ទីភ្នាក់ងារអវកាស អឺរ៉ុប សុំទោស NASA ដែលមិនអាច ចូលរួមបំពេញ បេសកកម្ម នៅភពអង្គារ

អឺរ៉ុប៖ រយៈពេលកន្លះ ទសវត្សរ៍ចុងក្រោយនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញ នូវគោលដៅច្បាស់លាស់របស់ខ្លួន ក្នុងការនាំមនុស្ស ទៅសិក្សាស្រាវជ្រាវដោយផ្ទាល់ លើដីភពព្រះអង្គារ។ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចទាត់ចោល បេសកកម្ម ទៅកាន់ឋានព្រះចន្ទបន្ថែមទៀត កាលពីឆ្នាំ ២០១០ ដោយក្នុងនោះអាមេរិក បានលើកឡើងថា វាគ្រប់គ្រាន់ហើយ ដែលត្រូវចំណាយពេលលើអ្វី ដែលអាមេរិកធ្លាប់សម្រេចបានជោគជ័យនោះ។

យ៉ាងណាក៏ដោយ ការគ្រោងទៅសិក្សានៅភពព្រះអង្គារ អង្គការ NASA មានសុទិដ្ឋិនិយមខ្ពស់ ក៏ព្រោះតែខ្លួន គិតដល់ភាពជាដៃគូ ដ៏សំខាន់ជាមួយទីភ្នាក់ងារអវកាសជាដៃគូ គឺសហគមន៍ អឺរ៉ុប។ ប៉ុន្តែនៅដើមឆ្នាំ ២០១៦ នេះ អ្វីៗបានប្រែជាសុបិន្តអាក្រក់ នៅពេលពេលដែល ទីភ្នាក់ ងារអវកាស អឺរ៉ុប ESA បានប្រកាសជាថ្មីថា ខ្លួននឹងមិនទៅភពអង្គារជាមួយ NASA ឡើយ ហើយអឺរ៉ុបនឹងងាកទៅកសាង ទីក្រុងនៅលើឋានព្រះចន្ទវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ESA បានឲ្យដឹងថា “ព្រះចន្ទ ជាគោលដៅចាំបាច់សម្រាប់យើងថ្មី។ យើងនឹងរៀនសូត្របន្ថែមទៀត ពីបេសកកម្មរបស់មនុស្សនៅឯស្ថានីយអវកាស ISS ហើយនិងដឹកនាំមនុស្សទៅ ឋានព្រះចន្ទ ឲ្យបាននៅដំណាច់ទសវត្សរ៍ ២០២០ ខាងមុខនេះ។ បេសកកម្មខាងមុខនេះ នឹងមិនមែនជាការប្រកួតប្រជែង ដូចកាលពីអតីតកាលនោទេ ប៉ុន្តែ យើងធ្វើវាដោយសន្តិភាព ដោយមានកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ។”

គួរបញ្ជាក់ថា នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ អង្គការ NASA បានព្យាយាមយ៉ាងត្រដាប ត្រដួស ទាំងថវិកាជាតិសម្រាប់ខ្លួន បានធ្លាក់ចុះ ប៉ុន្តែបេសកកម្មទៅភពអង្គារ មិនបានប្រែប្រួលនោះឡើយ។ ពេលនេះ NASA អាចនឹងធ្វើការសម្រេចចិត្តជាថ្មី បន្ទាប់ពីដៃគូដ៏សំខាន់ ដែលខ្លួនរំពឹងថា នឹងអាចជួយការងារទៅថ្ងៃមុខនោះ បានដកខ្លួនចេញ៕

ទីភ្នាក់ងារអវកាស អឺរ៉ុប សុំទោស NASA ដែលមិនអាច ចូលរួមបំពេញ បេសកកម្ម នៅភពអង្គារ