រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ បន្តធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​២០០២ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជិត​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មេ​ឈ្មួញ ហាក់ ម៉ៅ ដែល​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជាក់ស្តែង​រថយន្ត​ដឹកទំនិញ​ធំៗ​របស់​ឧត្ដមសេនីយ៍ ហាក់ ម៉ៅ យកមក​ស្តុក​ក្នុង​ឃ្លាំង​ធំៗ​២​ក្បែរ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ បាន​បង្ក​ឲ្យ​ស្ទះចរាចរណ៍​ជា​ញឹកញាប់ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ ហាក់ ម៉ៅ ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ​សណ្ដោង​កន្ទុយ​និង​កែច្នៃ​ខុស​លក្ខណៈ​ប​ចេ្ច​ក​ទេស​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ទាំងយប់​ទាំង​ថ្ងៃ​នៅលើ​ផ្លូវ​២០០២ ម្ដុំ​ខាងមុខ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ និង​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ខូច​ជា​ញឹកញាប់​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​មិន​ហ៊ាន​ប៉ះពាល់​រថយន្ត​ទំនិញ​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ ឡើយ​ហើយ​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិនដែល​ហ៊ាន​ក្អក​ម្តងណា​ដែរ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ គ្រាន់តែ​ឮឈ្មោះ​មេ​ឈ្មួញ ហាក់ ម៉ៅ ដែលជា​ឧត្ដមសេនីយ៍​យោធា ពួកគេ​រួញ​ខ្លួន​គ្រប់ៗ​គ្នា​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​មេ​ឈ្មួញ ហាក់ ម៉ៅ ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​២​នៅ​សងខាង​ផ្លូវ​២០០២ ភាគច្រើន​គឺជា​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​នាំចូល​ពី​ប្រទេស​យួន  និង​ពី​ប្រទេស​សៀម ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ ផ្លូវ​២០០២​កំពុង​ត្រូវបាន​ជួសជុល​និង​ដាក់លូ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ទឹក​លិច​ហើយ​រថយន្ត​ដឹកទំនិញ​ធំៗ​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​កាន់តែខ្លាំង​។ ជាងនេះទៅទៀត​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធំៗ​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ យកមក​ស្តុក​នៅក្នុង​ឃ្លាំង​សងខាង​ផ្លូវ​លេខ​២០០២ មាន​ចរិត​ច្រងេងច្រងាង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ប្រជាពលរដ្ឋ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ខ្លះ​ផង​ចំពោះ​ទង្វើ​របស់​មេ​ឈ្មួញ ហាក់ ម៉ៅ ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តំបន់​អូរ​បែកក្អម ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​៕

Pic40 Pic39