លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន​រង​ការ​រិះគន់ថា​មិន​ទប់ស្កាត់​ការរំលោភ​ដី​បឹងត្របែក​

​បើទោះបី​មានការ​ហាមប្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការផ្ទេរ លក់ដូរ ដី​តំបន់​បឹងត្របែក​ក៏ដោយ ក៏​សកម្មភាព​ល្មើសច្បាប់​ខាងលើនេះ​នៅតែ​កើតមាន​ដោយ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹងត្របែក​បានបញ្ជាក់​ថាប​ញ្ហា​ចាក់ដី​រំលោភ​យក​បឹងត្របែក គឺជា​កំហុសឆ្គង​របស់លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ​ផងដែរ ហើយ​បញ្ហា​នេះ​ក៏​ជាការ​ទទួលខុសត្រូវរ​បស់​មន្ត្រី​ចាស់ៗ​មួយចំនួន​ដែល​បាន​ចូលនិវត្តន៍ ឬ​ផ្លាស់​ចេញពី​ខណ្ឌចំការមន និង​សង្កាត់​ផ្សារ​ដើមថ្កូវ​ជាដើម ព្រោះ​បញ្ហា​រំលោភ​យក​ដី​បឹងត្របែក​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ​។​

​អតីតមន្ត្រី​រាជការ​នៅ​ខណ្ឌចំការមន​បាន​រាយការណ៍​ថា ការស្តា​រអាង​ស្តុក​ទឹក​បឹងត្របែក​ត្រូវតែ​ធ្វើការ​អភិវឌ្ឍ​ជាបន្ទាន់ ដូច្នេះ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សហការ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅពេល​ស្តារ និង​ការចុះ​ស្រង់​ទិន្នន័យ​ជាក់ស្តែង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អាង​ស្តុក​ទឹក​បឹងត្របែក​មាន​ទំហំ​២៦​ហិកតា ពេលនេះ​ត្រូវបាន​គេ​រំលោភ នៅសល់​មិន​ដល់​១០​ហិកតា​ផង ដោយ​ប្រជាពលរដ្ឋ​កាន់កាប់​ដោយ​ខុសច្បាប់ និង​សាងសង់​លំនៅដ្ឋាន​មាន​មិនតិចជាង​៣០០​គ្រួសារ​ឡើយ ហើយ​បញ្ហា​បាន​កើតឡើង​តាំងពី​ជំនាន់​លោក កែប ជុតិមា ធ្វើជា​អភិបាល​រាជធានី​។​

​ចំពោះមុខ​បញ្ហា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ថ្មីៗ​នេះ​បាន​ស្តីបន្ទោស​ថ្នាក់ដឹកនាំ​ខណ្ឌចំការមន និង​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណៈដែល​លោក​បាន​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​បឹងត្របែក ហើយ​រក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​សំណង់​មិន​រៀបរយ​ជុំវិញ​អាង​ស្តុក​ទឹក​បឹងត្របែក​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ និង​ដើម្បី​មាន​វិធានការ​ដោះស្រាយ​តាម​គោលការណ៍ ប្រជាពលរដ្ឋ និង​អាជ្ញាធរ រួមគ្នា ស្ថាបនា​ផ្លូវ កសាង​ប្រព័ន្ធ​ប្រឡាយ ដើម្បី​ធ្វើយ៉ាងណា​លែង​ឲ្យ​មានទឹក​លិច​ទីក្រុង​ភ្នំពេញ​ទៀត​។​

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​សង្កត់​ថា តំបន់​បឹងត្របែក អាជ្ញាធរ រាជធានី​ភ្នំពេញ​នឹង​ឲ្យ​ពលរដ្ឋ​ជ្រើស​រើសយក​ជម្រើស​២​យ៉ាង​គឺ​ទី​១-​សាលា​រាជធានី​ភ្នំពេញ​អាច​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ត្រូវ​ទិញ​ដី​នេះ​ពីរ​ដ្ឋ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ និង​ទី​២-​ប្រគល់​ដី​ឲ្យ​រដ្ឋ ហើយ​រដ្ឋ​ប្រគល់​សំណង​គោលនយោបាយ​ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ​។ តែ​ពលរដ្ឋ​រស់នៅ​តំបន់​ជម្លោះ​ខាងលើ​បាន​រិះគន់ថា​ជម្រើស​មួយណា​ក៏​ពលរដ្ឋ​ជា​អ្នករងគ្រោះ​ដែរ ព្រោះ​ដី​តំបន់​ខាងលើ​មាន​មន្ត្រី​ពុករលួយ​ឃុបឃិត​លក់​ឲ្យ​ប្រជាពលរដ្ឋ​យកលុយ​ទៅ​ចាយ​អស់​ទៅហើយ គឺ​តាំងពី​លោក ប៉ា សុជាតិ​វង្ស ធ្វើជា​អភិបាលរង​រាជធានី​ភ្នំពេញ ឥឡូវ​បែរជា​ឲ្យ​ពួកគាត់​ចំណាយលុយ​បន្ថែមទៀត​៕

12509726_457154737820219_5145447594972281281_n 12410561_457154574486902_2756839791250039277_n 12509501_457154721153554_3483071900773914768_n