ថ្ងៃ១៥មករា គ.ជ.ប នឹងប្រជុំសម្រេច ជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង

ភ្នំពេញ ៖ គណកម្មាធិការជាតិ រៀបចគការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ខែមករា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានការ ប្រជុំមួយ ដើម្បីសម្រេចជ្រើសយកបេក្ខជន ដែលជាប់ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់គ.ជ.បថ្មីតែម្តង បន្ទាប់ពីធ្វើការផ្គូរផ្គងផ្អែកលើចំនុច៣ គឺទី១កំរិតនៃការអប់រំ ទី២កំរិតបច្ចេកទេស ទី៣ទំនុក ចិត្តរបស់ គ.ជ.ប។

អ្នកនាំពាក្យ គជប លោកហង្ស ពុទ្ឋា មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅព្រឹកថ្ងៃនេះថា យ៉ាងយូរ នៅត្រឹមថ្ងៃទី១៥មករាខាងមុខនេះ គជប នឹងប្រកាសឈ្មោះអ្នកជាប់ក្នុងមុខដំណែង ជាអគ្គលេខាធិការគជប១រូប និងតំណែងជាអគ្គលេខាធិការរងចំនួន៤រូប។

លោកថា៖«ថ្ងៃទី១៥ គ.ជ.បនឹងធ្វើការប្រជុំដើម្បីសម្រេចចុងក្រោយនៅអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលគ.ជ.ប នឹងទទួលស្គាល់ថានឹងក្លាយជាជំនួយការរបស់ខ្លួន គឺយកថ្ងៃ១៥ប្រជុំប៉ុន្តែបើប្រជុំបានសម្រេច គឺប្រកាសថ្ងៃ១៥តែម្តងប៉ុន្តែបើប្រជុំទៅអត់បានសម្រេចគឺនឹងអាចលើកពេលយ៉ាងមេចទៀតក៏អត់ដឹងដែរ។គ.ជ.គ្រោងនឹងធ្វើការផ្គូផ្គងផ្អែកលើចំនុច៣ គឺទី១កំរិតនៃការអប់រំ ទី២កំរិតបច្ចេកទេស ទី៣ទំនុកចិត្តរបស់ គ.ជ.ប ព្រោះថាគ.ជ.ប ត្រូវដាក់បញ្ហាថា បើសិនជាបានអគ្គលេខាធិការ និងអគ្គលេខាធិការរង ជាជំនួយការរបស់ខ្លួនថា បើចង្អុលបង្ហាញទៅតើធ្វើកើតឬអត់នេះជារឿងសំខាន់ ហើយគឺគ.ជ.បទាំង៩នាក់ ពិនិត្យសម្រេចតែម្តងគឺសម្លេង ភាគច្រើនដាច់ខាតគឺ៥០%បូក ១»។

សូមរម្លឹកថា៖ នៅថ្ងៃទី៦ខែមករាឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចេញផ្សាយបញ្ជីឈ្មោះបេក្ខជន១៥នាក់ចុងក្រោយ ដែលបានដាក់ពាក្យសុំធ្វើជាអគ្គលេខាធិការ និងអគ្គលេខា ធិការរង ។ បើយោងតាមបញ្ជីឈ្មោះនោះ មានបេក្ខជន៣រូបប៉ុណ្ណោះដែលត្រូវប្រជែងគ្នាធ្វើជាអគ្គលេខាធិការ គ.ជ.ប ក្នុងនោះរួមមាន ទី១. លោក ហេង មណីចិន្តា ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ទី២. លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចាស់ និងទី៣. លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា។ ចំណែក លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក និងលោកមេធាវី សំ សុខគង់ ដែលល្បីល្បាញ ក្នុងការការពារក្តីឲ្យគណបក្សប្រឆាំង បានស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះបេក្ខជន១២នាក់ ដែលត្រូវប្រជែងយកតំណែង អគ្គលេខាធិការរង គ.ជ.ប៕