អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជាង​១០​កន្លែង​នៅ​ភ្នំព្រឹក គ្មាន​មន្ត្រី​ជំនាញ​ណា​ចាត់វិធានការ​ទប់ស្កាត់​

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ច្រើនជាង​១០​កន្លែង​នៅ​តំបន់ភ្នំ​ព្រឹក ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា អភិបាលស្រុក​ភ្នំព្រឹក​លោក សួន គឿន ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​ភ្នំព្រឹក គឺជា​អាជីវកម្ម​ខុសច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនល្មើស​បាន​ប្រើ​រំសេវ​ផ្ទុះ​ដើម្បី​បំបែក​យក​ថ្ម​រ៉ែ​មាស​បង្ក​ឲ្យ​មាន​សម្លេង​លាន់ឮ​ខ្លាំង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​។ ការប្រើ​រំសេវ​ផ្ទុះ​និង​ប្រើ​សារ​ធា​តិ​គីមី​ចម្រាញ់​យក​រ៉ែ​មាស​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ក្រុម​ជនល្មើស​និង​មន្ត្រី​ពុករលួយ​។ សូម្បីតែ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះដែរ ប្រហែលជា​លោក​ទទួលបាន​ផលប្រយោជន៍​ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​។

​អ្វីដែល​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ គឺ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភ្នំព្រឹក ត្រូវបាន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ដឹង​យ៉ាងច្បាស់ ក៏ប៉ុន្តែ​ពួកគេ​បែរជា​មិន​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ប្រភពពី​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់ភ្នំ​ព្រឹក មិនទាន់មាន​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល​នៅឡើយ​ទេ ដូច្នេះ​មន្ត្រី​ជំនាញ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាពិសេស​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនត្រូវ​មើលរំលង​ទាល់​ទៅទៀត​ទេ ព្រោះ​រ៉ែ​មាស​នៅ​ភ្នំព្រឹក​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ក្រុម​ជនល្មើស​និង​មន្ត្រី​ពុករលួយ​យ៉ាង​សុខ​ស្រួល​៕

101លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល