អឺរ៉ា​នៅ​តែ​បារម្ភ​អំពី​ដំណើរ​ការ​ជ្រើស​រើស​បេក្ខជន​តំណែង​អគ្គលេខាធិការ​នៃ​គ.ជ.ប

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​ហៅ​កាត់​ថា អឺរ៉ា (ERA) នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ជ្រើស​រើស​បេក្ខជន​កាន់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្រោយ​ពី​ស្ថាប័ន​នេះ​បាន​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​ព័ត៌មាន​ស្ដីពី​បញ្ជី​រាយ​នាម​បេក្ខជន​សម្រាប់​មុខ​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង និង​នីតិវិធី​នៃ​ការ​ជ្រើស​រើស​បេក្ខជន​ទាំង​ពីរ​តំណែង​នេះ។

អឺរ៉ា ស្វាគមន៍​ចំពោះ​ការ​បើក​ចំហ ប៉ុន្តែ​ក្រុម​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ គ.ជ.ប ជ្រើស​រើស​យក​បេក្ខភាព​ថ្មី​មក​ធ្វើ​ជា​អគ្គលេខាធិការ ជៀសវាង​ការ​បាត់​ជំនឿ​ពី​សាធារណជន។

អឺរ៉ា បន្ត​ថា ការ​សម្រេច​ជ្រើស​រើស​យក​មនុស្ស​ថ្មី​មក​កាន់​តំណែង​អគ្គលេខាធិការ​នៃ គ.ជ.ប នេះ ពិត​ជា​មាន​សារសំខាន់​ណាស់ ព្រោះ​ថា តួនាទី​អគ្គលេខាធិការ គឺ​ជា​អ្នក​ដឹក​នាំ​អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ហើយ​ក៏​ជា​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ការ​ទុក​ចិត្ត​ពី​គ្រប់​គណបក្ស​នយោបាយ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ចំនួន ១៥​នាក់​ចុង​ក្រោយ សម្រាប់​ប្រកួត​ប្រជែង​ផ្ដាច់​ព្រាត់។ បេក្ខជន​ទាំង ១៥​នាក់​នោះ មាន​បេក្ខជន ៣​នាក់ សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ ១​កន្លែង គឺ​មាន​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុង​តំណែង​បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រម​ទាំង​នាយក​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណាវុធ។

ចំណែក​បេក្ខជន ១២​នាក់​ទៀត​សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង ៤​រូប រួម​មាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក គឹម ឈន អ្នក​សម្រប​សម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​លោក​មេធាវី សំ សុគង់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។