមទាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខុសច្បាប់​នៅតែ​អាច​ដំណើរការ​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​រិះគន់ថា​ការប្ដេជ្ញាចិត្ត​របស់លោក យន្ត មីន នាពេល​កន្លងមក​បាន​ក្លាយទៅជា​រឿង​លេងសើច​ឥតប្រយោជន៍​គ្មាន​ចេញ​ជា​លទ្ធផល​អ្វី​នោះទេ​។​

ឥឡូវនេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា​ជួយ​ព​ន្លឿ​ន​ឲ្យ​ក្រុមការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​នានា​ឲ្យ​បាន​ចប់​នៅត្រឹម​ឆ្នាំ​២០១៦​។ ជាមួយគ្នានេះ​លោក យន្ត មីន បាន​ចុះហត្ថលេខា​និង​ជួយ​ជំរុញ​ឲ្យ​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ឈានដល់​ចុះ​វាស់វែង​ចំណែក​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មានទំនាស់​នានា​ឲ្យ​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាច្រើន​សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ សាទរ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​អភិបាលខេត្ត ប៉ុន្តែ​ពួកគាត់​ពុំមាន​សង្ឃឹមថា លោក យន្ត មីន អាចធ្វើ​បាន​តាម​ការប្ដេជ្ញា​ចិត្ត​របស់ខ្លួន​នោះទេ​។

សូមបញ្ជាក់ថា បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​រាប់សិប​ករណី ហើយ​ភាគច្រើន​មន្ត្រី​មាន​លុយ និង​អ្នកមានអំណាច ព្រម​ទាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​ឈ្មោះ​យិះ​ជៀ ថា​បាន​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញពី​ដីធ្លី​លំនៅដ្ឋាន​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​តាំងពី​ឆ្នាំ​១៩៩២​រហូតមក​។ ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់ គឺ​លោក យន្ត មីន ត្រូវ​ដោះស្រាយ​ករណីនេះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្លាយជា​រឿង​ឥតន័យ ហើយ​ប្រជាពលរដ្ឋ​នៅតែ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក៏បាន​លើកឡើង​ដែរ​ថា ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ការអនុវត្ត​ជាក់ស្តែង​របស់​អភិបាលខេត្ត​ព្រះសីហនុ ព្រោះ​ការប្ដេជ្ញាចិត្ត​នាពេល​កន្លងមក​មិនទាន់​ដោះស្រាយបាន​មួយ​ករណី​ណា​ឡើយ​៕

f02e2812-72ed-4131-9427-1fad0e1c1bdfលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ