មិន​ចាប់អារម្មណ៍​រឿង​លើ​គ្រែ​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​ទៅ?


មិន​ចាប់អារម្មណ៍​រឿង​លើ​គ្រែ​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​ទៅ?

វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​ដៃគូ​ទាំងសងខាង​មិន​អាចមាន​អារម្មណ៍​ដូចគ្នា​នៅពេល​ឈានដល់​ចំណុច​រឿង​លើ​គ្រែ។ នៅពេល​ដៃគូ​ម្ខាង​ចង់​រួមភេទ បែរ​ម្ខាង​ទៀត​មិន​ចង់​ទៅវិញ​នៅពេល​មាន​បញ្ហា​ជាច្រើន​កើតឡើង។

 

អ្នកជំនាញ​ខាង​រោគ​ចិត្តសាស្ត្រ និង​ផ្លូវភេទ​បាន​និយាយថា “ចូរ​ចាំ​ថា មនុស្ស​ពីរ​នាក់​មិន​អាចមាន​កម្រិត​នៃ​ចំណ​ង់​ផ្លូវភេទ​ដូចគ្នា​ឡើយ។ តែ​វា​អាចជា​រឿង​ទទួលយកបាន​បើសិនជា​អ្នក​មិនមាន​អារម្មណ៍​ថា​ចង់​ខ្លាំង​នៅពេល​ដៃគូ​ប្រាប់​អ្នកនោះ។ អ្វីដែល​ធ្វើឱ្យ​កាន់តែ​អាក្រក់​បំផុត​នោះ​គឺថា ដៃគូ​ទាំងពីរ​នាក់​ឈប់​និយាយ​រកគ្នា​អំពី​មូលហេតុ និង​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​វិញ។

 

ដូច្នេះ​បើសិនជា ដៃគូ​មាន​ចំណង់​ផ្លូវភេទ​ខ្ពស់ ហើយ​អ្នក​ពិបាក​រក​ចំណង់​វិញ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ធ្វើតាម​ហើយ។

 

មិន​ចាប់អារម្មណ៍​រឿង​លើ​គ្រែ​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​ទៅ?

 

និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយគ្នា​អំពី​បញ្ហា​នោះ

 

ស្ត្រី​ភាគច្រើន​គិតថា វា​គឺជា​តួនាទី​របស់​ពួកគេ​ក្នុង​ការបម្រើ​ក្តីសប្បាយ​ដល់​ប្តី​របស់ខ្លួន ដូច្នេះ​ពួកគេ​គួរតែមាន​ការឈឺចាប់​ខ្លះ និង​មិនអាច​រីករាយ​នឹង​សកម្មភាព​ដែល​ខ្លួន​កំពុងតែ​ធ្វើ​ផង។ ផ្ទុយទៅវិញ យក​ល្អ ដៃគូ​ទាំងសងខាង​គួរតែ​និយាយ​អំពី​បញ្ហា​ផ្លូវភេទ អ្វីដែល​ចូលចិត្ត អ្វីដែល​មិន​ចូលចិត្ត និង​អ្វីដែល​អស្ចារ្យ។ យក​ល្អ​អ្នក​ទាំងពីរ​ក៏ត្រូវ​តែ​និយាយ​អំពី​ហេតុអ្វី​បានជា​មាន​ម្នាក់​មិនអាច​មាន​ចំណង់​ផ្លូវភេទ។ សម្រាប់​ស្ត្រី មូលហេតុ​ភាគច្រើន​គឺ​អតុល្យភាព​អ័រម៉ូន មាន​ជំងឺ​បាក់​ទឹកចិត្ត ឬ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត។ ចំណែក​បុរស​វិញ វា​អាច​ដោយសារ​លិង្គ​មិន​ព្រម​ងើប ថប់​អារម្មណ៍ ចំណង់​ផ្លូវភេទ​ចុះខ្សោយ។ បើសិនជា​អ្នក​មិន​និយាយ​អំពី​បញ្ហា​នេះ​ទេ អ្នក​ក៏​នឹង​មិនអាច​ស្វែងរក​ដំណោះស្រាយ និង​ផ្តល់​ភាពសប្បាយ​ដល់ដៃ​គូ​បានដែរ។

 

មាន​ទម្លាប់​រួមភេទ

 

សម្រាប់​ស្ត្រី​គួរតែមាន​ពេលវេលា​ច្រើន​ដែល​ត្រូវបង្កើត​ទម្លាប់​ចាប់អារម្មណ៍​រឿង​រួមភេទ នេះ​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​របស់​នាង​តែម្តង។ ចំពោះ​បុរស​វិញ​គឺ​គួរតែ​ឧស្សាហ៍​បបួល​ខាង​ស្រី​រួមភេទ​នៅពេល​ថ្ងៃ​ឱ្យបាន​ច្រើន​ផង។ ជាមួយគ្នានេះដែរ សម្រាប់​បុរស ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ច្រើន​អាច​នាំឱ្យ​ចំណង់​ផ្លូវភេទ​ថយចុះ ដូច្នេះ​គួរតែ​ស្វែងយល់​អំពី​បញ្ហា​នេះ​ផង។ ដៃគូ​ទាំងពីរ​នាក់​អាច​សរសេរ​កំណត់ត្រា​មួយ​ចូលគ្នា​ដើម្បី​ដឹងថា​ថ្ងៃ​ណា​ដែល​ពួកគេ​អាច​គេង​ជាមួយគ្នា​បាន​ដោយ​សប្បាយចិត្ត។

 

កុំ​ភ្លេច​ការ​បរ​បោស​អង្អែល​ឱ្យសោះ

 

ការ​រួមភេទ​ចែកចេញជា​បី​ផ្នែក​ដូចជា កា​របរ​បោស​អង្អែល សកម្មភាព​ចំបង និង​ក្រោយពី​រួមភេទ​រួច។ ទោះបីជា​យ៉ាងណាក៏ដោយ គូ​ស្វាមីភរិយា​ភាគច្រើន​តែងតែ​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​ចំបង ជាពិសេស​បុរស​តែម្តង ព្រោះ​ពួកគេ​យល់ថា វា​គឺជា​តួនាទី​របស់​ពួកគេ​ក្នុងការ​ផ្តល់​ភាពសប្បាយ​ដល់​ខាង​ស្រី ប៉ុន្តែ​រឿងនេះ​អាច​កើតឡើង​បាន​តាមរយៈ​តែ​កា​របរ​បោស​អង្អែល​ទេ។ ការ​ចំណាយពេល​យ៉ាងហោចណាស់ ១៥ ទៅ២០នាទី ជាមួយ​ដៃគូ​ក្នុងការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ អាចជួយ​ឱ្យ​ស្ត្រី​មាន​អារម្មណ៍ និង​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​កាន់តែខ្លាំង​បាន។

 

ទទួលយក​ការព្យាបាល

 

បើសិនជា​គូ​ស្វាមីភរិយា​ទាំងពីរ​នាក់​អាច​រួមភេទ​ជាមួយគ្នា​ពី ៣ ទៅ៤ដង​ក្នុង​មួយ​សប្តាហ៍ នោះ​គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​បើសិនជា​បានតែ​ពីរដង​ក្នុង​មួយខែ ឬ តែម្តង​ក្នុង​រយៈពេល​បី​ខែ​នោះ វា​អាច​បញ្ជាក់បាន​ថា អ្នក​ទាំងពីរ​មាន​ចំណង់​ផ្លូវភេទ​ខ្សោយ​ណាស់។ នៅពេល​មានរឿង​នេះ​កើតឡើង យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​បញ្ហា​នេះ​ដើម្បីឱ្យ​ជីវិត​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ត្រឡប់មកវិញ៕

 

ប្រែ​សម្រួល៖ វេជ្ជ. ម៉េង សុខ​សៀន

ប្រភព៖ Health.com.kh